Paris Peace Accords 23 Oct. 1991

Monday, March 3, 2014

បទ​វិភាគ៖ តើ ​កម្ពុជា ​មាន​សមត្ថភាព ​ទទួល​យក​ ជន​ភៀស​ខ្លួន ​ហើយ​ ឬ​នៅ?

អ្នក​សុំ​ទាន ៦១០
កុមារ​​​​សុំ​ទាន​ ពីរ​នាក់​ បង​ប្អូន ​អង្គុយ​​​ក្បែរ ​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ​ទី​២ មីនា ឆ្នាំ​២០១៤។  RFA/Uon Chhin

បទ​វិភាគ៖ តើ ​កម្ពុជា ​មាន​សមត្ថភាព ​ទទួល​យក​ ជន​ភៀស​ខ្លួន ​ហើយ​ ឬ​នៅ?

RFA | 2 March 2014
នាយករដ្ឋមន្ត្រី ​កម្ពុជា កំពុង​ពិចារណា​ សំណើ ​របស់ ​ប្រទេស​អូស្ត្រាលី សូម ឲ្យ​​ទទួល​យក​ ជន​ភៀស​ខ្លួន​ មក​រស់​នៅ ​ប្រទេស​កម្ពុជា។   តើ​ កម្ពុជា​ មាន​សមត្ថភាព ​ទទួល​យក​ ជន​ភៀស​ខ្លួន ​ហើយ​ ឬ​នៅ?

ក្រោម​ហេតុផល​ សំអាង​ថា ដើម្បី ​ទប់ស្កាត់​ ជន​បរទេស ​ធ្វើ​ដំណើរ​ ឆ្លង​កាត់​ មហា​សមុទ្រ​ ពោរពេញ​ទៅ​ ដោយ​គ្រោះថ្នាក់​ មក​កាន់​ប្រទេស​ អូស្ត្រាលី, រដ្ឋាភិបាល ​អូស្ត្រាលី បាន​ព្យាយាម​ បញ្ចុះបញ្ចូល​ កម្ពុជា ឲ្យជួយ​រំលែក​បន្ទុក ​ទទួល​យក ​ជន​ភៀស​ខ្លួន ​ខ្លះៗ ដែល​កំពុង​ ស្នាក់​នៅ ក្នុង​ប្រទេស​ របស់​ខ្លួន។

ក្នុង​ដំណើរ​ ទស្សនកិច្ច​ មក ​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ ទី​២២ កុម្ភៈ ឆ្នាំ​២០១៤, រដ្ឋមន្ត្រី​ ក្រសួង​ ការបរទេស ​អូស្ត្រាលី, លោកស្រី ជូលី ប៊ីហ្សប (Julie Bishop) បាន​ស្នើ ​ទៅ​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ ​ទទួល​យក​ ជន​ភៀស​ខ្លួន ​មក​ពី​ប្រទេស​ ផ្សេង​ខ្លះ ដែល​បាន ​មក​ដល់​ប្រទេស​ អូស្ត្រាលី។  ប្រមុខ​រដ្ឋាភិបាល ​កម្ពុជា ក៏​បាន​ទទួល​យក​ សំណើ ​ដ៏​គួរឲ្យ​ភ្ញាក់​ផ្អើល ​មួយ​នេះ​ មក​ពិចារណា។


ចំណែក​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ប្រាប់​អ្នក​កាសែត​ថា កន្លង​មក​ពលរដ្ឋ​ខ្មែរ​ធ្លាប់​តែ​ជា​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ដទៃ ឥឡូវ​ល្មម​ដល់​ពេល​ហើយ​ដែល​កម្ពុជា គួរ​បើក​ទ្វារ​ទទួល​យក​ជន​ភៀស​ខ្លួន​ម្ដង។

