Paris Peace Accords 23 Oct. 1991

Monday, March 31, 2014

បក្ស​ប្រឆាំង​ ថា​ អ្នក​ដែល បញ្ជា​ ឲ្យ​គប់​គ្រាប់​បែក​នៅ​មុខ​សភា​ចាស់​ ត្រូវ​គេ​ ស្គាល់​ ជា​ទូទៅ

រំឭក​ខួប គប់​គ្រាប់​បែក​មុខ​សភា ៦១០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់បែក​​នៅ​មុខ​អគារ​រដ្ឋ​សភា​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១៤។
RFA/Uon Chhin

បក្ស​ប្រឆាំង​ ថា​ អ្នក​ដែល បញ្ជា​ ឲ្យ​គប់​គ្រាប់​បែក​នៅ​មុខ​សភា​ចាស់​ ត្រូវ​គេ​ ស្គាល់​ ជា​ទូទៅ

ដោយ ម៉ម មុនីរតន៍ / អាស៊ីសេរី​ | ៣០ មីនា ២០១៤

នៅ​ថ្ងៃ​ទី​៣០ មីនា មន្ត្រី​ ជាន់​ខ្ពស់ ​គណបក្ស​ ​សង្គ្រោះ​ជាតិ ប្រកាស​នៅ​មុខ​ចេតិយ​រំលឹក​វិញ្ញាណក្ខន្ធ អ្នក​ដែល​ស្លាប់​​ ដោយសារ​ ត្រូវ​គេ​គប់​គ្រាប់​បែក​ដៃ​ កាល​ពី ១៧​ឆ្នាំ​មុន​ថា អ្នក​ដែល​បញ្ជា និង​សម្លាប់​ ប្រជាពលរដ្ឋ​ កម្ពុជា បណ្ដាល​ឲ្យ​មាន ​អ្នក​ស្លាប់ និង​រង​របួស​ ប្រមាណ​ជិត ២០០​នាក់​នោះ ត្រូវ​គេ​ដឹង និង​ស្គាល់​មុខ​ ជា​ទូទៅ​ច្បាស់​អស់​ ហើយ​មក​ដល់​ពេល​នេះ។  ក៏​ប៉ុន្តែ​ថា ភាព​យឺតយ៉ាវ ​ដែល​មិន​អាច​ នាំ​អ្នក​ប្រព្រឹត្ត​បទល្មើស​ មក​ផ្ដន្ទាទោស​បាន ​នៅ​ពេល​នេះ ដោយ​ហេតុ​ថា ជន​ដៃដល់​ កំពុង​នៅ​មាន​ អំណាច និង​ឥទ្ធិពល ​នៅឡើយ។
ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ប្រមាណ ២​ពាន់​នាក់ ដែល​ចូល​រួម​រំលឹក​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ​កាល​ពី ១៧​ឆ្នាំ​មុន មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អ្នក​ដែល​បញ្ជា​ឲ្យ​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា និង​អ្នក​ប្រព្រឹត្ត​ដោយ​ផ្ទាល់ នឹង​ត្រូវ​ប្រឈម​មុខ​ពី​បទ​ឧក្រិដ្ឋ ដែល​ធ្វើ​ឲ្យ​ជីវិត​ប្រជាជន​កម្ពុជា មិន​តិច​ជាង ១០០​នាក់​ស្លាប់ និង​រង​របួស ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ នៅ​មុខ​អតីត​អាគារ​រដ្ឋសភា ក្បែរ​សួនច្បារ​វត្ត​បទុមវតី។
ការ​ប្រកាស​ដូច​នេះ របស់​មេ​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​ចំ​ពេល​មាន​បណ្ដឹង​ជា​ច្រើន​សំណុំ​រឿង ពី​បទ​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​ល្មើស​ឧក្រិដ្ឋ ដែល​ទាមទារ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើក​ការ​ស៊ើប​អង្កេត​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ថា នៅ​ពេល​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ដោយ​ពេញលេញ និង​ប្រទេស​មាន​យុត្តិធម៌​សង្គម​ដ៏​ពិត​ប្រាកដ ពេល​នោះ​ឃាតក​ដែល​សម្លាប់​ប្រជាពលរដ្ឋ​នឹង​ចៀស​មិន​ផុត​ពី​​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ឡើយ។ ការ​ព្រមាន​ដោយ​មិន​សំដៅ​ឈ្មោះ​របស់​លោក កឹម សុខា ដែល​អះអាង​ថា មេ​ឃាតក និង​បរិវារ ត្រូវ​បាន​គេ​ស្គាល់​មុខ​អស់​ហើយ​នោះ ទំនង​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ។
