អ្នកស្រីធីតា ឃឺស នាយិកាអង្គការលីលកា ដែលបានដឹកនាំក្រុមអង្គការសង្គមស៊ីវិលដាក់ញត្តិនៅតាមស្ថានទូត ប្រឈមនឹងការរារាំងរបស់កងកម្លាំងមានសមត្ថកិច្ចកាលពីថ្ងៃពុធទី២៩ ខែមករា ឆ្នាំ២០១៤។ (ហេង រស្មី VOA)
សង្គមស៊ីវិល ប្រឈម នឹង ការគាបសង្កត់ ពី អាជ្ញាធរ
ស៊ុយ ហ៊ាមខេមរា / វីអូអេ | ០៧ មីនា ២០១៤ភ្នំពេញ — របាយការណ៍ថ្មីបំផុតមួយបង្ហាញថា អាជ្ញាធរបានរឹតត្បិតនិងព្រងើយកន្តើយចំពោះកិច្ចសហការជាមួយក្រុមអង្គការសង្គមស៊ីវិល ដែលកំពុងបំពេញបេសកកម្មលើវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
របាយការណ៍ប្រចាំឆ្នាំ២០១៣ដែលចំណងជើងថា «ការវាយតម្លៃបរិយាកាសអំណោយផលសម្រាប់សង្គមស៊ីវិល» របស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ដែលចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញរៀបរាប់លម្អិតថា នៅថ្នាក់មូលដ្ឋាន និងតាមបណ្តាខេត្តមួយចំនួនមានការរឹតត្បិតច្រើនដោយរដ្ឋាភិបាលថ្នាក់ក្រោមជាតិលើសេរីភាពខាងការជួបជុំ និងការការបញ្ចេញមតិរបស់ក្រុមអង្គការសង្គមស៊ីវិល។ របាយការណ៍កម្រាស់៨៤ទំព័របានធ្វើកិច្ចសម្ភាសន៍ជាមួយបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលសំខាន់មកពីមជ្ឈដ្ឋានផ្សេងៗគ្នាចំនួន២៤រូប។ របាយការណ៍នេះបញ្ជាក់ថា អ្នកផ្តល់បទសម្ភាសន៍ស្ទើរតែទាំងអស់យល់ស្របថា ការយល់ដឹង និងសមត្ថភាពនៃការអនុវត្តច្បាប់របស់មន្ត្រីរាជការមួយចំនួនបានបង្កជា«ឧបសគ្គធំ» រារាំងដល់ដំណើរការរបស់អង្គការសង្គមស៊ីវិល។
របាយការណ៍ដដែលលើកឡើងថា កង្វល់កាន់តែកើនឡើងក្រោយពីការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣ ដោយហេតុថា អ្នកមានអំណាច និងសមាជិកកងកម្លាំងសន្តិសុខ ពោលគឺនគរបាល និងយោធាកំពុងប្រើសម្ពាធ ការបង្ខិតបង្ខំ និងរហូតដល់ការប្រើកម្លាំងដើម្បីចាត់ការជាមួយបុគ្គលិកអង្គការ និងសមាជិក។
ហើយនិន្នាការបែបនេះកើតមានឡើងកាន់តែស្តែងឡើងទៅលើអង្គការនានា ដែលធ្វើការលើសកម្មភាពការពារសិទ្ធិដីធ្លីរបស់សហគមន៍ក្រីក្រក្នុងក្រុងភ្នំពេញ និងជនបទ ជាពិសេស អង្គការដែលធ្វើការពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិ និងការជំរុញសេរីភាពបញ្ចេញមតិ។
ប្រភពមួយ ដែលបានដកស្រង់សម្តីដាក់ក្នុងរបាយការណ៍នេះ លើកឡើងថា៖ «យើងទទួលបានការគំរាមច្រើន និងការសម្លុតថា នឹងសម្លាប់ ឬបិទការិយាល័យ។ ពួកគេបានបញ្ជូននគរបាលមកតាមដានសកម្មភាពរបស់យើង»។
អ្នកស្រីអែល សុធារី ប្រធានកម្មវិធីរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាលើកឡើងថា នៅក្នុងខ្សែភ្នែករបស់ក្រុមអាជ្ញាធរ អង្គការសង្គមស៊ីវិលប្រៀបដូចជាអ្នកប្រឆាំង។
«ជាពិសេសអង្គការដែលកំពុងធ្វើការលើបញ្ហារស៊ើបនៅកម្ពុជា ដូចជាអំពើពុករលួយ យុត្តិធម៌ ការតស៊ូមតិ និងសិទ្ធិមនុស្ស ជារឿយៗត្រូវបានមន្ត្រីរដ្ឋាភិលបាល ជាពិសេសអាជ្ញាធរមួយចំនួនចាត់ទុកថា ជាអ្នកគាំទ្រគណបក្សប្រឆាំងទៅវិញ។ តាមពិតទៅ អ្វីដែលសង្គមស៊ីវិលធ្វើពាក់ព័ន្ធហ្នឹងគឺចង់ផ្សារភ្ជាប់គម្លាតរវាងរដ្ឋាភិបាល ដែលជាអ្នកបំពេញកិច្ច និងប្រជាពលរដ្ឋដែលអ្នកមានសិទ្ធិ»។
