Paris Peace Accords 23 Oct. 1991

Monday, March 31, 2014

អ្នកគាំទ្រ​ វិទ្យុ​សំបុក​ឃ្មុំ ពីរ​នាក់​ រងរបួស ក្នុង​ការបង្ក្រាប ​របស់​ ក្រុម​សន្តិសុខ សាលាខណ្ឌ​ដូនពេញ​​

អ្នករងរបួស ដោយសារក្រុមសន្តិសុខសាលាខណ្ឌដូនពេញបង្ក្រាប (រូបថត៖ តាត ឧត្តម)

ជនរងគ្រោះដោយការបង្ក្រាបរបស់សមត្ថកិច្ច ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន (រូបថត៖ តាត ឧត្តម)


អ្នកគាំទ្រ​ វិទ្យុ​សំបុក​ឃ្មុំ ពីរ​នាក់​ រងរបួស ក្នុង​ការបង្ក្រាប ​របស់​ ក្រុម​សន្តិសុខ សាលាខណ្ឌ​ដូនពេញ​​


ដោយ៖​ ណាត សុភាព​ /​ វីអូឌី | ថ្ងៃចន្ទ ទី31 ខែមិនា ឆ្នាំ2014

បុរស​ពីរ​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ១០០​នាក់ ដែល​ជា​អ្នកគាំទ្រ​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ បាន​រងរបួស​ក្បាល ខណៈ​ដែល​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ជាច្រើ​នាក់ បំបែក​ពួកគេ​មិន​ឲ្យ​ប្រមូលផ្តុំ​គ្នា នៅ​ក្បែរ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ដំឡើង​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​នៅតាម​ខេត្ត។​
​នៅ​ម៉ោង​ជិត ៨​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា​នេះ ប្រជាពលរដ្ឋ​ដែល​គាំទ្រ​លោក​ ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ប្រមាណ​ជាង ១០០​នាក់ បាន​ព្យាយាម​ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​នៅតាម​ខេត្ត ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​រាប់សិប​នាក់ រារាំង ហើយ​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ បាន​ប្រើ​ដំបង​វាយ​ទៅលើ​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ បណ្តោយ​ឲ្យ​បុរស​ម្នាក់​រងរបួស​ត្រង់​ក្បាល និង​ម្នាក់​ទៀត រងរបួស​ក្បែរ​ភ្នែក​។
បន្ទាប់​ពី​ការ​បំបែក ក្រុម​ប្រជាពលរដ្ឋ​ដែល​មកពី​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ បាន​ប្រមូលផ្តុំ​នៅ​ក្បែរ​វត្ត​ភ្នំ រងចាំ​លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ទៅ​កាន់​ទីនោះ ដើម្បី​បន្ត​ការតវ៉ា​របស់​ពួក​គាត់​បន្ត​ទៀត បើទោះជា​មាន​ការ​បំបែក​ក៏ដោយ​។​
​តែ​ទោះជា​យ៉ាងណា នៅ​ម៉ោង​ជិត ៩​ព្រឹក​នេះ លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ នៅ​ពុំទាន់​ទៅកាន់​កន្លែង​ប្រមូលផ្តុំ​នៅឡើយ​។​
​លោក ​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ធ្លាប់បាន​ប្រកាស​កាលពី​ថ្ងៃទី​២៤​ខែ​មីនា​ថា លោក​នឹង​មិន​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​នៅ ​ថ្ងៃទី​៣១​ ខែ​មីនា​នេះ​ទេ ព្រោះ​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត ហើយ​បើ​បាន​ការ​ធ្វើ​បាតុកម្ម​ណាមួយ​នៅថ្ងៃនេះ គឺជា​ឆន្ទៈ និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដែល​ចង់​មាន​ស្ថានីយទូរទស្សន៍ និង​វិទ្យុ​ឯករាជ្យ​។​
​កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៤ កន្លងទៅ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​អ្នកគាំទ្រ ប្រមាណ៣០០០​នាក់ ធ្លាប់បាន​ធ្វើ​បាតុកម្ម​ម្តង​រួចមកហើយ ដើម្បី​ទាមទារ​ហ្វ្រេ​កង់ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​ទៅ​តាម​ខេត្ត នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ហែ​ក្បួន​ទៅមុន​ក្រសួង​ព័ត៌មាន ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រើប្រាស់​គ្រាប់​បែកផ្សែង បាញ់​ទៅលើ​ក្រុម​ប្រជាពលរដ្ឋ ដើម្បី​បំបែក​ការតវ៉ា​របស់​ពួកគេ​នៅ​មុខ​ក្រសួង​ព័ត៌មាន ធ្វើឲ្យ​ពលរដ្ឋ​ជាច្រើន​នាក់ រងរបួស​ធ្ងន់ និង​ស្រាល​៕



No comments:

Post a Comment