តើ វត្តមានចិន អាចចូលរួម កាត់បន្ថយ ភាពក្រីក្រ កម្រិតណា នៅកម្ពុជា?
RFA | 4 March 2014
ចិន ជាប្រទេស ដែលបណ្ដាក់ទុន ធំជាងគេ នៅកម្ពុជា។ រាជរដ្ឋាភិបាល កម្ពុជា និងប្រទេសចិន ធ្លាប់បានអះអាង ថា, ការវិនិយោគចិន បានជួយ លើកកម្ពស់ សេដ្ឋកិច្ច និងកាត់បន្ថយ ភាពក្រីក្រ នៅកម្ពុជា។ ប៉ុន្តែ អ្នកសេដ្ឋកិច្ច និងស្ថាប័នស្រាវជ្រាវ អន្តរជាតិនានា ព្រួយបារម្ភ ថា, តើ វត្តមានចិន ពិតជាជួយ អភិវឌ្ឍប្រទេស ឬកេងចំណេញ ធនធាន របស់កម្ពុជា?
រយៈពេលជាង ៣០ឆ្នាំ មកនេះ, ប្រទេសចិន បានបង្ហាញ អំពី ការអភិវឌ្ឍ សេដ្ឋកិច្ច និងទំនាក់ទំនង កាន់តែ ប្រសើរលើ ផ្នែកអភិវឌ្ឍ និងនយោបាយ រវាង ប្រទេស នៅក្នុងតំបន់។ ក្នុងនោះ ប្រទេសចិន បានវិនិយោគ យ៉ាងច្រើន សន្ធឹកសន្ធាប់ នៅតំបន់ អាស៊ី, រួមទាំងប្រទេស កម្ពុជា។ ថ្នាក់ដឹកនាំចិន និង
ប្រទេសកម្ពុជា សង្កេតឃើញថា ការវិនិយោគមកពីប្រទេសចិន មានចំនួនកាន់តែច្រើន ដែលស្ថាប័ននិងអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវតែធ្វើការសិក្សា អំពីផលប៉ះពាល់ និងការចូលរួមចំណែកដល់សេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។
របាយការណ៍វាយតម្លៃឥទ្ធិពលរបស់ចិន ក្នុងការកាត់បន្ថយភាពក្រីក្រកម្ពុជា ដោយវិទ្យាស្ថានស្រាវជ្រាវនិងបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍកម្ពុជា ដែលហៅកាត់ថា ស៊ី.ឌី.អ.អាយ (CDRI) ប្រចាំឆ្នាំ២០១៣ បានបង្ហាញថា ការអភិវឌ្ឍសេដ្ឋកិច្ចចិន បានរីករាលដាលនិងផ្ដល់ផលប្រយោជន៍ដល់ប្រទេសនៅក្នុងតំបន់ទទួល ផលប្រយោជន៍ទាំងសេដ្ឋកិច្ចនិងនយោបាយ។ ផលប្រយោជន៍នេះ ក៏ជាផ្នែកមួយក្នុងការកាត់បន្ថយភាពក្រីក្រ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ផលប៉ះពាល់របស់ចិន ដដែលបានបន្ថែមទៀតថា វត្តមានរបស់ប្រទេសចិននៅកម្ពុជា បង្ហាញអំពីការចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែរបាយការណ៍បានគួសបញ្ជាក់យ៉ាងខ្លីថា ចំណុចអវិជ្ជមាននៃវត្តមានចិននៅកម្ពុជា មិនត្រូវមើលរំលងឡើយ។
នាយកប្រតិបត្តិ នៃអង្គការ សមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា ការវិនិយោគរបស់ចិន បានប៉ះពាល់ដល់បរិស្ថានការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិជាច្រើននៅប្រទេសកម្ពុជា។ ការវិនិយោគនោះ ក៏បានបណ្ដេញចេញប្រជាពលរដ្ឋជាច្រើនគ្រួសារពីដីធ្លី ឬផ្ទះសម្បែងរបស់ពួកគេ។ លោក បញ្ជាក់ថា ស្របពេលកម្ពុជា មានភាពអន់ខ្សោយប្រព័ន្ធគ្រប់គ្រង អ្នកវិនិយោគបរទេសមួយចំនួននឹងចាប់ឱកាសកេងចំណេញតាមគ្រប់រូបភាព ទាំងអស់។
ទោះជាយ៉ាងណា ក៏ដោយ របាយការណ៍របស់ ស៊ី.ឌី.អ.អាយ ប្រចាំឆ្នាំ២០១៣ បានបង្ហាញថា ប្រទេសចិនបានប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីទាញយកធនធានធម្មជាតិ ពីប្រទេសផ្សេងដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួន។ អ្នកវិភាគនានាបានចោទជាសំណួរថា តើប្រទេសចិន ចូលរួមដល់ការអភិវឌ្ឍប្រទេសក្រីក្រ ឬរារាំងដល់ការអភិវឌ្ឍ។