អ្នកស្រីអែល សុធារីត្អូញត្អែរថា រដ្ឋាភិបាលមិនយកចិត្តទុកដាក់នឹងការផ្តល់អនុសាសន៍របស់សង្គមស៊ីវិលទេ។
«ឃើញថា មានឯកសារស្រាវជ្រាវដែលត្រូវបានដាក់ជូនដល់រដ្ឋាភិបាលដើម្បីពិចារណា ប៉ុន្តែឃើញថា ការទទួលយកហ្នឹងនៅមានកម្រិតតិចមែនទែន»។
របាយការណ៍ខាងលើបន្ថែមថា រដ្ឋាភិបាលបានប្រើប្រាស់ច្បាប់ស្តីពីការធ្វើបាតុកម្មឆ្នាំ២០០៩ ច្បាប់ប្រឆាំងអំពើពុករលួយ និងសេចក្តីព្រាងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល និងសមាគម ធ្វើជាឧបករណ៍ដាក់សម្ពាធលើអង្គការសង្គមស៊ីវិល។
លោកអំ សំអាតគឺជាប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ។ លោកយល់ស្របទៅនឹងការលើកឡើងក្នុងរបាយការណ៍នេះ។
«អ្វីដែល'មិនត្រូវ' យើងថា 'មិនត្រូវ'។ យើងធ្វើការដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋក្នុងប្រទេសកម្ពុជា។ អញ្ចឹងអ្វីដែលយើងធ្វើទៅប៉ះពាល់ដល់ផងប្រយោជន៍របស់គេ អ្វីដែលយើងធ្វើទៅមិនស្របទៅនឹងគេនោះ បានធ្វើឲ្យគេចេះតែចោទប្រកាន់យើង»។
លោកនី ចរិយា ប្រធានក្រុមស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា អាជ្ញាធរមិនសូវសប្បាយចិត្តនឹងអង្គការរបស់លោកទេ ដោយសារតែអង្គការរបស់លោកបង្ហាញនូវបញ្ហាដែលកំពុងតែកើតមានឡើងក្នុងសង្គម។
លោកកែម ឡី អ្នកវិភាគសង្គមឯករាជ្យនៅកម្ពុជា មើលឃើញថា ស្ថានភាពការងាររបស់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា នាពេលបច្ចុប្បន្ន កាន់តែមានភាពពិបាកឡើងៗ ដោយសារបរិយាកាសនយោបាយ។
«ធ្វើឲ្យមានភាពស្មុគស្មាញ រាំស្ទះដល់ការងាររបស់ NGOs ទៅវិញ។ បើនៅស្រុកគេវិញ នៅម៉ាឡេស៊ី រដ្ឋាភិបាលគេឲ្យលុយទៅអង្គការទៀត នៅឈៀងម៉ៃចឹងដែរ គេឲ្យលុយដើម្បីទៅធ្វើការ អ្វីដែលរដ្ឋាភិបាលមិនទាន់ធ្វើបាន»។
ទោះជាយ៉ាងណា លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានច្រានចោលការរកឃើញរបស់របាយការណ៍ខាងលើ។ លោកនិយាយថា អ្វីដែលរកឃើញនេះមិនឆ្លុះបញ្ចាំងការណ៍ពិតនៅក្នុងប្រទេសកម្ពុជាទេ ហើយថា រដ្ឋាភិបាលកម្ពុជាតែងបើកចំហទ្វារដើម្បីសហការជាមួយអង្គការក្រៅរដ្ឋាភិបាល។
«រដ្ឋាភិបាលជាស្ថាប័នជាតិ ដែលកើតចេញពីឆន្ទៈរបស់មហាជន ខុសប្លែកពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលគ្រាន់តែទទួលលុយគេមកធ្វើការប៉ុណ្ណោះ។ រដ្ឋាភិបាលតែងបើទ្វារចំហក្នុងភាពជាដៃគូពិភាក្សាគ្នាដើម្បីគោលដៅរួមគឺអភិវឌ្ឍន៍សង្គម»។
ទោះបីជាយ៉ាងណាក្តី របាយការណ៍នេះក៏បានលើកឡើងផងដែរថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលធ្វើការលើការអភិវឌ្ឍកសិកម្ម អប់រំ និងមនុស្សធម៌ មានទំនាក់ទំនងងាយស្រួលជាមួយរដ្ឋាភិបាល៕
No comments:
Post a Comment