និយាយ​ពី​សមត្ថភាព​ទទួល​ជន​ភៀស​ខ្លួន កម្ពុជា​ទំនង​ជា​មិន​ទាន់​ស័ក្ដិសម​ពេញលេញ​ជា​អ្នក​គ្រប់គ្រង​ជន​ភៀស​ខ្លួន​ នៅ​ឡើយ​ទេ។ ពោល កម្ពុជា​មិន​មែន​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឯករាជ្យ ម្ចាស់ការ​លើ​ខ្លួន​ឯង​នោះ​ទេ។ និយាយ​អោយ​ចំ កម្ពុជា​កំពុង​សុំ​ទាន និង​ខ្ចី​បុល​គេ​ដើម្បី​រស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ខណៈ​មន្ត្រី​រាជរដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​ចំនួន​មាន​បាន​កប់​ពពក​តាម​រយៈ​ អំពី​ពុករលួយ ស្រប​ពេល​ដែល​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ រាប់​សិប​ជំពូក។ បញ្ហា​ទាំង​នោះ រួម​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ ក្នុង​ចំណោម ៥​នាក់ រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ។ កុមារ​ជិត ៥០​ភាគរយ​រស់​នៅ​ខ្វះ​អាហារ​ដែល​មាន​ជីវជាតិ​ដើម្បី​លូតលាស់​នៃ​រាងកាយ។ ប្រាក់ខែ​មន្ត្រី​រាជការ​តិចតួច រស់​ទាំង​ត្រដរ​ខ្យល់ ហើយ​ថែម​ទាំង​បើក​យឺត​ទៀត។ បើ​ខ្លួន​ក្រ​រហេមរហាម​បែប​នេះ​ទៅ​ហើយ តើ​ត្រូវ​ទទួល​យក​ជន​ភៀស​ខ្លួន​មក​បន្ថែម​បន្ទុក​ដែរ​ទេ?

បើ​និយាយ​ពី​ទីផ្សារ​ការងារ​វិញ រដ្ឋាភិបាល​កម្ពុជា ខ្លួន​ឯង​មិន​មាន​សមត្ថភាព​ក្នុង​ការ​បង្ក​លក្ខណៈ​បង្កើត​ការងារ​អោយ​ សមាមាត្រ​នឹង​ចំនួន​ពលរដ្ឋ​របស់​ខ្លួន​ផង។ និស្សិត​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​មិន​អាច​រក​ការងារ​ធ្វើ​បាន។ ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ ប្រទេស​ដទៃ។ ម៉្យាង​ទៀត ប្រសិន​បើ​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ទាំង​នោះ​មិន​មែន​ជា​ធនធាន​មនុស្ស ហើយ​ជា​មនុស្ស​មិន​ល្អ​ថែម​ទៀត​នោះ វា​អាច​នឹង​បន្ថែម​បញ្ហា​ដល់​សង្គម​កម្ពុជា កាន់​តែ​ខ្លាំង។

បើ​និយាយ​អំពី​ចិត្ត​ល្អ​វិញ រដ្ឋាភិបាល​កម្ពុជា មិន​មែន​ជា​ប្រទេស​ដែល​គោរព​សិទ្ធិ​មនុស្ស ឬ​ច្បាប់​មនុស្សធម៌​អី​នោះ​ទេ។ កាល​ពី​ឆ្នាំ​២០០៩ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដើម្បី​ផ្គាប់​ចិត្ត​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ ចំនួន ២០​នាក់ អោយ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។ ក្រោយ​ពេល​ត្រឡប់​ទៅ​ដល់​ប្រទេស​ចិន ជា​ទី​កន្លែង​ដែល​ពួកគេ​បាន​រត់​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​ អាជ្ញាធរ​ចិន ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ ចំនួន ៤​នាក់ ក្នុង​ចំណោម ២០​នាក់ ត្រូវ​គេ​ជឿ​ថា ត្រូវ​បាន​អាជ្ញាធរ​ចិន ប្រហារ​ជីវិត និង ១៦​នាក់​ទៀត ត្រូវ​ជាប់​ពន្ធនាគារ។

