Paris Peace Accords 23 Oct. 1991

Wednesday, March 5, 2014

តំណាង​ថៅកែ ​រោងចក្រ​កាត់ដេរ ​ជំរុញ​ ឲ្យ​រដ្ឋាភិបាល រឹត​បន្តឹង ​សេរីភាព​ សហជីព​កម្មករ

តំណាង​ថៅកែ ​រោងចក្រ​កាត់ដេរ ​ជំរុញ​ ឲ្យ​រដ្ឋាភិបាល រឹត​បន្តឹង ​សេរីភាព​ សហជីព​កម្មករ
លោក ជា មុនី ប្រធាន​​សហជីព​​សេរី​កម្មករ​កម្ពុជា។
លោក ជា មុនី ប្រធាន​​សហជីព​​សេរី​កម្មករ​កម្ពុជា។
© ស៊ីវ​ ចាន់ណា

RFI | ៤ មីនា ២០១៤

ក្នុង​វេទិកា​ [unconstitutional] រាជ​រដ្ឋាភិបាល និង​វិស័យ​ ឯកជន លើក ​ទី១៧ នា​ព្រឹក​ថ្ងៃ ​ទី៤ ​មីនា​នេះ, តំណាង ​ថៅកែ​រោងចក្រ​ កាត់ដេរ បាន​ជំរុញ​ ឲ្យ​រដ្ឋា​ភិបាល រឹត​បន្តឹង​ សេរីភាព ​ក្នុង​ការបង្កើត​ សហជីព តាម​រោងចក្រ​ សហគ្រាស តាមរយៈ​ ការបង្កើត​ច្បាប់​ សហជីព និង​តុលាការ ​ការងារ ឲ្យ​បាន​ឆាប់។  តំណាង ​ថៅកែ​រោងចក្រ ក៏​​បាន​​ប្រកាស ​ថា, សហជីព​កម្មករ និង​សមាគម ចំនួន ៦រូប កំពុង​ជាប់​បណ្តឹង ចំនួន២៨ នៅ​តុលាការ អំឡុងពេល​ ដឹកនាំ​កម្មករ ​ធ្វើ​បាតុកម្ម​ កន្លង​មក។

សេចក្ដីរាយការណ៍ របស់​ លី ម៉េងហួរ
តំណាង ​ក្រុមហ៊ុន​ ថៅកែ​រោងចក្រ​ កាត់ដេរ បានប្រកាស ថា, សព្វថ្ងៃនេះ មាន​បណ្តឹង​ចំនួន ២៨ បណ្តឹង កំពុង​ស្ថិត នៅ​តុលាការ​ សាលាដំបូង ​រាជធានី ​ភ្នំពេញ ប្រឆាំង នឹង​មេដឹកនាំ​ សហជីព​ កម្មករ ដែលមាន​ លោក អាត់ ធន់, លោក​ជា​ មុនី, លោក​ ប៉ាវ​ ស៊ីណា, លោកស្រី​ ម៉ម​ ញឹម និង​លោកស្រី យ៉ាង​សុ​ភ័​ណ្ឌ, រួមទាំង​ លោក រ៉ុង​ឈុន, ប្រធាន​ សមាគម ​គ្រូបង្រៀន ​ឯករាជ្យ។  មេដឹកនាំ​ សហជីព​កម្មករ និង​សមាគម​ទាំង ៦រូប ត្រូវ បាន​តំណាង ​ថៅកែ​រោងចក្រ អះអាង ថា, ជា​អ្នក ​ញុះ​ញ៉ុ​ង និង​ដឹកនាំ​ កម្មករ​រោងចក្រ ​កាត់ដេរ ធ្វើបាតុកម្ម កាលពី​ថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ២០១៣ ដល់​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤។