អ្នកវិភាគសេដ្ឋកិច្ច លោក ស្រី ចន្ធី មានប្រសាសន៍ថា តួនាទីរបស់ចិន ដែលបានបង្ហាញយ៉ាងច្បាស់ក្នុងការកាត់បន្ថយភាពក្រីក្រ គឺក្នុងវិស័យកាត់ដេរសំលៀកបំពាក់។ ប៉ុន្តែការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងវិស័យផ្សេង ដូចជាដីសម្បទានសេដ្ឋកិច្ចលើការរុករ៉ែ ថាមពល និងវារីអគ្គិសនី មិនអាចប៉ាន់ស្មានបាននៅក្នុងរយៈពេលខ្លីឡើយ។
សមាគមរោងចក្រកាត់ដេរកម្ពុជា បង្ហាញថា អ្នកវិនិយោគនៅក្នុងវិស័យកាត់ដេរមានប្រមាណ ២០% គ្រប់គ្រងដោយអ្នកវិនិយោគមកពីហុងកុង ២៥% គ្រប់គ្រងដោយកោះតៃវ៉ាន់ និងប្រទេសចិន គ្រប់គ្រងប្រមាណ ១៣%។ តាមការប៉ាន់ស្មានការវិនិយោគចិន នៅក្នុងវិស័យកាត់ដេរកម្ពុជា បានបង្កើតការងារប្រមាណជិត ២០ម៉ឺននាក់។
ចំណែកការវិនិយោគរបស់ក្រុមហ៊ុនចិន នៅក្នុងវិស័យរុករករ៉ែ ថាមពល និងវារីអគ្គិសនី កំពុងកើនឡើងយ៉ាងខ្លាំងនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនចិន ចំនួនពីរទទួលសិទ្ធិធ្វើអាជីវកម្មលើការទាញយកធនធានប្រេងនិង ឧស្ម័ននៅប្លុក អេ (A) អេហ្វ (F)។ ក្រុមហ៊ុនចិន ចំនួន ១១ បានទទួលសិទ្ធិលើដំណាំកសិកម្ម និង ៤ផ្សេងទៀតទទួលសិទ្ធិអភិវឌ្ឍទំនប់វារីអគ្គិសនី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសចិន បានលើកទឹកចិត្តដល់អ្នកវិនិយោគចិន មកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា។
ប្រទេសចិនគឺអ្នកវិនិយោគធំបំផុតដែលទឹកប្រាក់វិនិយោគមានទំហំ ជិត ១០ពាន់លានដុល្លារអាមេរិក នៅចន្លោះឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៣។ គម្រោងវិនិយោគភាគច្រើនផ្ដោតលើវិស័យកាត់ដេរ ធនាគារ ការរុករករ៉ែ អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ។
ក្រៅពីនេះ វិនិយោគិនចិន បានចាប់ដៃគូជាមួយលោកឧកញ៉ា គិត ម៉េង ដើម្បីបណ្ដាក់ទុនលើការអភិវឌ្ឍទំនប់វារីអគ្គិសនីស្ថិតនៅតំបន់ ទន្លេសេសាននៃខេត្តស្ទឹងត្រែង។ តាមការប៉ាន់ស្មាននៃគម្រោងនេះ មានតម្លៃជិត ៨០០លានដុល្លារអាមេរិក។ ភាគីចិន ជឿជាក់ថា ការវិនិយោគរបស់ខ្លួននេះ អាចជួយកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នស្រាវជ្រាវអភិវឌ្ឍបានអះអាងថា វត្តមានចិននៅកម្ពុជា បានចូលរួមចំណែកតិចតួចដល់ការកាត់បន្ថយភាពក្រីក្រ ក្រៅពីការទាញយកធនធានធម្មជាតិ រួមទាំងប៉ះពាល់ដល់ជម្រកមនុស្សសត្វ និងព្រៃឈើ។
របាយការណ៍របស់ធនាគារពិភពលោកប្រចាំឆ្នាំ២០១៣ បង្ហាញថា អត្រាភាពក្រីក្រកម្ពុជា បានថយចុះមកត្រឹម ២០% ពេលបច្ចុប្បន្ន ដោយសារតែការតែកត្តាសំខាន់បួន។ ទីមួយ ការកើនឡើងជំនួញរបរតូចតាច ទីពីរ អត្រាប្រាក់ឈ្នួលនៅជនបទ ទីបី ផលិតកម្មស្រូវកើនឡើង និងទីបួន ស្រូវមានតម្លៃខ្ពស់៕
No comments:
Post a Comment