ក្រៅតែ​ពី​ផ្គាប់​ចិត្ត​មហា​អំណាច​ចិន ដែល​តែង​ផ្ដល់​ជំនួយ​មិន​ដែល​ភ្ជាប់​លក្ខខណ្ឌ​ដល់​កម្ពុជា​នោះ រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​រំលោភ​សន្ធិសញ្ញា​ការពារ​ជន​ភៀស​ខ្លួន​ដែល​កម្ពុជា ជា​ហត្ថលេខី ដើម្បី​ផ្គាប់​ចិត្ត​រដ្ឋាភិបាល​វៀតណាម ដោយ​បាន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ពី​ខេត្ត​រតនគិរី ជា​ច្រើន​រយ​នាក់ ដែល​បាន​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​ក្រុង​ហាណូយ បង្ខំ​អោយ​ត្រឡប់​ចូល​ទៅ​វៀតណាម​វិញ។ ជន​ភៀស​ខ្លួន​ទាំង​ឡាយ​តែងតែ​ព្យាយាម​រត់​គេច​ចេញ​ពី​ការ​ធ្វើ​ ទុក្ខបុកម្នេញ និង​ការ​គាប​សង្កត់​លើ​ផ្នែក​ជំនឿ​នានា ពី​ក្នុង​ប្រទេស​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ណា​ដែល​មាន​ភាព​ល្អ​ប្រសើរ​ជាង។

បើ​និយាយ​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​វិញ រដ្ឋាភិបាល​កម្ពុជា កំពុង​រឹតត្បិត និង​ថែម​ទាំង​បាញ់​សម្លាប់​បាតុករ​គ្មាន​ត្រាប្រណី​នៅ​ពេល​ថ្មីៗ​នេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ មិន​ឯករាជ្យ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ស្ថិត​ក្រោម​ក្រញាំ​ដៃ​របស់​គណបក្ស​កាន់​អំណាច។ សម្រាប់​ជន​ភៀស​ខ្លួន​ប្រហែល​ជា​មិន​ដែល​នឹកស្រមៃ​ថា អាច​នឹង​ត្រូវ​គេ​បញ្ជូន​អោយ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។

អូស្ត្រាលី​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជឿន​លឿន​ឯ​ទៀត​ដែល​បាន​ ផ្ដល់​សិទ្ធិ​រស់​នៅ​ដល់​ជន​ភៀស​ខ្លួន។ ក្នុង​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ជនបរទេស​ដែល​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី មាន​ចំនួន​ជាង​មួយ​ម៉ឺន​នាក់ (១១.៤៩១)។ អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី មាន​មក​ពី​ប្រទេស​អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ូដង់ ភូមា​ឬ​មីយ៉ាន់ម៉ា ចិន ស្រីលង្កា អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន សូម៉ាលី នេប៉ាល់ និង​ឥណ្ឌូនេស៊ី ជាដើម។

ក៏​ប៉ុន្តែ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​អូស្ត្រាលី ជ្រើសរើស​កម្ពុជា ជា​គោលដៅ​សម្រាប់​យក​ជន​ភៀស​ខ្លួន​មក​ទម្លាក់​នោះ?

កម្ពុជា​មិន​មែន​ជា​ប្រទេស​ទី​១​ទេ​ដែល​រដ្ឋាភិបាល​អូស្រ្តាលី ចង់​យក​ជន​ភៀស​ខ្លួន​មក​ដាក់​នោះ។ ប្រទេស​ក្នុង​តំបន់ មាន​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ទទួល​យក​ជន​ភៀស​ខ្លួន​ជា​ច្រើន​ពី​ប្រទេស​អូស្ត្រាលី រួច​ទៅ​ហើយ។

រដ្ឋាភិបាល​អូស្ត្រាលី ហ៊ាន​ហា​មាត់​សុំ​អោយ​កម្ពុជា ជួយ​រំលែក​អម្រែក​បន្ទុក​ជន​ភៀស​ខ្លួន ប្រហែល​ជា​ដោយសារ​ហេតុផល​មួយ​ចំនួន​ដូចជា៖

