ក្រុមការងារគណៈកម្មការចម្រុះគណបក្សទាំងពីរ ធ្វើសន្និសិទ្ធិសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នាពេលកន្លងមក (រូបថត៖ ញឹម សុខន)
ជំនួបចរចា របស់ គណៈកម្មការចម្រុះ គណបក្ស ទាំងពីរ នៅថ្ងៃនេះ មិនទទួលបានលទ្ធផល
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃចន្ទ ទី24 ខែមិនា ឆ្នាំ2014
ជំនួបចរចារបស់ក្រុមការងារគណៈកម្មការចម្រុះគណបក្សទាំងពីរ លើកំណែទម្រង់បោះឆ្នោត ពុំទទួលបានលទ្ធផលជាផ្លែផ្កានោះទេ ដោយសារគណបក្សទាំងពីរខ្វែងគំនិតគ្នា លើរបៀបវារៈពីរចំណុច។
លោក សុន ឆ័យ ប្រធានក្រុមការងារគណៈកម្មការចម្រុះមកពីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍បន្ទាប់ពីជំនួបចរចា នាព្រឹកថ្ងៃចន្ទនេះ នៅព្រឹទ្ធសភាថា ការខ្វែងគំនិតគ្នានេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា បដិសេធចំពោះការទាមទាររបស់គណបក្សសង្គ្រោះជាតិ ដែលស្នើឲ្យដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅជាស្ថាប័ន្ថធម្មនុញ្ញ។ លោកបន្តថា ចំណុចមួយទៀត ដែលខ្វែងគំនិតគ្នានោះ គឺគណបក្សសង្គ្រោះជាតិ ស្នើឲ្យពន្លឿនកិច្ចពិភាក្សាលើការកែទម្រង់ប្រព័ន្ធបោះឆ្នោតនេះ រយៈពេលបីថ្ងៃម្តង ខណៈពេលកន្លងមក ធ្វើរយៈពេលមួយសប្តាហ៍ម្តង។
លោក សុន ឆ័យ យល់ថា ការមិនដាក់ស្ថាប័ន គជប ទៅជាស្ថាប័នធម្មនុញ្ញនោះ នឹងនាំឲ្យការបោះឆ្នោតនាពេលខាងមុខ មិនមានភាពឯករាជ្យ ត្រឹមត្រូវ និងយុត្តិធម៌។
ចំណែក លោក ប៊ិន ឈិន ប្រធានក្រុមការងារគណៈកម្មការចម្រុះគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការរាំងស្ទះនេះ គឺដោយសារ គណបក្សសង្គ្រោះជាតិ ដាក់លក្ខខណ្ឌនៃការចរចាតឹងរឹង ដែលជំរុញឲ្យដាក់ គជប ជាស្ថាប័នធម្មនុញ្ញ។ លោកថា ការទាមទារនេះ មិនអាចធ្វើបាននៅថ្នាក់បច្ចេកទេសទេ គឺតម្រូវឲ្យមានការដោះស្រាយនៅថ្នាក់កំពូល ហើយការធ្វើឲ្យ គជប ឯករាជ្យនោះ នៅមានរូបមន្តជាច្រើនទៀត ពុំមែនមានតែដំណោះស្រាយនេះទេ។
តែទោះជាយ៉ាងណា លោកថា គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចំហ ដើម្បីជួបចរចាជាថ្មីទៀត នៅថ្ងៃទី៣១ ខែមីនា សប្តាហ៍ក្រោយ។
កាលពីសប្តាហ៍មុន លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងប្រាប់បណ្តាញសារព័ត៌មានអូស្ត្រាលីថា បើសិនជាការចរចានៅថ្ងៃចន្ទនេះ ពុំទទួលបានលទ្ធផលទេ នោះ លោកព្រមានថា នឹងដឹកនាំធ្វើមហាបាតុកម្មជាថ្មីទៀត៕
No comments:
Post a Comment