Paris Peace Accords 23 Oct. 1991

Saturday, March 8, 2014

អ្នក​ មាន​ជម្លោះ​ដី​ នៅ​កំពង់ចាម​ ស្នើ​ឲ្យ​ អាជ្ញាធរ ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី

ជម្លោះ​ដី កំពង់ចាម ៦១០
ស្ត្រី ៤​នាក់​ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្នងក្រពើកើត និង​ខ្នងក្រពើលិច ដែល​បាន​ចូល​រួម​វគ្គ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៤។

អ្នក​ មាន​ជម្លោះ​ដី​ នៅ​កំពង់ចាម​ ស្នើ​ឲ្យ​ អាជ្ញាធរ ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី


ដោយ សូត សុខប្រាថ្នា / អាស៊ីសេរី | ០៧ មីនា ២០១៤
តំណាង​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​នៅ​ឃុំ​ត្រមូង ស្រុក​មេមត់ ខេត្ត​កំពង់ចាម ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ បាន​ជួប​ជាមួយ​អភិបាល​ខេត្ត​កំពង់ចាម និង​ដាក់​សំណើ​អោយ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់ កាល​ពី​ថ្ងៃ​ទី​៦ មីនា។ អភិបាល​ខេត្ត​កំពង់ចាម បញ្ជាក់​ថា នឹង​បញ្ជូន​សំណើ​នេះ​ទៅ​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី​ថ្នាក់​ជាតិ ពីព្រោះ​ខាង​ខេត្ត​មិន​អាច​មាន​សមត្ថភាព​ក្នុង​ការ​សម្រេច​នោះ​ទេ។
តំណាង​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១៥​នាក់ ស្នើ​ឱ្យ​អភិបាល​ខេត្ត​កំពង់ចាម ជួយ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី ដោយ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​ពួក​គាត់ ពីព្រោះ​ពួក​គាត់​មិន​អាច​រង់ចាំ​ចំណាត់​ការ​របស់​អាជ្ញាធរ ដែល​ចេះ​តែ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​ជូន​ពួក​គាត់​ត​ទៅ​ទៀត​បាន​ឡើយ។
តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្នងក្រពើលិច ឃុំ​ត្រមូង ស្រុក​មេមត់ ខេត្ត​កំពង់ចាម ម្នាក់ អ្នកស្រី ឃុត ស្រីអូន មាន​ប្រសាសន៍​ថា កន្លង​មក​របាយការណ៍ និង​សំណើ​របស់​ពួក​គាត់​ត្រូវ​បាន​បញ្ជូន​មក​ថ្នាក់​ស្រុក និង​ខេត្ត​រួច​ហើយ ក្នុង​ការ​ដោះស្រាយ​នោះ ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​ទទួល​ដំណឹង​អ្វី​សោះ​ឡើយ៖ «ហើយ​ឥឡូវ​ហ្នឹង ប្រជាពលរដ្ឋ​ខ្ញុំ​ហ្នឹង​សំណូមពរ​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ហ្នឹង​ទាំង​ភូមិ​ខ្នងក្រពើលិច និង​ខ្នងក្រពើកើត ហ្នឹង គឺ​មិន​ព្រម​ចាក​ចេញ​ពី​កន្លែង​ហ្នឹង​ទេ។ សូម​ឱ្យ​ឯកឧត្តម​ណា​ក៏ដោយ ថ្នាក់​ជាតិ​ណា ផល​អវិនិយោគ ដំណោះស្រាយ​ផល​ប៉ះពាល់​ណា​ក៏ដោយ សុំ​ឱ្យ​អ្នក​ធំ​ទាំងអស់​ហ្នឹង​ដែល​កាន់​កាប់​កន្លែង​ហ្នឹង សុំ​ឱ្យ​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​នឹង​កន្លែង អត់​ព្រម​ដូរ​ទៅ​ណា​ទេ»
អ្នកស្រី​ថ្លែង​បន្ត​ថា កន្លង​មក​អាជ្ញាធរ​បាន​ប្រាប់​ឱ្យ​ពួក​គាត់​ទទួល​យក​តំបន់​អភិវឌ្ឍន៍​កន្លែង​ថ្មី ប៉ុន្តែ​ពួក​គាត់​មិន​ព្រម ដោយ​អះអាង​ថា ពួក​គាត់​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨០ ដែល​វា​ស្រប​ទៅ​តាម​ច្បាប់​ភូមិបាល អាច​នឹង​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ ហើយ​ពួក​គាត់​ព្រម​ទទួល​យក​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ល្អ​ជាង​ទៅ​រស់​នៅ​កន្លែង​ថ្មី ដែល​ប្រៀប​បាន​ទៅ​នឹង​ការ​ចាប់​ផ្ដើម​ពី​ចំណុច​សូន្យ​នោះ។
អភិបាល​ខេត្ត​កំពង់ចាម លោក លន់ លឹមថៃ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៦ មីនា ថា លោក​បាន​ទទួល​សំណូមពរ​របស់​តំណាង​ប្រជាពលរដ្ឋ និង​ខិតខំ​ធ្វើ​សំណើ​នោះ​បញ្ជូន​ទៅ​ថ្នាក់​ជាតិ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច ចំណែក​ខាង​ខេត្ត​គ្មាន​សិទ្ធិ​សម្រេច​នោះ​ឡើយ៖ «សរុប​មក យើង​មាន​ការ​ខិតខំ ហើយ​ក៏​បាន​រាយការណ៍​ជូន​ជា​បន្តបន្ទាប់​ដែរ ទៅ​ខាង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ដីធ្លី ក៏​ដូច​ជា​គណៈកម្មាធិការ​អវិនិយោគ។ ឥឡូវ​នេះ យើង​បាន​ធ្វើ​អត្តសញ្ញាណកម្ម​រួច​ហើយ​ដែរ ហើយ​យើង​នឹង​ផ្ញើ​ឯកសារ​ទៅ ហើយ​បើ​មាន​ការ​សម្រេច​ថា​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​ថ្នាក់​គណៈកម្មាធិការ​ថ្នាក់​ជាតិ»
