Paris Peace Accords 23 Oct. 1991

Wednesday, March 12, 2014

អ្នក​បឹងកក់​ និង​បុរី​កីឡា ដាក់​ញត្តិ​ នៅ​សាលា​រាជធានី​ភ្នំពេញ ទាមទារ​ ឲ្យ​ដោះស្រាយ​ បញ្ហា​ដីធ្លី​​

ប្រជាសហគមន៍បឹងកក់ និងបុរីកីឡា យកញត្តិមកដាក់ជូនសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ (រូបថត៖ តាត ឧត្តម)

អ្នក​បឹងកក់​ និង​បុរី​កីឡា ដាក់​ញត្តិ​ នៅ​សាលា​រាជធានី​ភ្នំពេញ ទាមទារ​ ឲ្យ​ដោះស្រាយ​ បញ្ហា​ដីធ្លី​​


ដោយ៖​ ញឹម សុខន​ / វីអូឌី | ថ្ងៃពុធ ទី12 ខែមិនា ឆ្នាំ2014

ប្រជា​សហគមន៍​បឹងកក់ និង​បុរី​កីឡា ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​នាំគ្នា​ប្រមូលផ្តុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ជំរុញ​ឲ្យ​មន្ត្រី​សាលា​រាជធានី ផ្តល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ​បុរី​កីឡា ដែល​រង​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន និង​ផ្តល់​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​អ្នក​បឹងកក់​។​
​អ្នកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹងកក់ បានឲ្យដឹងថា ការប្រមូលផ្តុំ​នៅ​ព្រឹក​នេះ​របស់​ប្រជា​សហគមន៍​ដែល​មាន​បញ្ហា​ដីធ្លី​ទាំងពីរ​នេះ គឺ​ក្នុង​គោល​បំណង​ដាក់​ញត្តិ​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ចេញ​ប័ណ្ណកម្មសិទ្ធិ​ដល់​ពលរដ្ឋ​បឹងកក់ ៤០​គ្រួសារ ដែល​នៅ​មិនទាន់​បាន​ទទួល​សិទ្ធិ​កាន់​កាប់​​ដីធ្លី ស្របតាម​អនុក្រឹត្យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កាត់​ដី​ទំហំ​ជាង ១២​ហិកតា​ដល់​ពួកគាត់​។
​អ្នកស្រី​បន្ត​ថា ចំណែក​អ្នក​សហគមន៍​បុរី​កីឡា ក៏​បាន​ដាក់​ញត្តិ​ដូចគ្នានេះដែរ ដោយ​ជំរុញ​ឲ្យ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ផ្តល់​សំណង​សមរម្យ​ដល់​ប្រជា​សហគមន៍​ដែល​រង​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន​ទាំង​បង្ខំ​។
​នៅ​ម៉ោង​ជិត ៩​ព្រឹក​នេះ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ចេញមក​ជួប​ប្រជា​សហគមន៍​ដែល​មាន​បញ្ហា​ដីធ្លី​ទាំងពីរ​នេះ ដោយ​ស្នើ​ឲ្យ​តំណាង​ពួកគេ ជាង​ ៤០នាក់ ចូល​ជួប​នៅ​ក្នុង​សាលា​រាជធានី​ភ្នំពេញ​នោះ​។​
​ខណៈ​ដែល​មាន​ការប្រមូល​ផ្តុំ​​នោះ គេ​សង្កេតឃើញ​មាន​កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​សាលា​រាជធានីប្រមាណ ៥០​នាក់ នៅ​ឃ្លាំមើល​ការប្រមូលផ្តុំ​នោះដែរ​៕




No comments:

Post a Comment