Paris Peace Accords 23 Oct. 1991

Wednesday, March 19, 2014

កម្មករ​រោងចក្រ​ សាន់យ័ន​ នា​ខេត្ត​កំពង់ស្ពឺ ​ធ្វើ​បាតុកម្ម ​ទាមទារ​ លក្ខខណ្ឌ​ការងារ​ ១០​ចំណុច

កម្មករ​រោងចក្រ​ សាន់យ័ន​ នា​ខេត្ត​កំពង់ស្ពឺ ​ធ្វើ​បាតុកម្ម ​ទាមទារ​ លក្ខខណ្ឌ​ការងារ​ ១០​ចំណុច

ដោយ ទេព សុរ៉ាវី / RFA | 18 March 2014

កម្មករ​កាត់​ដេរ​ ជាង៤០០​នាក់ ក្នុង​ចំណោម ​កម្មករ​ សរុប ​ជាង៦០០​នាក់ នៅ​រោងចក្រ សាន់ យ័ន (San Yuon) ស្ថិត​នៅ​ភូមិ​ ក្រាំងពលទេព សង្កាត់​រកាធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ធ្វើ​បាតុកម្ម ​នៅ​មុខ​រោងចក្រ​ កាល​ពី​ព្រឹក​ថ្ងៃ​ ទី​១៨ ខែ​មីនា ដើម្បី​ ទាមទារ​ លក្ខខណ្ឌ​ការងារ​ ចំនួន ១០​ចំណុច។


មន្ត្រី​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ស្ពឺ បាន​កោះ​ហៅ​តំណាង​កម្មករ និង​ថៅកែ​រោងចក្រ​ប្រជុំ​បន្ទាន់​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ដើម្បី​រក​ដំណោះស្រាយ បន្ទាប់​ពី​កម្មករ​ជាង ៤០០​នាក់ ធ្វើ​បាតុកម្ម​នៅ​មុខ​រោងចក្រ សាន់ យ័ន។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​ប្រចាំ​រោងចក្រ សាន់ យ័ន លោក ខុន ផល្លា ឲ្យ​ដឹង​ថា គោល​បំណង​ដែល​កម្មករ​មិន​ធ្វើ​ការ និង​ចេញ​មក​បាតុកម្ម​នៅ​មុខ​រោងចក្រ​នោះ ដើម្បី​ទាមទារ​លក្ខខណ្ឌ ១០​ចំណុច រួម​មាន​សុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​តំណាង​កម្មករ គឺ​លោក តុន ស៊ីតាក់ ដែល​ក្រុមហ៊ុន​បញ្ឈប់​កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​ចូល​ធ្វើ​ការ​វិញ ស្នើសុំ​ឲ្យ​កម្មការិនី​មាន​ផ្ទៃ​ពោះ​មាន​សិទ្ធិ​ឈប់​សម្រាក​ការងារ ១​ថ្ងៃ​ក្នុង​មួយ​ខែ ដើម្បី​ពិនិត្យ​សុខភាព ដោយ​មិន​ត្រូវ​កាត់​ប្រាក់​ប្រចាំ​ថ្ងៃ សុំ​ឲ្យ​ពេទ្យ​នៅ​កន្លែង​ការងារ​មាន​ថ្នាំ​គ្រប់គ្រាន់ និង​សុំ​ឲ្យ​រាល់​ការ​បញ្ឈប់​កិច្ច​សន្យា​ការងារ​ជាមួយ​កម្មករ ត្រូវ​មាន​ហេតុផល ជាដើម។

លោក​បញ្ជាក់​ថា ការ​បញ្ឈប់​តំណាង​កម្មករ លោក តុន ស៊ីតាក់ ពី​ការងារ ធ្វើ​ឡើង​ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់៖ «ក្រុមហ៊ុន ​បញ្ជាក់​មួយ​ទៀត​ថា ក្រុមហ៊ុន​អត់​មាន​ការងារ​ធ្វើ ខាង​ខ្ញុំ​ថា​បើ​អត់​ការងារ​ធ្វើ ហេតុ​អ្វី​បញ្ឈប់​តែ​គេ​មួយ បញ្ឈប់​គេ​ទាំងអស់​គ្នា​ទៅ អ៊ីចឹង​មាន​ន័យ​ថា ហេតុ​ដែល​ក្រុមហ៊ុន​ពាក់ព័ន្ធ​ទៅ​នឹង តុន ស៊ីតាក់ គាត់​ជា​ថ្នាក់​ដឹក​នាំ​សហជីព​នៅ​ក្នុង​រោងចក្រ។»

