Paris Peace Accords 23 Oct. 1991

Wednesday, March 12, 2014

​វិភាគ​៖​ តើ​ ការបិទ​ ទីលាន​ប្រជាធិបតេយ្យ ​ជា​ នយោបាយ​អ្វី ​របស់​ លោក​នាយក រដ្ឋមន្ត្រី​ ហ៊ុន​សែន​?​

សមត្ថកិច្ច ដាក់របាំងរារាំង មិនឲ្យបាតុករចូលទីលានប្រជាធិបតេយ្យ កាលទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា (រូបថត៖ តាំង វិដា)

​វិភាគ​៖​ តើ​ ការបិទ​ ទីលាន​ប្រជាធិបតេយ្យ ​ជា​ នយោបាយ​អ្វី ​របស់​ លោក​នាយក រដ្ឋមន្ត្រី​ ហ៊ុន​សែន​?​


ដោយ៖​ ពៅ មេត្តា​ / វីអូឌី | ថ្ងៃពុធ ទី12 ខែមិនា ឆ្នាំ2014

ទីលាន​ប្រជាធិបតេយ្យ​ជា ជា​បរិវេណ​ក្បែរ​វត្ត​ភ្នំ​ដែល​អាជ្ញាធរ​បង្កើតឡើង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ ឬអះអាងថា ជួប​ភាពអយុត្តិធម៌​នៅក្នុង​សង្គម​ទៅ​សំដែង​មតិ ទុក្ខលំបាក​របស់​ខ្លួន​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បានដឹង និង​ជួយ​ដោះស្រាយ​។
តែ​ក្រោយ​ការបាញ់​បង្ក្រាប​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង នៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​សេស​ភ្នំពេញ  និង​ការបង្ក្រាប​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​២ ទី៣និង​ទី​៤​ខែ​មករា​មក នៅ​ថ្ងៃ​ទី​៤​ខែ​មករា​ដដែល​ក្រសួង​មហាផ្ទៃ​បាន​ចេញ​បញ្ជា ហាម​ការប្រមូលផ្តុំ​ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។
បើទោះជា​បម្រាម​នោះ មិន​បាន​បកស្រាយ​ឲ្យបាន​ច្បាស់​ហើយ​សហគមន៍ជាតិ និង​អន្តរជាតិ​ថ្កោល​រដ្ឋាភិបាល​ក៏​ដោយ ក៏​បម្រាម​នោះ​នៅតែ​មាន​ស​ពល​ភាព​រហូតដល់​ពេល​បច្ចុប្បន្ន​ដែរ​។​
ក្រោយ​ការចេញ​បម្រាម​ការប្រមូលផ្តុំ​នោះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល កម្មករ និង​អ្នកមាន​ជម្លោះ​ដីធ្លី បាន​ចេញ​តវ៉ា​បន្តបន្ទាប់ ហើយ​រង​ការបង្ក្រាប​និង​ឃាត់ខ្លួន​ដើម្បី​យក​ទៅ​ណែនាំ​ជា​បន្តបន្ទាប់​ផងដែរ​។​
​កាលពី​ថ្ងៃ​ទី​០៧ ខែ​មីនា​ក្រុម​អង្គការ​ស៊ីវិល​ធ្វើការ​ដើម្បី​ស្ត្រី និង​កុមារ​ចំនួន ១៤​ស្ថាប័ន ជួបជុំគ្នា​នៅ​រូបសំណាក់​យាយ​ពេញ​ខាងត្បូង​វត្ត​ភ្នំ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ជួបជុំ​ធ្វើ​ពិធី​បួងសួង​រំឭក​គុណ ដែល​គាត់​គឺជា​ស្ដ្រី​ដឹកនាំ​ដ៏​ឆ្នើម​មួយរូប និង​សាមគ្គីភាព​រវាង​ស្ដ្រី​ដឹកនាំ​គ្រប់​ជំនន់​ដើម្បី​អភិវឌ្ឍ​សង្គម តែ​ត្រូវ​សមត្ថកិច្ច​បំបែក​។ ការប៉ះទង្គិច​គ្នា​មួយ​ប្រាវ​នោះ បាន​ធ្វើឲ្យ​លោកស្រី ធីតា ឃឹះ ប្រធាន​អង្គការ​សីល​ការ រង​របួសស្រាល ត្រង់​ជើង​។​
​លោកស្រី ធីតា ឃឹះ បាន​សម្តែង​ការសោកស្តាយ ដែល​អាជ្ញាធរ​មិន​អនុញ្ញាត និង​រារាំង​ពួកគាត់​មិនឲ្យ​ធ្វើ​ពិធី​បួងសួង​នោះ​។​ ​កាលពី​ថ្ងៃ​ទី​៨​ខែ​មីនា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នក​មាន​ជម្លោះ​ដីធ្លី ប្រជាពលរដ្ឋ​និង កម្មករ ដែល​មាន​បំណង​ប្រារព្ធ​ពិធី​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​សមត្ថកិច្ច​រារាំង​ដោយ​ដាក់​របាំង​ព័ទ្ធ ទើប​អ្នកចូលរួម​ទាំង​នោះ​សម្រេច​រៀបការ​ប្រារព្ធ​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នោះ​តែម្តង​។​
