អ្នកភូមិ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង ធ្វើបាត់ ពាក្យបណ្ដឹង ប្តឹង មន្ត្រី មានអំណាចរឿងរំលោភយកដី
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014
ពលរដ្ឋ ២៤ គ្រួសារ នៅភូមិបឹងកក់ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធនេះ បានប្រមូលផ្តុំគ្នា ទៅវាស់ដីស្រែ របស់ ខ្លួន ដើម្បីដាក់ ពាក្យបណ្តឹង ថ្មីទៀត ជំរុញឲ្យក្រុមហ៊ុន KDCរបស់ លោកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួង រ៉ែ និងថាមពល ប្រគល់ដី ឲ្យពួកគេវិញ។
តំណាងអ្នកភូមិតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោក ស្ងួន ញឿន ប្រាប់VODថា មូលហេតុដែលអ្នកភូមិសម្រុកចុះវាស់ដីនៅពេលនេះ ដោយសារពាក្យបណ្តឹងអ្នកភូមិ ប្តឹងក្រុមហ៊ុនលោកស្រីជា ខេង ពីបទរំលោភយកដីអ្នកភូមិនោះ ត្រូវបានអាជ្ញាធរអះអាងថាបានបាត់។តំណាងអ្នកភូមិរូបនោះឲ្យដឹងទៀតថា ពាក្យបណ្តឹងនោះអ្នកភូមិ៤០គ្រួសារ បានប្តឹងតាំងពីឆ្នាំ២០០៦ ដោយចោទពីបទរំលោភយកដីពលរដ្ឋ១៧០ហិកតា។
ក្រុមហ៊ុនKDCត្រូវបានអ្នកភូមិចោទថា បានរំលោភយកដីអ្នក ភូមិតាជេស ទំហំ១៤៥ហិកតាផ្សេងទៀតដែលធ្វើឲ្យប៉ះពាល់ពលរដ្ឋដល់១០៨គ្រួសារ។
ទោះជាយ៉ាងណា អាជ្ញាធរខេត្ត បានឯកភាពគ្នា បង្កើតគណៈកម្មការមួយ សម្រាប់ដោះស្រាយវិវាទដីធ្លី ដែលអូសបន្លាយច្រើនឆ្នាំនៅតំបន់នេះ។
យ៉ាងណាក៏ដោយ សម្រាប់អ្នកភូមិរងគ្រោះរឿងដីធ្លីនេះ អះអាងថា ពួកគេគ្មានជំនឿលើគណៈកម្មការនេះទេ ដោយសារមន្ត្រីសំខាន់ៗក្នុងគណៈកម្មការនេះ ភាគច្រើន ជាមនុស្សដែលក្រុមហ៊ុនទិញបាន ហើយមន្ត្រីខ្លះទៀត ធ្លាប់ប្រឌិតរឿង ចាប់អ្នកភូមិ ដែលតវ៉ាកន្លងមកដាក់ពន្ធនាគារច្រើនឆ្នាំ៕
No comments:
Post a Comment