អ្នកឯកទេសសេដ្ឋកិច្ចពាណិជ្ជកម្មថ្នាក់ខ្ពស់របស់ធនាគារពិភពលោក ប្រចាំកម្ពុជា លោក ជូលៀន ក្លឺក (Julian Clarke) បង្ហាញរបាយការណ៍ស្ដីពីសន្ទស្សន៍វិស័យដឹកជញ្ជូន និងការលើកដាក់ទំនិញ នៅតំបន់មហាអនុទន្លេមេគង្គ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤។
ធនាគារ ពិភពលោក៖ ភាពងាយស្រួល ធ្វើអាជីវកម្ម នៅកម្ពុជា មានសញ្ញា កាន់តែ អាក្រក់
ដោយ អាន ស៊ីថាវ / អាស៊ីសេរី | ២៦ មីនា ២០១៤
ធនាគារពិភពលោក ប្រចាំកម្ពុជា បានអះអាងថា វិស័យដឹកជញ្ជូន និងការលើកដាក់ទំនិញមានភាពរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន។ ការរីកចម្រើននេះ បានគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម ការបង្កើតការងារ ការនាំចេញ និងចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិ។ ផ្ទុយទៅវិញ ស្ថាប័ននេះដដែលបានរកឃើញថា ភាពងាយស្រួលធ្វើអាជីវកម្មនៅកម្ពុជា វិញ មានសញ្ញាកាន់តែអាក្រក់ទៅ បើប្រៀបធៀបជាងឆ្នាំ២០១៣។
ធនាគារពិភពលោក នៅតំបន់មហាអនុទន្លេមេគង្គ បានចេញរបាយការណ៍បញ្ជាក់ពីសន្ទស្សន៍វិស័យដឹកជញ្ជូន និងការលើកដាក់ទំនិញដែលបានរកឃើញថា ប្រទេសនៅក្នុងតំបន់នេះមានភាពរីកចម្រើនលើផ្នែកលើកដាក់ទំនិញ និងសេវាកម្មផ្សេងទៀតដែលបម្រើឲ្យការនាំចេញ និងការនាំចូលនៅក្នុងប្រទេសនីមួយៗ។
បន្ថែមលើនេះ អ្នកឯកទេសសេដ្ឋកិច្ចពាណិជ្ជកម្មថ្នាក់ខ្ពស់របស់ធនាគារពិភពលោក ប្រចាំកម្ពុជា លោក ជូលៀន ក្លឺក (Julian Clarke) បានអះអាងស្របពេលចេញរបាយការណ៍នោះនាថ្ងៃទី២៦ មីនា ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមានភាពរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន ក្នុងនោះរួមមានភាពងាយស្រួលនៃការលើកទំនិញនាំចេញ ក៏មានសញ្ញាល្អ និងទាន់ពេលវេលា ដែលកត្តានេះនាំឲ្យការនាំចេញរបស់កម្ពុជា បានកើនឡើង ៤០% នៅក្នុងឆ្នាំ២០១៤៖ «ក្នុងចំណោមប្រទេសក្រីក្រនានា យើងឃើញថា កម្ពុជា មានសន្ទស្សន៍លើផ្នែកដឹកជញ្ជូនប្រសើរជាងគេ។ កម្ពុជា ជាប្រទេសស្ថិតនៅលំដាប់លេខបួន ក្នុងចំណោមប្រទេសក្រីក្រនៅលើពិភពលោក និងស្ថិតនៅលំដាប់ល្អបំផុតនៅតំបន់អាស៊ី»។
របាយការណ៍របស់ធនាគារពិភពលោក ប្រចាំឆ្នាំ២០១៤ បានគណនាសន្ទស្សន៍សកម្មភាពដឹកជញ្ជូនកម្ពុជា បានកើនឡើងស្ថិតនៅលំដាប់លេខ៨៣ ក្នុងចំណោមប្រទេសចំនួន១៦០ ដែលបានអង្កេតនៅលើពិភពលោក។ ភាពប្រសើរឡើងនេះ បានរំកិលលំដាប់ថ្នាក់កម្ពុជា ចំនួន ៤៦លេខ មានន័យថា សន្ទស្សន៍កាលពីបួនឆ្នាំមុន កម្ពុជា មានលេខ១២៩។
របាយការណ៍ដដែលបានពន្យល់ថា រយៈពេលត្រួតពិនិត្យទំនិញរបស់ស្ថាប័នគយនៅតាមព្រំដែនបានថយមកត្រឹមជាងមួយថ្ងៃប៉ុណ្ណោះនាពេលបច្ចុប្បន្ន ដែលនៅឆ្នាំ២០១០ ត្រូវការរយៈពេល ៦ថ្ងៃ។ រីឯការត្រួតពិនិត្យទំនិញនាំចេញ បានថយចុះប្រមាណពីរដងមកត្រឹម ១៧% បើធៀបនឹងបួនឆ្នាំមុន។
ប្រធានធនាគារពិភពលោក ប្រចាំប្រទេសមហាអនុតំបន់ទន្លេមេគង្គ លោក អ៊ុលរិច ហ្សាចៅ បានអះអាងទៀតថា សន្ទស្សន៍ល្អនេះនឹងជួយជំរុញឲ្យកសិករ ឬអ្នកផលិតបញ្ជូនទំនិញទៅកាន់ទីផ្សារកាន់តែងាយស្រួល និងមានប្រសិទ្ធភាព ដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយបញ្ហានានាសម្រាប់អ្នកនាំចេញកម្ពុជា ចូលរួមធ្វើសមាហរណកម្មនៅក្នុងសង្វាក់ផ្គត់ផ្គង់ទំនិញនៅក្នុងតំបន់។
