Paris Peace Accords 23 Oct. 1991

Thursday, March 27, 2014

​មន្ត្រី​ CNRP៖ សភា​ សហភាព​អឺរ៉ុប គាំទ្រ ​ការបោះឆ្នោត ​ឡើង​វិញ​ នៅ​កម្ពុជា

ស្នាក់ការ សហភាពអឹរ៉ុប នៅរាជធានីភ្នំពេញ (រូបថត៖ តាត ឧត្តម)

​មន្ត្រី​ CNRP៖ សភា​ សហភាព​អឺរ៉ុប គាំទ្រ ​ការបោះឆ្នោត ​ឡើង​វិញ​ នៅ​កម្ពុជា​​


ដោយ៖​ ឡាយ សាមាន​ / វីអូឌី | ថ្ងៃពុធ ទី26 ខែមិនា ឆ្នាំ2014

មន្ត្រី ​គណបក្ស ​សង្គ្រោះ​ជាតិ ឲ្យដឹងថា គណៈប្រតិភូ​ សភា​ សហភាព​អឺរ៉ុប គាំទ្រ ​គោលជំហរ​របស់​ គណបក្ស ដែល​ទាមទារ ​ឲ្យមាន​ការបោះឆ្នោត​ឡើង​វិញ មុ​ន​អាណត្តិ និង​សន្យា ​ធានា​ឲ្យ​កម្ពុជា មាន​ការគោរព​សិទ្ធិមនុស្ស​។​
ការប្រកាស​គាំទ្រ​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​រយៈពេល​ជិត​មួយ​ម៉ោង រវាង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ចំនួន​៧​នាក់ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​។​
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​កិច្ចពិភាក្សា លោកស្រី មូរ សុខ​ហួរ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ថា សហភាព​អឺរ៉ុប បាន​គាំទ្រ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ ដោយ​សេរី និង​យុត្តិធម៌។ លោកស្រី បន្តថា ក្នុង​ជំនួប​លើក​នេះ សហភាព​អឺរ៉ុប ក៏​បាន​គាំទ្រ​ឲ្យមាន​ការស៊ើបអង្កេ​ត​លើ​ករណី​ស្ករអំពៅ  ឬ​ហៅ​ថា​ស្ករ​លោហិត និង​ពិចារណា​ឡើងវិញ​ពី​ការនាំ​ចូល​ស្ករអំពៅ​ទៅ​សហភាព​អឺរ៉ុប​។
VOD មិនទាន់​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ ​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នៅឡើយ​ទេ​។​
លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មាធិកា​ប្រព្រឹត្តិកម្ម លោក សួន ប៊ុនស័ក្ត យល់ថា ការគាំទ្រ​នេះ បញ្ជាក់​ពី​ការដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា​តា​មរយៈ​ការទូត ឬ​តាមរយៈ​រូបភាព​ផ្សេងៗ ដូច​ជា​ការ​កាត់​ជំនួយ​។ លោក បន្តថា ទោះបី​មាន​ការដាក់​សម្ពាធ​ពី​សហភាព​អឺរ៉ុប​យ៉ាងណាក៏ដោយ មាន​តែ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ អាច​ចេញ​មុខ​ដោះស្រាយ​បញ្ហា​នេះ ដែល​អាច​ដោះស្រាយ​ភាពជាប់គាំង​នយោបាយ​។
កាលពី​ថ្ងៃ​ទី​១៨​ ខែ​មីនា ស្នងការ​ពាណិជ្ជកម្ម​ស​ហ​ភាព​អឺរ៉ុប លោក Karel de Gucht បានលើកឡើង​ពី​ការព្រួយបារម្ភ​លើ​បញ្ហា​ដី​សម្បទាន​ចម្ការ​ស្ករអំពៅ និង​បញ្ហា​ការធ្វើ​បាតុកម្ម​របស់​ក​ម្មករ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង ពាណិជ្ជកម្ម​លោក ស៊ុន ចាន់ថុល​។​
ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប បាន​កើនឡើង​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ សព្វាវុធ​។​ ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ទៅ​សហភាព កើនឡើង​៣០​ភាគរយ គឺ​មាន​តម្លៃ​៣៣០០​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៣ ជាពិសេស​ផលិតផល​សម្លៀកបំពាក់ បន្ទាប់​មក​ស្បែកជើង កង់ និង​អង្ករ​។​ ការនាំ​ចេញ​ស្ករស មាន​ត្រឹមតែ​១.៦​ភាគរយ​នៃ​ការនាំ​ចេញ​នោះ  ដែល​ចំនួន​នេះ​ឡើង​ជាង​បី​ដង​ដល់​ទៅ​៥៣​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០១៣៕




No comments:

Post a Comment