ជា​បាតុកម្ម ដែល​លោក ណា​ង សុធី តំណាង​ក្រុមការងារ​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ អះអាងថា ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រោងចក្រ​កាត់ដេរ ៧៥ លាន​ដុល្លារ​អាមេរិក ដោយ​គ្មាន​អ្នក​ទទួល​ខុសត្រូវ។ ក្នុង​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន លើក​ទី១៧ និង​ចំពោះមុខ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ លោក ណា​ង សុធី  បានស្នើ​យ៉ាងទទូច​ដល់​រដ្ឋាភិបាល ឲ្យ​រឹតបន្តឹង​លើ​សេរីភាព​ក្នុងការ​បង្កើត​សហជីព​កម្មករ នៅតាម​រោងចក្រ​សហគ្រាស ព្រមទាំង​ជំរុញ​ឲ្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការស៊ើប​អង្កេត​លើ​បណ្តឹង ប្រឆាំង​មេដឹកនាំ​សហជីព​ទាំង ៥ និង​សមាគម​មួយ ពាក់ព័ន្ធ​នឹង​បាតុកម្ម​កន្លងមក។

តំណាង​វិស័យ​ឯកជន ដែល​ធ្វើការ​ខាង​រោងចក្រ​កាត់ដេរ ក៏បាន​ជំរុញ​ដល់​រដ្ឋាភិបាល របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បង្កើត​ច្បាប់​សហជីព និង​តុលាការ​ការងារ ឲ្យ​បានឆាប់ៗ ក្នុង​បំណង​គ្រប់គ្រង​ដល់​សហជីព​កម្មករ​តាម​រោងចក្រ ដែល​លោក​អះអាងថា សព្វថ្ងៃ មាន​សហជីព​ច្រើន​រហូតដល់​ជិត ៣០០០ សហជីព នៅក្នុង​រោងចក្រ​កាត់ដេរ​ប្រមាណ ៦០។

លោក ណា​ង សុធី ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល គួរ​ពិចារណា​ថា បន្ត​ធ្វើជា​សមាជិក​នៃ​ប្រទេស​ហត្ថលេខី លើ​អនុសញ្ញា​អន្តរជាតិ លេខ ៨៧ ស្តីពី សេរីភាព នៃ​សមាគម និង​ការការពារ​លើ​ការបង្កើត​សមាគម​សហជីព ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន កាលពី​ឆ្នាំ១៩៩៩ ទៀត ឬទេ?។ ​លោក ណា​ង សុធី ក៏បាន​លើកឡើងថា សហជីព ១ ភាគ បាន​ឆ្លៀតឱកាស​ធ្វើ​អាជីវកម្ម និង ១ចំណែក​ទៀត បង្ក​ការ​ញុះញង់​ឲ្យ​កម្មករ ធ្វើ​កូដកម្ម​បាតុកម្ម ចាប់បង្ខំ​ថៅកែ ឲ្យ​បង់លុយ ដើម្បី​ជៀសវាង​ជំទាស់ និង​ដាក់​ខែ យកលុយ​ពី​រោងចក្រ​សហគ្រាស ជាដើម។

ចំពោះមុខ​បញ្ហា​ទាំងនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​វិញភ្លាមៗថា ការស្នើ​ឲ្យ​បង្កើត​តុលាការ​ការងារ គឺ​ស្ថិតក្នុង​សេចក្តីព្រាងច្បាប់ ស្តីពី តុលាការ។ ច្បាប់​នោះ នឹង​ចេញ​ប្រើ នៅ​ឆមាស​ទី១ ក្នុង​ឆ្នាំ២០១៤ នេះ។

ចំណែក​សហជីព​កម្មក​រ បាន​ស្វាគមន៍​លើ​ពាក្យបណ្តឹង នៅ​តុលាការ។ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ បាន​លើកឡើងថា ថៅកែ​រោងចក្រ បាន​ជ្រើស​យក​ការ​ប្តឹងផ្តល់ តាមផ្លូវ​តុលាការ ប្រសើរ​ជាង​ការបាញ់សម្លាប់​មេដឹកនាំ​សហជីព ក្នុងពេល​កន្លងមក។ ចំពោះ​​ការបង្កើត​សហជីព​ច្រើន​ក្នុង​រោងចក្រ ត្រូវបាន​លោក ជា មុនី អះអាងថា មកពី​រោងចក្រ​ភាគច្រើន មិន​គោរព​ច្បាប់​ការងារ ហើយ​សហជីព​ភាគច្រើន​ទៀតសោត ត្រូវបាន​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ បង្កើតឡើង ដើម្បី​ប្រឆាំងនឹង​សហជីព ដែល​ការពារ​ផលប្រយោជន៍​របស់​កម្ម​ករ៕




No comments:

Post a Comment