កម្ពុជា ជាប្រទេសដែលសេដ្ឋកិច្ចពឹងលើការនាំចេញ មានន័យថា ការនាំចេញកាន់តែច្រើន សេដ្ឋកិច្ច និងចំណូលជាតិ នឹងមានកំណើនកាន់តែខ្ពស់ បង្កើតការងារកាន់តែច្រើន និងការកាត់បន្ថយភាពក្រីក្រ។
ប៉ុន្តែ វិស័យឯកជនវិញបានអះអាងផ្ទុយពីរបាយការណ៍របស់ធនាគារពិភពលោក ដែលបានរកឃើញនេះ។
សហប្រធានក្រុមការងារវិស័យឯកជនផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ លោកឧកញ៉ា សូ ងួន បានលើកឡើងកាលពីដើមខែមីនា ឆ្នាំ២០១៤ ថា បច្ចុប្បន្ននៅមាត់ច្រកក្រុងបាវិត មានភាពខ្វះខាតម៉ាស៊ីនស្កេន មានន័យថា នៅការិយាល័យគយ និងរដ្ឋាករបាវិត មានម៉ាស៊ីនស្កេនតែមួយ ដែលតម្រូវឲ្យរថយន្តដឹកទំនិញត្រូវតម្រង់ជួររង់ចាំ ដែលបង្កឲ្យមានផលប៉ះពាល់ដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម។
លោកឧកញ៉ា សូ ងួន បានអះអាងថា រដ្ឋាភិបាលត្រូវអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវជាតិលេខ១ និងលេខ៥ ដែលជាផ្លូវជាតិសំខាន់សម្រាប់ប្រព័ន្ធផ្លូវអាស៊ាន។ ម៉្យាងវិញទៀត ផ្នែកដឹកជញ្ជូនត្រូវការជំនួយពីរាជរដ្ឋាភិបាលបន្ថែមទៀត ដើម្បីពង្រឹងការងារដឹកជញ្ជូនដើម្បីប្រកួតប្រជែងរវាងប្រទេសនៅតំបន់អាស៊ាន ជាពិសេសការផ្ដល់ហិរញ្ញប្បទានត្រង់អត្រាការប្រាក់ទាប។
បន្ថែមលើនេះ អគ្គនាយករងកំពង់ផែស្វយ័តព្រះសីហនុ លោក ម៉ា ស៊ុនហួត បានអះអាងថា ម៉ាស៊ីនស្កេនទំនិញចេញចូលនៅក្នុងកំពង់ផែមានចំនួនបី ប៉ុន្តែពេលខ្លះក៏បានបង្កឲ្យមានការកកស្ទះដែរ។ ការកកស្ទះនោះ ដោយសារតែអ្នកនាំចេញទំនិញកម្ពុជា សម្រុកចេញទៅនៅថ្ងៃតែមួយ ស្របពេលដែលទំនិញពីប្រទេសផ្សេងកំពុងនាំចូលមកកម្ពុជា តាមរយៈផែព្រះសីហនុ៖ «ជួនកាលថ្ងៃសុក្រ ឬថ្ងៃសៅរ៍ មានចំនួន ៣០០កុងតឺន័រ។ ធម្មតាដូចខ្ញុំជម្រាបថា ដូចជាឡើងកប៉ាល់ហោះអ៊ីចឹង ដល់ពេលឡើងយើងត្រូវតកឺគ្នា។ បើយើងធម្មតាអត់មានមួយម៉ោងឡើងរួចទេ។ ដល់អ៊ីចឹងត្រូវមានការតកឺគ្នាតិចតួចតកន្ទុយគ្នា»។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម។ ការអភិវឌ្ឍនោះ ទាមទារការចូលរួមពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ពីធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងជំនួយពីប្រទេសអភិវឌ្ឍន៍នានា ជាដើម។
ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជា បានទទួលជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពីប្រទេសចិន និងប្រទេសជប៉ុន រាប់ពាន់លានដុល្លារអាមេរិកនាពេលបច្ចុប្បន្ន។ ក្រៅពីនេះ ធនាគារពិភពលោក បានបញ្ចេញទឹកប្រាក់ប្រមាណ ៦ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៣ ដើម្បីអភិវឌ្ឍកិច្ចសម្រួលពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញនាំចេញដល់ប្រទេសក្រីក្រនៅលើពិភពលោក។
របាយការណ៍សន្ទស្សន៍ដឹកជញ្ជូនរបស់ធនាគារពិភពលោក ប្រចាំឆ្នាំ២០១៤ បានបញ្ជាក់ថា ភាពរីកចម្រើននៃសន្ទស្សន៍នៃការដឹកជញ្ជូន គឺបង្ហាញថា សកម្មភាពវិនិយោគ ឬការបង្កើតអាជីវកម្មនៅប្រទេសនោះមានភាពប្រសើរឡើងជាងមុន។ បច្ចុប្បន្ន ក្នុងចំណោមប្រទេសអាស៊ានទាំង១០ សន្ទស្សន៍ដឹកជញ្ជូនរបស់កម្ពុជា មានកម្រិតខ្ពស់ជាងតែប្រទេសឡាវ និងភូមា តែប៉ុណ្ណោះ។
ស្របពេលដែលធនាគារពិភពលោក បានបង្ហាញអំពីសន្ទស្សន៍ដឹកជញ្ជូនទំនិញកម្ពុជា បានកើនឡើងខ្ពស់នៅឆ្នាំ២០១៤ ប៉ុន្តែការរកឃើញរបស់ស្ថាប័នដដែលនេះ បានបញ្ជាក់ថា ភាពងាយស្រួលនៃការធ្វើអាជីវកម្មវិញ មានស្ថានភាពកាន់តែអាក្រក់ជាងមុន៕
No comments:
Post a Comment