មេដឹកនាំ បក្សប្រឆាំង ទុកឱកាស ឲ្យបក្សប្រជាជន កែទម្រង់ បោះឆ្នោត មុននឹងឈប់ចរចា
ដោយ ដែន អយុធ្យា និង វោហារ ជាតិ / RFA | 18 March 2014
មេដឹកនាំ គណបក្ស សង្គ្រោះជាតិ បានប្រកាស ទុកពេល ជូនថ្នាក់ដឹកនាំ គណបក្ស ប្រជាជនកម្ពុជា ក្នុងការធ្វើកំណែទម្រង់ ការបោះឆ្នោត មុននឹងសម្រេច ផ្អាកជំនួបចរចា នៅពេលខាងមុខ។
លោក កឹម សុខា ប្រធានស្ដីទី គណបក្ស សង្គ្រោះជាតិ បានឲ្យដឹង នៅថ្ងៃអង្គារ ទី១៨ ខែមីនា ថា, បើ គណបក្ស ប្រជាជនកម្ពុជា ពិតជាមានឆន្ទៈ ពិតប្រាកដ ធ្វើការកែទម្រង់ ការបោះឆ្នោត ជំនួបចរចា នឹងនៅបន្ត កើតមាន នៅថ្ងៃ អនាគត។ ប៉ុន្តែ គ្មានឆន្ទៈ កែទម្រង់ ការបោះឆ្នោត ពិតប្រាកដទេ ជំនួបចរចា អាចនឹងត្រូវផ្អាក។
លោក កឹម សុខា បន្ថែម៖ «វា មិនមាន រឿងអី ប្លែកទេ, គណបក្ស ប្រជាជនកម្ពុជា គាត់ បានប្រើល្បិច អូសបន្លាយពេល។ ប៉ុន្តែ យើង ក៏ត្រូវតែរុញ ឲ្យគណបក្ស ប្រជាជនកម្ពុជា, តើ គាត់ អាចឈានហ៊ាន ទៅកែទម្រង់ គ.ជ.ប. កម្រិតណា? ពីព្រោះ យើង ចង់ដេញជើងគាត់ ឲ្យអស់ ថា, តើ គាត់ ហ៊ានកែទម្រង់ គ.ជ.ប. កម្រិតណា? អ៊ីចឹងហើយ បានជាយើង សុខចិត្តយកឲ្យអស់ ដាក់ប្រធានបទ ទាំងអស់គ្នា បាន ១៤ចំណុច។ ហើយ ដល់ប្រជុំលើកក្រោយ យើង ដាក់អំពីការកែទម្រង់ ការបោះឆ្នោត។ ក្នុងចំណោម ១៤ យើង ស្រង់យក ការកែទម្រង់ គណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោតហ្នឹង។ ដល់ពេលហ្នឹង យកមកជជែក តើ គាត់ ហ៊ានអត់ ដល់ពេលហ្នឹង បានយើង ដឹងច្បាស់ អំពីល្បិចកល របស់គាត់។»
ស្របពេលគ្នានេះដែរ ប្រធានបក្សសង្គ្រោះជាតិ ក៏បានព្រមាន ឈប់ចរចា ជាមួយ បក្សប្រជាជនដែរ។
ក្នុងពេលកំពុងធ្វើដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលី (Australia) មេបក្សប្រឆាំង លោក សម រង្ស៊ី បានព្រមានថា នឹងផ្អាកចរចា ប្រសិនបើការចរចានៅសប្ដាហ៍ក្រោយពុំមានលទ្ធផលអ្វីទេនោះ។
ក្នុងបទសម្ភាសន៍ដែលលោក សម រង្ស៊ី បានផ្ដល់ឲ្យវិទ្យុអូស្ត្រាលី នៅព្រឹកថ្ងៃទី១៨ មីនា បានព្រមានភាគីគណបក្សប្រជាជនកម្ពុជាថា៖ «យើង ត្រូវតែផ្ញើសារមួយច្បាស់លាស់ទៅកាន់អតីតអ្នកដឹកនាំបក្ស កុម្មុយនិស្ត។ យើងត្រូវតែប្រាប់ពួកគេថា នៅសប្ដាហ៍ក្រោយនេះ ប្រសិនបើ (ការចរចា) មិនអាចរកឃើញផលប្រយោជន៍សំខាន់ណាមួយទេ យើងនឹងចាប់ផ្ដើមធ្វើបាតុកម្ម ហើយប្រកាសបរិហារជាឱឡារិកចំពោះបក្សកាន់អំណាចដែលមិនមានឆន្ទៈពិត ប្រាកដ។»
កាលពីថ្ងៃច័ន្ទ ទី១៧ ខែមីនា ជំនួបចរចារវាងមន្ត្រីការងារគណៈកម្មការចម្រុះរបស់បក្សទាំងពីរ បានឯកភាពគ្នាលើប្រធានបទចំនួន ១៤ ទាក់ទងការធ្វើកំណែទម្រង់ការបោះឆ្នោត។
ប្រធានក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានថ្លែងថា ជំនួបចរចាលើកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សទាំងពីរ នឹបន្តជួបគ្នានៅថ្ងៃច័ន្ទ ទី២៤ ខែមីនា ជាបន្តទៀត។
បន្ថែមលើនេះ លោកថា ក្រុមការងារគណបក្សទាំងពីរ ក៏នឹងត្រៀមធ្វើសិក្ខាសាលា ឬវេទិកាសាធារណៈ ដើម្បីប្រមូលមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន និងពិភាក្សាលំអិតលើប្រធានបទដែលបានព្រមព្រៀងគ្នាលើកំណែទម្រង់ ការបោះឆ្នោត កាលពីថ្ងៃទី១៧ ខែមីនា៕
No comments:
Post a Comment