លោក​បន្ត​ថា កន្លង​មក​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ថ្នាក់​ជាតិ បាន​សិក្សា​រួច​ហើយ​ចំពោះ​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ហើយ​មាន​សំណង​ជា​ផ្ទះ ជា​ដី​ធ្លី​នៅ​កន្លែង​ថ្មី ដែល​មាន​ទីផ្សារ សាលារៀន ទឹក ភ្លើង នៅ​ផ្លាក​សំរោង ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ទទួល​យក​សំណង ក្នុង​ការ​ផ្លាស់​ទៅ​រស់​នៅ​កន្លែង​ថ្មី​ហើយ​ដែរ។ ប៉ុន្តែ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ មិន​ព្រម​ទទួល​យក​ការ​រស់​នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា ការ​តវ៉ា គឺ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ប្រសិន​បើ​ប្រជាពលរដ្ឋ​មិន​មាន​ភាព​អត់ធ្មត់​នោះ អាច​នឹង​ធ្វើ​ឱ្យ​ការ​ដោះស្រាយ​កាន់​តែ​មាន​ការ​លំបាក ពីព្រោះ​ទាំង​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ កំពុង​តែ​ខិតខំ​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ភាគី​ទំនាស់​ទាំង​សង​ខាង​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា។
តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ភូមិ​ខ្នងក្រពើកើត អ្នកស្រី ព្រំ ដាណែត បាន​លើក​ឡើង​ថា ប្រសិន​បើ​ជា​ការ​សន្យា​របស់​លោក​អភិបាល​ខេត្ត​ថា នឹង​ផ្តល់​ដំណឹង​ឱ្យ​ពួក​គាត់​វិញ​ក្នុង​រយៈពេល​យ៉ាង​យូរ​កន្លះ​ខែ បែរ​ជា​មិន​មាន​ការ​ឆ្លើយ​តប​វិញ​នោះ ពួក​គាត់​នឹង​ឡើង​ទៅ​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ថ្នាក់​ជាតិ​តែ​ម្តង៖ «តាម​ខ្ញុំ​ជួប​ហ្នឹង​កន្លះ​ខែ ទុក​ឱកាស​គាត់​ខ្លះ​ខែ គាត់​នឹង​ផ្តល់​ដំណឹង។ ប្រសិន​បើ​អភិបាល​ខេត្ត​មិន​បាន​ផ្តល់​ដំណឹង​អី​ទេ ខ្ញុំ និង​កម្លាំង​ពួក​ខ្ញុំ​ប្រជាពលរដ្ឋ​ហ្នឹង​ឡើង​ទៅ​គណៈកម្មាធិការ​អវិនិយោគ​ថ្នាក់​ជាតិ ស្នើសុំ​ទៅ​គណៈកម្មាធិការ​ថ្នាក់​ជាតិ​តែ​ម្តង។ តើ​រឿង​ខ្ញុំ​ហ្នឹង​យ៉ាង​ម៉េច ដោះស្រាយ​យ៉ាង​ណា​បាន ឬ​មិន​បាន ចង់​ដឹង​អ៊ីចេះ?»
អ្នកស្រី​បន្ត​ថា នៅ​តំបន់​ចម្ការ​កៅស៊ូ​ផ្សេងៗ គេ​ដោះស្រាយ​រួច​ហើយ លើក​លែង​តែ​តំបន់​ពួក​គាត់​ដែល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​នេះ​ទេ ដែល​មិន​ព្រម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។ អ្នកស្រី​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​ភូមិ​ខ្នងក្រពើកើត និង​ខ្នងក្រពើលិច ដែល​ប៉ះពាល់​មាន​ប្រមាណ​ជាង ៦០០​គ្រួសារ ដែល​មាន​ទំហំ​ដី​សរុប​ប្រហែល ២០​ហិកតារ គឺ​មិន​ស្នើ​នឹង​អ្នក​មាន​លុយ មាន​អំណាច​ម្នាក់​នៅ​តំបន់​នោះ​កាន់​កាប់​ដី​មួយ​កន្លែង​ផង។
មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ចាម លោក នាង សាវ៉ាត មាន​ប្រសាសន៍​ថា វា​ជា​រឿង​យឺតយ៉ាវ​របស់​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​មិន​ព្រម​ចាត់​វិធាន​ការ​ចំពោះ​បញ្ហា​នេះ ហើយ​នៅ​តែ​ពន្យារ​ពេល​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក​នោះ។ លោក​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​នៅ​តែ​ពន្យារ​ពេល​ត​ទៅ​ទៀត​នោះ នឹង​អាច​មាន​បញ្ហា​កាន់​តែ​ធំ ពីព្រោះ​ការ​ឈឺ​ចាប់​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​នោះ ការ​តវ៉ា​នឹង​អាច​កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ​ជា​មិន​ខាន៕




No comments:

Post a Comment