Paris Peace Accords 23 Oct. 1991

Friday, March 7, 2014

រដ្ឋាភិបាល​ ស្ទាក់ស្ទើរ ទប់ស្កាត់​ ក្រុម​អ្នកចូលរួម ​ប្រារព្ធ ​ទិវា​សិទ្ធិ​នារី ​អន្តរជាតិ​ ៨ ​មីនា​​

រដ្ឋាភិបាល​ ស្ទាក់ស្ទើរ ទប់ស្កាត់​ ក្រុម​អ្នកចូលរួម ​ប្រារព្ធ ​ទិវា​សិទ្ធិ​នារី ​អន្តរជាតិ​ ៨ ​មីនា​​


ដោយ៖​ ញឹម សុខន​ ​​ / វីអូឌី | ថ្ងៃសុក្រ ទី7 ខែមិនា ឆ្នាំ2014

មន្ត្រីជាន់ខ្ពស់ របស់​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​សុក្រ​នេះ បង្ហាញ​ជំហរ​ស្ទាក់ស្ទើរ ពី​ការបើក​ទូលាយ សេរីភាព​បញ្ចេញមតិ ខណៈ​មាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ច្រើន​ពាន់​នាក់ ប្រកាស​ចូល​រូ​ម​ទិវា​សិទ្ធិ​នារី​អន្តរជាតិ នា​ថ្ងៃស្អែក​នេះ។​
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ឲ្យ​VOD​ដឹងថា នៅ​ថ្ងៃ​ទី​៨ ​មីនា​ស្អែក​នេះ កម្លាំង​សមត្ថកិច្ច នឹង​ដាក់​ពង្រាយ​តាម​គោលដៅ ក្នុង​រាជធានី​ភ្នំពេញ ដូចពេលមុនៗ ដើម្បី​ការពារ​សណ្តាប់​ធ្លាប់សាធារណៈ​។​
​លោក​ ខៀវ សុភ័គ បន្តថា សម្រាប់​លោក​ផ្ទាល់ មិន​ចង់ឲ្យ មាន​ការប៉ះទង្គិច​គ្នា ដោយ​ហិង្សា រវាង​សមត្ថកិច្ច​និង​ក្រុមអ្នកតវ៉ា​ឡើយ​។ ​ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា​តើ​អាជ្ញាធរ​នឹង​បើក​ទូលាយ​ឲ្យ​អ្នកចូលរួម​ប្រារព្ធ​ពិធី​នេះ​ដោយ​សន្តិវិធី​ឬ​ក៏​យ៉ាងណាទេ «ខ្ញុំថា ប្រសិនគ្មានការបង្ក្រាប បំបែក គឺថាល្អបំផុត ដែលចង់បាន គឺចង់បានតែប៉ុណ្ណឹង សង្ឃឹមថា អត់មានការបង្ក្រាប ការបំបែកអី ហើយសូមបួងសួងកុំឲ្យមានបញ្ហាហ្នឹងកើតឡើង ជាពិសេស គឺអំពើហិង្សាហ្នឹងឯង»។​
អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ អះអាងថា នគរបាលជាតិ​និង​សហការ​ជាមួយ​ស្ថាប័ន​ផ្សេង​ទៀត ដើម្បីការពា​រសណ្តា​ប់​ធ្លាប់​ឲ្យ​បានល្អ។ ប៉ុន្តែ​លោក​មិន​បញ្ជាក់ថា ​នឹងមានការ​បង្ក្រាប​លើ​អ្នកចូល​រួម​ប្រារ​ព្ធ​ពិធីនោះ ឬទេ បើសិន​ពួកគេ​នៅតែ​បន្ត​សកម្មភាព​តាម​ការគ្រោងទុក «អ៊ីចឹង ការសម្តែងមតិ មិនមែនមានន័យថា ទាល់តែ ធ្វើនៅត្រង់នេះ ត្រង់នោះ ដែលគាត់ចង់ទាមទារនោះទេ គាត់ត្រូវយល់ថា កាលៈទេសៈស្រុកទេស សណ្តាប់ធ្នាប់ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈហ្នឹង វាមានផលប្រយោជន៍សម្រាប់សង្គមជាតិ ទាំងមូល។ អ៊ីចឹងគាត់គួរតែ ពេលខ្លះគឺថាសម្រប់សម្រួល ធ្វើម៉េចដើម្បីឲ្យបាន សម្តែងមតិ និងឲ្យបានសមរម្យទៅ ដើម្បីឲ្យទីកន្លែង ទីតាំងអី សូមរួមចំនែក ដើម្បីគិតគូរពីផលប្រយោជន៍របស់សង្គមជាតិយើងទាំងមូល»។
មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក​ អំ សំអាត មានប្រសាសន៍ថា បើ​មាន​ហិង្សា​បណ្តាល​ឲ្យ​ពលរដ្ឋ​រង​គ្រោះ នោះ​រដ្ឋាភិបាល​នឹងរង​ការរិះគន់​ថា​រំលោភ​សិទ្ធិមនុស្ស​។ ​ប៉ុន្តែ​លោក​យល់ថា ករណី​នេះ​រដ្ឋាភិបាល ធ្វើ​យ៉ាងបង្ហាញថា សេរីភាប​បញ្ចេញមតិ ដោយ​សន្តិវិធី​ត្រូវ​ធានា​ដូច​អ្វី​ដែល​មានចែង​នៅក្នុង​ច្បាប់​ «ប្រសិនជាអាជ្ញាធរ លោកជ្រើសរើសនូវជំហរ នៃការប្រើប្រាស់អំពើហិង្សា យើងជាសង្គមស៊ីវិល យើងមិនគាំទ្រជាដាច់ខាត។ យើងសុំឲ្យមានាករចរចា ឬក៏ការដោះស្រាយគ្នាណាមួយដោយសន្តិវិធីណាមួយកើតឡើង កាលណាមានអំពើហិង្សា គឺមានជះសនកម្ម អ៊ីចឹងអ្នកដែលរងរបួស វាអាចជាកម្មករ កម្មការិនីឬមួយក៏ប្រជាពលរដ្ឋច្រើន ហើយរួមទាំងសមត្ថកិច្ចផងដែរនេះ១។ ទី២ វាធ្វើឲ្យកិត្តិយស កិត្តិនាមនៃប្រទេសកម្ពុជាយើង វាមិនល្អ គឺថាប្រទេសកម្ពុជាយើង នៅតែមានការរំលោភសិទ្ធិមនុស្សជាដើម»។
​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព ប្រកាស​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ លើក​ទី​១០៣​ដែល​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជា​៣​ម៉ឺន​នាក់។​
​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ បាន​ច្រានចោល សំណើ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​សំអាង​ហេតុផល​ថា ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ និង​សណ្តាប់​ធ្លាប់​សង្គម៕




No comments:

Post a Comment