ទាក់ទង​បញ្ហា​នេះ តំណាង​រោងចក្រ សាន់ យ័ន មាន​ប្រសាសន៍​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រុមហ៊ុន​ពិត​ជា​បាន​បញ្ឈប់​ឈ្មោះ តុន ស៊ីតាក់ មែន ដោយសារ​តែ​បុគ្គលិក​រូប​នេះ​ខ្វះ​សមត្ថភាព​ធ្វើ​ការ។ ម្យ៉ាង ការ​បញ្ឈប់​នោះ​មិន​ខុស​ច្បាប់​ទេ ដោយសារ​តែ​ឈ្មោះ តុន ស៊ីតាក់ ជា​បុគ្គលិក​កិច្ច​សន្យា​សាកល្បង​រយៈពេល ២​ខែ ហើយ​កុងត្រា​ដល់​ថ្ងៃ​បញ្ចប់​កាល​ពី​ចុង​សប្ដាហ៍៖ «ក្នុង​ខែ​មីនា ហ្នឹង​មិន​មែន​មាន​តែ​គាត់​មួយ​ទេ ដែល​កិច្ច​សន្យា​សាកល្បង​ត្រូវ​បញ្ចប់ វា​មាន​ដល់​ទៅ ៦២​នាក់​ក្នុង​ចំណោម​នោះ យើង​បញ្ចប់​តែ ២​នាក់​ទេ។»

ប្រធាន​ការិយាល័យ​ការងារ​នៃ​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ លោក ចឹក បូរិន ឲ្យ​ដឹង​ថា ខាង​មន្ទីរ​បាន​ហៅ​ភាគី​ជម្លោះ​ទាំង​ពីរ​ទៅ​ចរចា​គ្នា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មីនា តែ​ភាគី​ទាំង​ពីរ​នៅ​មិន​ទាន់​សះ​ជា​គ្នា​នៅ​ឡើយ ដោយ​ភាគី​ក្រុមហ៊ុន​យល់​ព្រម​ទទួល ៩​ចំណុច​ដែល​កម្មករ​ទាមទារ លើក​លែង​តែ​ការ​ស្នើសុំ​ឲ្យ​ឈ្មោះ តុន ស៊ីតាក់ ចូល​ធ្វើ​ការ​វិញ៖ «ការ​ ចរចា​យើង​បាន​សះ​ជា​ចំនួន ១០​ចំណុច​ហើយ យើង​ឯកភាព​គ្នា​ហើយ។ ដល់​ពេល​នាយក​ក្រុមហ៊ុន​មក​ដល់​កន្លែង យើង​ផ្សះផ្សា និង​ពេល​អ្នក​បកប្រែ​គាត់​បកប្រែ​ចប់ គាត់​អត់​ឯកភាព ហើយ​ដើរ​ចេញ​ពី​តុ​ចរចា​តែ​ម្តង។»

លោក ចឹក បូរិន បញ្ជាក់​ថា លោក​កំពុង​រៀប​ចំ​ឯកសារ​ពាក់ព័ន្ធ​នឹង​វិវាទ​នេះ បញ្ជូន​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ដោះស្រាយ នៅ​ថ្ងៃ​ទី​១៩ មីនា បន្ទាប់​ពី​ខាង​មន្ទីរ​ការងារ​មិន​អាច​សម្រប​សម្រួល​ភាគី​ជម្លោះ​ទាំង​ពីរ។

ប្រធាន​សម្ព័ន្ធ​សហជីព​បញ្ជាក់​ថា កម្មករ​នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​រោងចក្រ​ទៀត រហូត​ខាង​ក្រុមហ៊ុន​ព្រម​ទទួល​យក​តំណាង​កម្មករ​ឲ្យ​ចូល​ធ្វើ​ការ​វិញ៕




No comments:

Post a Comment