រដ្ឋាភិបាល​អូស្ត្រាលី អាច​គិត​ថា ខ្លួន​បាន​ជួយ​ដល់​កម្ពុជា ជា​ច្រើន និង​ជា​យូរ​ឆ្នាំ​មក​ហើយ។ ដូច្នេះ​វា​ល្មម​ដល់​ពេល​កម្ពុជា សង​គុណ​វិញ​ហើយ។ ឬ​ក៏​អាច​ថា អូស្ត្រាលី​ធ្លាប់​ទទួល​យក​ជនភៀសខ្លួន​ខ្មែរ​អោយ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ របស់​ខ្លួន​នៅ​ពេល​កម្ពុជា ជួប​គ្រោះអាសន្ន​ដែរ។ ម៉្យាង​ទៀត ក្រោយ​ការ​បោះ​ឆ្នោត​សភា​ជាតិ​នៅ​កម្ពុជា ឆ្នាំ​២០១៣ ខណៈ​មាន​ការ​រិះគន់​ខ្លាំង​អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត និង​ប្រទេស​លោក​សេរី​មួយ​ចំនួន​មិន​ទាន់​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត រហូត​មក​ដល់​ពេល​នេះ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក តូនី អាបត (Tony Abbot) នៅ​ខែ​តុលា ឆ្នាំ​២០១៣ បាន​ផ្ញើ​លិខិត​អបអរសាទរ​មួយ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​ថា បាន​ឈ្នះ​ឆ្នោត។ ការ​សាទរ​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក តូនី អាបត ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​បក្ស​នយោបាយ​ប្រឆាំង​នៅ​អូស្ត្រាលី រិះគន់​យ៉ាង​ចាស់​ដៃ។

គេ​អាច​និយាយ​បាន​ថា ទង្វើ​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក តូនី អាបត ប្រហែល​ជា​ចង់ "បោះ​នុយ​តូច​ដើម្បី​ស្ទូច​ត្រី​ធំ"។ ពោល​គឺ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​រូប​នេះ មាន​បំណង​ទុក​ជា​មុន គឺ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​លោក ហ៊ុន សែន ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ស្នើ​សុំ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា រូប​នេះ អោយ​យល់​ព្រម​ទទួល​យក​អម្រែក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី។

ចុះ​តើ​កម្ពុជា អាច​មាន​ប្រយោជន៍​អ្វី​ដែរ​ពី​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី​នេះ?
មិន​មែន​ថា អត់​ចំណេញ​មក​កម្ពុជា សោះ​នោះ​ទេ។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​មេដឹកនាំ​កម្ពុជា ឆ្លាត​ឈ្លាសវៃ និង​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ​ឬ​ទេ?

រដ្ឋាភិបាល​ថៃ កាល​ពី​ចុង​ទសវត្ស​ឆ្នាំ​១៩៧៩ បាន​យល់​ព្រម​តាម​សំណើ​របស់​សហគមន៍​អន្តរជាតិ អនុញ្ញាត​អោយ​ជន​ភៀស​ខ្លួន​ខ្មែរ និង​ពី​ប្រទេស​ដទៃ​ទៀត​រាប់​សែន​នាក់ តាំង​ទី​លំនៅ​បណ្ដោះអាសន្ន​នៅ​តាម​ព្រំដែន​និង​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន។

ការ​យល់​ព្រម​អោយ​បង្កើត​ជំរំ​ជនភៀសខ្លួន​នោះ មិន​មែន​ជា​ការ​យល់​ព្រម​ដោយ​ទទេៗ​នោះ​ទេ។ ក្រៅ​តែ​ពី​ទាមទារ​យក​លុយ​មួយ​ចំនួន​ធំ​ពី​សហគមន៍​អន្តរជាតិ​ហើយ រដ្ឋាភិបាល​ថៃ បាន​តម្រូវ​អោយ​សហគមន៍​អន្តរជាតិ​ជា​អ្នក​ចំណាយ​ទាំង​អស់​លើ​ស្បៀង​អាហារ និង​ទីជម្រក​ដល់​ជន​ភៀស​ខ្លួន។ សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ទិញ​ស្បៀង​អាហារ សម្ភារៈ​សំណង់ និង​វត្ថុ​ផ្សេងៗ​ទៀត ដែល​ត្រូវ​ផ្ដល់​អោយ​ជនភៀសខ្លួន​នោះ​ពី​ប្រទេស​ថៃ ដោយ​មិន​អាច​ទិញ​ពី​ប្រទេស​ផ្សេង​បាន​ឡើយ។

