Paris Peace Accords 23 Oct. 1991

Monday, March 24, 2014

ពលរដ្ឋ និង​ព្រះសង្ឃ​ស្រុក​ថ្មបាំង បន្ត​បិទផ្លូវ​ រារាំង​ក្រុមហ៊ុន​ចិន​ ធ្វើ​ទំនប់​វា​រី​អគ្គិសនី​ ឆាយ​អា​រ៉ែ​ង ដើម្បី​ជំរុញ​ រដ្ឋាភិបាល​ លុបចោល​ គម្រោង​អភិវឌ្ឍ​នេះ​​

ពលរដ្ឋ និង​ព្រះសង្ឃ​ស្រុក​ថ្មបាំង បន្ត​បិទផ្លូវ​ រារាំង​ក្រុមហ៊ុន​ចិន​ ធ្វើ​ទំនប់​វា​រី​អគ្គិសនី​ ឆាយ​អា​រ៉ែ​ង ដើម្បី​ជំរុញ​ រដ្ឋាភិបាល​ លុបចោល​ គម្រោង​អភិវឌ្ឍ​នេះ​​


ដោយ៖​ ម៉ៅ ចរិយា​ / វីអូឌី | ថ្ងៃចន្ទ ទី24 ខែមិនា ឆ្នាំ2014

ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ប្រមាណ ១០០​នាក់ និង​អង្គ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ត​បិទផ្លូវ ដើម្បី​រារាំង​ការ​ចូល​ធ្វើការ​របស់​ក​ម្មករ​ចិន​នៅ​ទំនប់​វា​រី​អគ្គិសនី ឆាយ​អា​រ៉ែ​ង ឃុំ​ថ្មបាំង ស្រុក​ថ្មបាំង ខេត្ដ​កោះកុង ដោយសារ​គម្រោង​អភិវឌ្ឍ​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ធម្មជាតិ និង​បាន​ផលចំណេញ​តិចតួច​។
​មន្ត្រី​សម្របសម្រួល​ជម្លោះ​ដីធ្លី​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់​ជិត ប្រាប់ ​VOD នៅ​ព្រឹក​នេះ​ថា ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ឯករាជ្យ​ប្រមាណ ១០០​នាក់ និង​អង្គ កំពុង​បិទផ្លូវ​ដើម្បី​រារាំង​ការ​ចូល​ធ្វើការ​របស់​ក​ម្មករ​ចិន នៅ​ទំនប់ ឆាយ​អា​រ៉ែ​ង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ និង​រាជរដ្ឋាភិបាល​លុបចោល​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ​។​
លិខិត​ចំហ​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ដាក់​ជូន​លោក ហ៊ុន សែន បាន​រកឃើញថា ប្រសិនបើ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ នោះ​ប្រជាជន​ប្រមាណ ៣៨៩ គ្រួសារ (១.៦៤២ នាក់​) និង​ព្រៃឈើ​ប្រហែលជា ២០.០០០ ហិច​តា នឹងរង​ផលប៉ះពាល់​។
ជាងនេះទៅទៀត ថនិកសត្វ ប្រមាណ​ជា ៥៧​ប្រភេទ បក្សី ៩៣​ប្រភេទ ល្មូ​ន ៥៥​ប្រភេទ (​រួម​ទាំង​ក្រពើ​ភ្នំ​) ឧរុង្គ​សត្វ ២៩​ប្រភេទ  និង​ត្រី​៤៣​ប្រភេទ (​រួម​ទាំង​ត្រី​នាគ​) និង​ត្រូវបាន​គំរាមកំហែង​ដោយសារ​ការសាងសង់​ទំនប់​នេះ​។​
​ទំនប់​វា​រី​អគ្គិសនី ឆាយ​អា​រ៉ែ​ង ទទួលបាន​ការវិនិយោគ​ពី​ក្រុមហ៊ុន ឆាយ​ណា ហ្គូ​ដៀន ខូ​ផឺ​រេ​សិន (China Guodian Corporation) ដែល​ត្រូវបាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១០ បន្ទាប់ពី​ការដក​ខ្លួន​ចេញ​របស់​ក្រុមហ៊ុន ឆាយ​ណា សាវ​ដិន ផា​វឺ​គ្រីត ដោយសារ​តែ​គម្រោង​អាច​នឹង​បង្ក​ឲ្យមាន​ផលប៉ះពាល់​បរិស្ថាន​ខ្លាំង​។
ទំនប់​នេះ​ជា​គម្រោង សាងសង់ ប្រតិបត្តិ និង ផ្ទេរ (BOT) ដែល​នឹង​ត្រូវការ​ពេល បួន​ឆ្នាំ​កន្លះ​ដើម្បី​សាងសង់ និង​មាន​កម្រិត​សមត្ថភាព ១០៨ មេហ្កា​វ៉ាត់ ដោយ​ចំណាយ​ទឹកប្រាក់​សរុប ៣២៧ លាន ដុល្លារ​សហរដ្ឋអាមេរិក​។​
សង្គម​ស៊ីវិល ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​នូវ​ទំនៀមទម្លាប់ ប្រពៃណី និង​ការប្រតិបត្តិ​ប្រចាំថ្ងៃ​របស់​បងប្អូន​ជនជាតិដើម "​ជ​ង​" ដូចជា ចំការ​វិលជុំ ព្រៃ​អារក្ស ផ្នូរ​បុព្វបុរស លំនៅដ្ឋាន និង​ព្រៃឈើ​ដែល​ជា​កន្លែង​ទទួល​អនុផល​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​
តំបន់​ដែល​គ្រោង​នឹង​សាងសង់​ទំនប់ គឺជា​តំបន់​ដែល​មាន​សក្តានុពល​ផ្នែក​ធម្មជាតិ​កម្រ​មួយ បន្ទាប់​ពី​ព្រៃ​អា​ម៉ា​ហ្សូ​ន Amazon ដែល​មិន​អាច​រកបាន​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ី​ភាគ អាគ្នេយ៍​។​
​តាម​សង្គម​ស៊ីវិល គឺ​ស្នើ​សុំឲ្យ​លោក នាយករដ្ឋមន្ត្រី ពិចារណា​ក្នុង​ការដាក់​តំបន់​នេះ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ជនជាតិដើម​ភាគតិច​បានរស់នៅ​ពឹង​លើ​សម្បត្តិ​ធម្មជាតិ​នេះ និង​សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគាត់​៕




No comments:

Post a Comment