​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក យ៉ង់ គឹមអេង លើកឡើងថា នៅ​កម្ពុជា ក៏ដូចជា​នៅ​អន្តរជាតិ ការបង្កើត​ទីលាន​ប្រជាធិបតេយ្យ​ឡើង​ដើម្បី​ជា​កន្លែង​ដែល​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​សម្តែង​ពី​ទុក្ខ ហើយ​ថា​បើ​សមត្ថកិច្ច​រារាំង​នៅ​កន្លែង​នោះ​វិញ​ជា​ចំណុច​ខុសឆ្គង​ «ផ្ទុយទៅវិញនោះ ទីជាកងកម្លាំងរដ្ឋាភិបាល គឺជាអ្នកប្រើប្រាស់ទីលាន ប្រជាធិបតេយ្យនោះដើម្បី ដាក់កាំភ្លើង ដាក់កម្លាំង ដាក់ដំបង យកទៅវាយវិញ។ អ៊ីចឹងបានន័យថា យើងកំពុងតែលុបបំបាត់ទីលានប្រជាធិបតេយ្យឬក៏យ៉ាងណា»។
សន្តិសុខសាលារាជធានី យាមកាមយ៉ាងតឹងរឹង នៅទីលានប្រជាធិបតេយ្យ (រូបថត៖ តាំង វីដា)
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូ​ប៊ែ​ឌី សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប​ដែល​មាន​សមាជិក​២៨​ប្រទេស​ជា​ដើម បាន​ថ្កោលទោស​ជា​បន្តបន្ទាប់ លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ដាក់​បម្រាម​នោះ​ថា ជា​ការរំលោភ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​មាន​ក្នុង​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​របស់ អង្គការសហប្រជាជាតិ និង​រដ្ឋធម្មនុញ​កម្ពុ​ជា​។
​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៤៨ មាន​៣០​ចំណុច​ដែល​ក្នុងនោះ នៅ​ចំណុច​ទី​២០​លើកឡើង​ពី​សិទ្ធិ​នៃ​ការជួបជុំ​បានចែង​ថា យើងទាំងអស់គ្នា អាច​ជួបប្រជុំគ្នា​បាន​ដោយ​សន្ត​វិធី ឬ ក៏​ចូលរួម​ក្នុង​ការប្រជុំ​ជាមួយ​អ្នកដទៃ​ដោយ​សន្តិវិធី​។ ការបង្ខំ​នរណា​ម្នាក់​ឲ្យចូល​រួម​ក្នុង​ក្រុម​ណាមួយ គឺជា​ប្រការ​មិន​ត្រឹមត្រូវ​ទេ​។​
​ប្រធាន​លេខាធិការដ្ឋាន​ប្រតិកម្ម​នៃ​គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម​លោក សួន ប៊ុន​ស័ក្តិ លើកឡើងថា អាជ្ញាធរ​ត្រូវតែ​បើក​ទូលាយ​ឲ្យ​ប្រជាពលរដ្ឋ​លើកឡើង​ពី​ទុក្ខ​កង្វល់ ហើយ​ត្រូវ​ប្រឹងប្រែង​ដោះស្រាយ មិន​ត្រូវ​ព្យាយាម​ទប់​ស្តាត់ការ​លើកឡើងពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​ «ហើយប្រសិនជាខ្ញុំវិញ គឺខ្ញុំសុខចិត្តបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានបញ្ចេញ បាននិយាយ បានបង្ហាញអ្វីៗទាំងអស់ តែតាមពិតទៅ មែនទែន យើងគ្រាន់តែបង្កលក្ខណៈឲ្យគេអនុវត្តសិទ្ធិរបស់គេ ក៏ពិបាក តាមពិតគេមិនទាន់គិតអំពីគុណភាព នៃការដោះស្រាយបណ្តឹងរបស់គេផង។ នេះប្រសិនប្រជាពលរដ្ឋ គាត់ចេះវាយតម្លៃ គាត់ចេះត្រួតពិនិត្យ មើលថាតើគុណភាព នៃការដោះស្រាយបញ្ហា របស់គាត់បានប៉ុនណាទៅទៀត ម្ល៉េះយើងជាអាជ្ញាធរគ្មានពេលទំនេរទេមើលទៅ»។
​បើ​និយាយ​ពី​សិទ្ធិ​សេរីភាព​នៃ​ការជួប​ប្រជុំ​វិញ លោកនាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​លើក​ឡើង​ដែរ​។ ក្នុង​វេទិកា​នៅ​ខេត្ត​កំពត​កាលពី​ចុងខែ​កុម្ភៈ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក រៀបចំ​ឲ្យ​ក្រុម​ដែល​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា អាច​ធ្វើ​បាតុកម្ម​បាន​ដូចៗ​គ្នា​។
