គណបក្ស សង្គ្រោះជាតិ ស្នើឲ្យមាន ជំនួបកំពូល រវាង គណបក្ស ទាំងពីរ មុននឹងបន្តប្រជុំ គណៈកម្មការចម្រុះ
ដោយ៖ ពេជ្រ សុធារី / វីអូឌី | ថ្ងៃចន្ទ ទី24 ខែមិនា ឆ្នាំ2014
គណបក្សសង្គ្រោះជាតិ ប្រកាសផ្អាកការប្រជុំរបស់គណៈកម្មការចម្រុះ រវាងគណបក្សទាំងពីរ មួយរយៈសិន ដោយស្នើឲ្យមានជំនួបកំពូលរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ ធ្វើសេចក្តីសម្រេចជាមុនសិន អំពីការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត (គ.ជ.ប) និងកាលបរិច្ឆេទនៃការបោះឆ្នោតឡើងវិញ។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅរសៀលថ្ងៃទី២៤ ខែមីនានេះ បានលើកឡើងថា ការជួបប្រជុំរវាងគណៈកម្មការចម្រុះនៃគណបក្សទាំងពីរ មិនអាចដោះស្រាយបញ្ហាជាអទិភាពក្នុងក្របខណ្ឌនៃការរៀបចំ ការបោះឆ្នោត នាពេលខាងមុខ ឲ្យស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ បានទេ។ សេចក្តីថ្លែងការណ៍ដដែល បន្តថា កិច្ចប្រជុំរបស់គណៈកម្មការចម្រុះ ក្នុងរយៈពេលមួយសប្តាហ៍ម្តង នាពេលកន្លងមក និងមិនហ៊ានធ្វើសេចក្តីសម្រេចលើគោលការណ៍ជាអាទិភាពនៃកំណែទម្រង់ការបោះឆ្នោតនោះ គឺជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអូសបន្លាយពេលវេលា និងគ្មានឆន្ទៈ ក្នុងការកែទម្រង់ការបោះឆ្នោតប៉ុណ្ណោះ។
ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំចរចាលើការកែទម្រង់ការបោះឆ្នោត នៅព្រឹកថ្ងៃចន្ទនេះ ពុំទទួលបានលទ្ធផល និងពុំបានចេញសេចក្តីថ្លែងការណ៍រួម ដោយសារខ្វែងគំនិតគ្នាលើរបៀបវារៈចំនួនពីរ គឺក្រុមការងារគណៈកម្មការចម្រុះគណបក្សសង្គ្រោះជាតិ ស្នើឲ្យដាក់ គជប ជាស្ថាប័នធម្មនុញ្ញ និងពន្លឿងជំនួបចរចារយៈពេលបីថ្ងៃម្តង ប៉ុន្តែក្រុមការងារគណៈកម្មការចម្រុះគណបក្សប្រជាជនកម្ពុជា បដិសេធ៕
No comments:
Post a Comment