លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីស្ទឹងអាតៃ ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤។
លោក ហ៊ុន សែន ព្រមាន ប្រើច្បាប់ ដើម្បី បង្ក្រាប រាល់សកម្មភាព ដែលប្រើហិង្សា
ដោយ ជិន ជេដ្ឋា / អាស៊ិសេរី | ២៧ មីនា ២០១៤
លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន ប្រើច្បាប់ របស់ ប្រទេស ដើម្បីចាត់វិធានការ ឬបង្ក្រាប រាល់សកម្មភាព ទាំងឡាយណា ដែលឈាន ដល់ ការប្រើអំពើ ហិង្សា។ ការថ្លែងបែបនេះ ទំនងជា សំដៅ ទៅលើ គណបក្ស សង្គ្រោះជាតិ បន្ទាប់ពី មេដឹកនាំ គណបក្ស នេះ ប្រកាសថា នឹងធ្វើសមាជធំមួយ ជាមួយ អ្នកគាំទ្រ របស់ខ្លួន នារាជធានីភ្នំពេញ នៅចុងខែមីនា នេះ។
ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើឡើងនៅក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីស្ទឹងអាតៃ ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៧ ខែមីនា។ លោកបញ្ជាក់ថា បច្ចុប្បន្ននៅប្រទេសកម្ពុជា ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ មានភាពប្រក្រតី។ ហើយលោកអំពាវនាវដល់អ្នកនយោបាយ និងប្រជាពលរដ្ឋ កុំឲ្យមានការរើសអើង ឬឈានដល់ការប្រើអំពើហិង្សា ដោយសារតែប្រកាន់គណបក្សនយោបាយ។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី គឺបន្ទាប់ពីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែមីនា បានប្រកាសថា នឹងចាប់ផ្ដើមធ្វើសមាជប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែមីនា ចុងសប្ដាហ៍នេះ នៅក្រោយការផ្អាកការចរចាដោះស្រាយការជាប់គាំងនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ឆ្លើយតបនឹងការលើកឡើងនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា គណបក្សប្រឆាំងកំពុងពិនិត្យមើលលើលទ្ធភាពនៃការធ្វើបាតុកម្ម ប៉ុន្តែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ លោកចាត់ទុកការព្រមានផ្លូវច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះថា គឺជាច្បាប់ព្រៃ៖ «ធម្មតាទេ! ច្បាប់អីច្បាប់ព្រៃច្បាប់ពួកកុម្មុយនិស្ត ច្បាប់ផ្ដាច់ការ ប្រសិនបើច្បាប់សិទ្ធិអន្តរជាតិ ច្បាប់អន្តរជាតិ គឺអត់មានអីត្រូវមកបង្ក្រាបយើងទេ»។
ទាក់ទងបញ្ហានេះ អ្នកវិភាគនយោបាយឯករាជ្យ លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា កន្លងមកការព្រមានបែបនេះ គឺកើតមានចំពោះគណបក្សប្រឆាំងដែរ ប៉ុន្តែគណបក្សសង្គ្រោះជាតិ មានការទម្លុះទម្លាយទៅទើបបានធ្វើការជួបជុំជាបន្តបន្ទាប់។ លោកបន្តថា ប្រទេសកម្ពុជា ពុំមានស្ថិរភាពនយោបាយ និងការគោរពសិទ្ធិមនុស្សដូចដែលលោកនាយករដ្ឋមន្ត្រីលើកឡើងនោះទេ៖ «ដំណើរការម៉េចថាប្រក្រតីម៉េចកើត! ហាមឃាត់គេមិនឲ្យប្រើប្រាស់សិទ្ធិរបស់គេ ដែលមានធានានៅក្នុងរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស ហើយដែលប្រទេសកម្ពុជា ទទួលស្គាល់ ហើយធានាការពារសិទ្ធិទាំងនោះទៀតផង»។
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានគម្រោងធ្វើសមាជប្រជាពលរដ្ឋនៅថ្ងៃទី៣០ ខែមីនា នៅទីលានប្រជាធិបតេយ្យ ប៉ុន្តែលោកបញ្ជាក់ថា ការធ្វើបាតុកម្មនេះមិនមែនដើម្បីទម្លាក់រដ្ឋាភិបាល ឬធ្វើឲ្យសង្គមមានអស្ថិរភាពនោះទេ៕
No comments:
Post a Comment