តែ​ការបញ្ជា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​គឺ​មន្ត្រី​ថ្នាក់ក្រោម​មិន​បាន​អនុវត្ត​ទេ​។ នៅ​ថ្ងៃ​ទី​០៧​មីនា លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចេញ​បញ្ជា​មិន​អនុញ្ញាត​ឲ្យ​អង្គការស​មាគ​ម រៀប​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​ទី​សាធារណៈ​ទេ ដោយ​បញ្ជា​ឲ្យ​អង្គការ​សមាគម​ទាំងនោះ​ធ្វើ​នៅ​ស្នាក់ការ​ស្ថាប័ន​ពួកគេ​វិញ​។​
​មិន​មាន​ប្រភព​ណា​អះអាង​ថា ការមិន​អនុវត្តន៍​បញ្ជារ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដោយសារ​មន្ត្រី​ថ្នាក់ក្រោម​មិន​យល់​ពី​បញ្ជា​នោះ ឬ ជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក​ហ៊ុន សែន​ថា ហើយ​មិន​ធ្វើ​នោះ​ទេ​។ រហូត​ដល់​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ ក្រសួង​មហាផ្ទៃ​ក៏​នៅតែ​មិន​ទាន់ ប្រកាស​លុប​បម្រាម​ចំពោះ​ការប្រមូលផ្តុំ​នោះ​នៅឡើយ ដោយ​សំអាង​ហេតុផល​ថា ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ថា​ធា​រណៈ​។​
​អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើកឡើងថា ស្ថានភាព​នៅ​កម្ពុជា​បច្ចុប្បន្ន​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​មិន​មាន​កន្លែង​ស្ថិតក្នុង​សភាព​ប្រកាសអាសន្ន ដែល​ត្រូវ​ហាម​ប្រមូលផ្តុំ​ទេ​។
លោក​បន្តថា បើ​អាជ្ញាធរ​នៅតែ​បន្ត​រឹតត្បិត​សេរី នឹង​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា​កាន់តែ​ខូច​នៅលើ​ឆាក​អន្តរជាតិ «កាលណា​បើ​ប្រទេស​កម្ពុជា​យើង មិន​បាន​បំពេញ​កាតព្វកិច្ច និង​អនុវត្ត​តាម​នៅ​សិទ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដែល​មាន​នៅក្នុង​រដ្ឋធម្មនុញ្ញ​ទេ គេ​ថា​ប្រទេស​យើង​និង មាន​ការបិទ​សិទ្ធ​សេរីភាព ជា​មូលដ្ឋាន ជា​សិទ្ធ​សេរីភាព​ក្នុង​ការបញ្ចេញមតិ ការជួបជុំ ការប្រមូលផ្តុំ ដោយ​សន្តិវិធី របស់​បងប្អូន ប្រជាពលរដ្ឋ ព្រោះ​អានេះ​ជា​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ កាលណា​សិទ្ធ​សេរីភាព​ទាំងអស់​ត្រូវ​បាត់បង់ ចង់​និយាយ​ថា​ប្រទេស​កម្ពុជា​យើង មិនមែន​ជា​ប្រទេស ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នោះទេ​»​។​

ជុំវិញ​ការផ្តល់​សិទ្ធិ​សេរីភាព​នៃ​ការជួបជុំ​នេះ ក្នុងពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង​នៅ​អាណត្តិ​ទី​៥​កាលពី​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយថ្ងៃ ណែនាំ​ដល់​មន្ត្រី​របស់​លោក​ឲ្យធ្វើ​កំណែទម្រង់ធ្វើ​ការ​ឲ្យ​ស្និទ្ធ និង​ដោះស្រាយ​បញ្ហា​ជា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេល តាមរយៈ​ការរៀបចំ​វេទិកាសាធារណៈ​។
ការប្រកាស​ធ្វើ​កំណែទម្រង់​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​យក​ទឹកចិត្ត​ប្រជាពលរដ្ឋ​នោះ បន្ទាប់​ពី​គណបក្ស​ប្រជាជន​របស់​លោក​ថយចុះ​ការគាំទ្រ​២២​អាសនៈ ក្នុងពេលបោះឆ្នោត​អាណត្តិទី៥កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ​២០១៣៕




No comments:

Post a Comment