លោក កឹម សុខា៖ «ដោយសារ​ឃាតក​នៅ​មាន​អំណាច​រឹងមាំ​នៅ​ឡើយ មិន​ទាន់​បាត់បង់​អំណាច។ដូច្នេះ​ហើយ​ដោយសារ​សង្គម​របស់​យើង តុលាការ​មិន​មាន​យុត្តិធម៌ យើង​មិន​ទាន់​ចាប់​យក​ឃាតក​ទាំង​នោះ​យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ពេញ​ចិត្ត​នឹង​វិញ្ញាណក្ខន្ធ​របស់​វីរបាតុករ​យើង។ ក៏ប៉ុន្តែ យើង​ខ្ញុំ​មាន​ក្តី​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ឃាតក​ដែល​សម្លាប់​វីរ​បាតុករ​យើង​នឹង​ដេក​ក្នុង​ជា​មិន​ខាន»
ពិធី​រំលឹក​ខួប​ការ​គប់គ្រាប់​បែកដៃ កាល​ពី ១៧​ឆ្នាំ​មុន នៅ​ព្រឹក​​ថ្ងៃ​ទី​៣០ មីនា នៅ​មុខ​ចេតិយ​សួន​ច្បារ​វត្ត​បទុមវតី ក្រៅ​ពី​មេដឹកនាំ​ថ្លែង​សារ​នយោបាយ និង​ជនរងគ្រោះ​ថ្លែង​វិយោគកថា​ហើយ លើល​ពី​នេះ​ទៀត ក៏​មាន​រៀប​ចំ​ពិធី​តាម​បែប​សាសនា និង​រាប់បាត្រ​ព្រះសង្ឃ​ថែម​ទៀត​ផង។
ព្រឹត្តិការណ៍​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​១៩៩៧ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ មាន​មនុស្ស ១៦​នាក់​បាន​ស្លាប់ និង​ជិត ២០០​នាក់​ទៀត​រង​របួស។ ហេតុការណ៍​កាល​ណោះ មាន​គ្រាប់បែកដៃ​ចំនួន ៤​គ្រាប់​ត្រូវ​បាន​គប់​ចូល​ក្នុង​ហ្វូង​បាតុករ ដែល​ឈ​នៅ​មុខ​រដ្ឋសភា​ចាស់ ខណៈ​ពួក​គេ​ទាមទារ​ឲ្យ​តុលាការ​អនុវត្ត​ការងារ​ដោយ​យុត្តិធម៌ និង​កាត់​ក្ដី​ដោយ​តម្លាភាព មិន​ត្រូវ​រើស​អើង​អ្នក​ធំ ឬ​អ្នក​តូចតាច​អ្វី​ឡើយ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មាន​មេដឹកនាំ​សព្វថ្ងៃ​មួយ​ចំនួន និង​អ្នក​តែង​ការពារ​អតីត​មេដឹកនាំ​ក្នុង​របប​ខ្មែរ​ក្រហម​ផង នឹង​មិន​អាច​គេច​​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ។លោក​ចាត់​ទុក​ថា មេដឹកនាំ​នោះ​អាច​មាន​ទោស ព្រោះ​​ប្រឆាំង​ការ​រារាំង​ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​របស់​តុលាការ។ លោក​បន្ត​ថា មាន​ទឡ្ហីករណ៍​រួច​មក​ហើយ ដែល​តុលាការ​ខ្មែរ​ក្រហ​ មិន​អាច​បំពេញ​កិច្ចការ​របស់​ខ្លួន​ដោយ​ឯករាជ្យ ដូច​ជា​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រម​ទាំង​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ផង។
លោក សម រង្ស៊ី៖ «តុលាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​បាន​កោះ​លោក ហៅ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស គេ​កោះ​ហៅ​ស្រុក​គេ​ណា តែ​ចៅ​ក្រុម​កោះ​ហើយ បើ​អត់​ទៅ​ទេ​ជាប់​គុក។ តែ​នៅ​ស្រុក​យើង អាង​តែ​ខ្លួន​ឯង​ធ្វើ​អី អំណាច​ស្អី តុលាការ​គឺ​គេ​អត់​គិត​ទេ​រឿង​ហ្នឹង។ ហៅ​អត់​ទៅ ពីព្រោះ​មាន​មេ​ម្នាក់​ការពារ ថា​កុំ​ទៅ មិន​ចាំបាច់​ទៅ។ អ៊ូ! អា​ហ្នឹង​ងាប់​ទាំង​ឪ ងាប់​ទាំង​កូន​ហើយ។ ម្នាក់​ទៀត​ឈ្មោះ​លោក គាត ឈន់ ជា​ឧបនាយករដ្ឋមន្ត្រី​ផង ឥឡូវ​គេ​ឲ្យ​ការងារ​ជា​ឧបនាយករដ្ឋមន្ត្រី​អី អចិន្ត្រៃយ៍​ណាស់ វា​មិន​ដែល​ឃើញ​ឧបនាយករដ្ឋមន្ត្រី​អចិន្ត្រៃយ៍ ធ្លាប់​កាន់​ក្រសួង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ធ្លាប់​ធ្វើ​ដៃ​ស្កាំ ប៉ុល ពត»
បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​ថា សារ​របស់​មេ​បក្ស​ប្រឆាំង​នេះ ពុំ​មាន​ឥទ្ធិពល​អ្វី​ចំពោះ​ការ​បំពេញ​កិច្ចការ​ដោយ​ឯករាជ្យ​របស់​តុលាការ​ក្នុង​ពេល​បច្ចុប្បន្ន។ ហើយ​រដ្ឋាភិបាល​ក៏​ពុំ​ដែល​លូកលាន់​ណា​មួយ​ចូល​ក្នុង​កិច្ចការ​របស់​ប្រព័ន្ធ​យុត្តិធម៌​នោះ​ម្ដង​ណា​ដែរ។
លោក​ចាត់​ទុក​ថា នេះ​ជា​ទម្លាប់​របស់​លោក សម រង្ស៊ី ប៉ុណ្ណោះ៖ «ខ្ញុំ​ដូច​ជា​គ្មាន​អី​ភ្ញាក់ផ្អើល​ទេ សំដី​របស់​ឯកឧត្ដម សម រង្ស៊ី។ គាត់​និយាយ​តាំង​ពី​គាត់​ចូល​មក​កាន់​ស្រុក​ខ្មែរ គាត់​និយាយ​អ៊ីចឹង តាំង​ពី​ដើម​ទី​មក។ វា​អត់​មាន​អ្វី​ប្លែក សារ​ដដែល អត់​មាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ដទៃ​ទៀត»
ចំណែក​អតីត​ជំទប់​ទី​ពីរ​គណបក្ស​ប្រឆាំង នៅ​ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល អ្នកស្រី ទៅ ហេង ដែល​មាន​កូន​ស្រី ២​នាក់​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​កាល​ពី ១៧​ឆ្នាំ​មុន ក្នុង​ចំណោម​ជនរងគ្រោះ​មួយ​ចំនួន​ទៀត ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​គប្បី​បើក​ការ​ស៊ើបអង្កេត​ដោយ​ស្មោះត្រង់ ដើម្បី​នាំ​យក​អ្នក​បញ្ជា និង​ឃាតក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់។
លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​ពុំ​ដែល​ព្រងើយកន្តើយ​ក្នុង​ការ​ស្រាវជ្រាវ​រក​ជន​ដៃដល់​ម្ដង​ណា​ឡើយ ហើយ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ទៀត​សោត កំពុង​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​នៅឡើយ​ដែរ៖ «ថា​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​គឺ​ថា មិន​ទាន់​បិទ​សំណុំរឿង​នេះ​នៅ​ឡើយ​ទេ។ បាន​សេចក្ដី​ថា សំណុំរឿង​នេះ យើង​ហៅ​ថា ករណី ៣០៣ នេះ​នៅ​តែ​ដំណើរ​ការ​បើក​ចំហ​នៅ​ឡើយ»
និយាយ​ពី​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​វិញ របាំង​ការពារ​ផ្លូវ ត្រូវ​បាន​ពង្រាយ​យ៉ាង​តឹងរ៉ឹង​នៅ​តាម​ច្រក​ចូល​សំខាន់ៗ និង​មហាវិថី​មួយ​ចំនួន ដែល​ចូល​មក​កាន់​ពិធី។
បញ្ហា​នេះ លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​ឃ្លាំមើល​ព្រឹត្តិការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា មាន​ប្រសាសន៍​ថា នេះ​ជា​ការ​អនុវត្ត​រំលោភ​ច្បាប់ ដែល​រដ្ឋាភិបាល​តែង​អនុវត្ត​ក្នុង​ពេល​កន្លង​ទៅ​នេះ៖ «ខ្ញុំ​មើល​ឃើញ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ហ្នឹង បាន​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា​យើង​ជា​ច្រើន​ខណ្ឌ​ហើយ រួម​ទាំង​មាត្រា ៣៧ ដែល​និយាយ​អំពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី»
បើ​ទោះ​ជា​ព្រឹត្តិការណ៍​រំលឹក​ខួប​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ត្រូវ​បាន​រឹត​បន្តឹង​ផ្នែក​សន្តិសុខ និង​កម្លាំង​ត្រូវ​គេ​ពង្រាយ​ច្រើន​ខុស​ពី​ថ្ងៃ​សព្វ​មួយ​ដង​ក្ដី ក៏​ពិធី​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មាន​ការ​ប៉ះទង្គិច និង​ហិង្សា​ទេ ហើយ​ពិធី​ត្រូវ​រំសាយ​ទៅ​វិញ​មុន​ម៉ោង ១២​ថ្ងៃ​ត្រង់៕



No comments:

Post a Comment