ម៉្យាង​ទៀត សម្ភារៈ​ជំនួយ​ខ្លះ​ត្រូវ​ចែក​ទៅ​អោយ​ពលរដ្ឋ​ថៃ ដែល​រស់​នៅ​ជិត​ព្រំដែន​ក្បែរ​ជំរំ​ជនភៀសខ្លួន​ដែរ។ សម្រាប់​ប្រទេស​ថៃ មាន​ត្រឹមតែ​ទី​កន្លែង​សម្រាប់​អោយ​ជនភៀសខ្លួន​រស់​នៅ​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ វត្តមាន​ជនភៀសខ្លួន​នៅ​តាម​ព្រំដែន និង​ក្នុង​ប្រទេស​ថៃ ក៏​បាន​ជួយ​បង្កើត​ទីផ្សារ​ការងារ​អោយ​ប្រជាពលរដ្ឋ​ថៃ បាន​ជា​ច្រើន​អនេក​ទៀត​ផង។ ពេល​នោះ​ហើយ​ដែល​សេដ្ឋកិច្ច​ថៃ បាន​ស្ទុះ​លឿន​ទៅ​មុខ​យ៉ាង​ខ្លាំងក្លា។

សម្រាប់​រដ្ឋាភិបាល​កម្ពុជា នៅ​ពេល​ទទួល​យក​ជនភៀសខ្លួន​ពី​អូស្ត្រាលី​នោះ គឺ​កម្ពុជា​អាច​បង្កើន​ទំនាក់ទំនង​ជាមួយ​អូស្ត្រាលី កាន់​តែ​ប្រសើរ។ ហើយ​ប្រសិន​បើ​ជនភៀសខ្លួន​ទាំង​នោះ​ជា​ធនធាន​មនុស្ស​ល្អ ពួកគេ​នឹង​ជួយ​រួម​ចំណែក​កសាង​កម្ពុជា អោយ​រុងរឿង​នៅ​ក្នុង​ថ្ងៃ​អនាគត។

ក៏​ប៉ុន្តែ​ការ​ទទួល​យក​ជនភៀសខ្លួន​មក​ដាក់​អោយ​រស់​នៅ​ក្នុង​ប្រទេស​ កម្ពុជា ខណៈ​ប្រទេស​ក្រីក្រ​មួយ​នេះ កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន មិន​មាន​សមត្ថភាព​ដោះស្រាយ​នោះ វា​អាច​កាន់​តែ​ធ្វើ​អោយ​សង្គម​កម្ពុជា ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង។ បញ្ហា​ដោះស្រាយ​មិន​បាន​ដែល​គេ​ឯង​មើល​ឃើញ​ស្ទើរ​គ្រប់​គ្នា​នោះ រួម​មាន៖ ការ​អនុវត្ត​ច្បាប់​មិន​ស្មើ​គ្នា មាន​ច្បាប់​អន្តោប្រវេសន៍​ជាដើម ខ្វះខាត​ទីផ្សារ​ការងារ​ជំរុញ​អោយ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក ប្រាក់ខែ​មន្ត្រី​រាជការ​រស់​នៅ​មិន​ថ្លៃថ្នូរ អំពើ​ពុករលួយ​ញាំញី​សង្គម និស្សិត​រាប់​ម៉ឺន​នាក់​រក​ការងារ​មិន​បាន​ធ្វើ ជា​ពិសេស​កម្ពុជា នៅ​សុំ​និង​ខ្ចីបុល​គេ​ជា​រៀង​រាល់​ឆ្នាំ​ជាដើម៕


No comments:

Post a Comment