គណបក្ស សង្គ្រោះជាតិ ថ្កោលទោស អាជ្ញាធរ ដែលរារាំង កម្មករ មិនឲ្យ ប្រារព្ធទិវាសិទ្ធិនារី
ដោយ៖ ពេជ្រ សុធារី / វីអូឌី | ថ្ងៃសៅរ៍ ទី8 ខែមិនា ឆ្នាំ2014
គណបក្ស សង្គ្រោះជាតិ ថ្កោលទោស អាជ្ញាធរ ដែលដឹកនាំ ដោយ គណបក្ស ប្រជាជនកម្ពុជា ចំពោះ ការរារាំង និងគំរាមកំហែង មិនឲ្យមាន ការជួបជុំ រៀបចំវេទិកាសាធារណៈ និងប្រារព្ធ ទិវាសិទ្ធិនារី អន្តរជាតិ ទីលានប្រជាធិបតេយ្យ របស់ក្រុមសហជីព អង្គការ សង្គមស៊ីវិល និងសហគមន៍នានា នៅព្រឹកថ្ងៃសៅរ៍នេះ។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី០៨ខែមីនានេះ លើកឡើងថា សហជីព អង្គការសង្គមស៊ីវិល និងសហគមន៍នានា ប្រារព្ធទិវាសិទ្ធិនារីពិភពលោក ដោយសន្តិវិធី និងអហិង្សា ប៉ុន្តែត្រូវបានអាជ្ញាធរដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រារាំង ទប់ស្កាត់ និងគំរាមកំហែង ដោយមិនឲ្យមានការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដែលជាការរំលោភលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
ក្នុងសេចក្តីថ្លែងការណ៍ ក៏បានចោទជាសំណួរថា តើបង្កើតទីលានប្រជាធិបតេយ្យដើម្បីអ្វី? ទីលានប្រជាធិបតេយ្យ សម្រាប់ដាក់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ដើម្បីរារាំង និងបង្ក្រាបប្រជាពលរដ្ឋ ដែលជួបជុំដោយសន្តិវិធី អហិង្សា ឬដើម្បីទុកឲ្យប្រជាពលរដ្ឋសម្តែងមតិ តាមគោលការណ៍ប្រជាធិបតេយ្យ ឬយ៉ាងណា?
នៅព្រឹកថ្ងៃសៅរ៍នេះ អាជ្ញាធររាជធានីភ្នំពេញ រាប់រយនាក់ បានបិទផ្លូវចេញចូលទីលានប្រជាធិបតេយ្យ ខណៈដែលក្រុមសហព័ន្ធសហជីព និងអង្គការសមាគមចំនួន១៨ ធ្វើវេទិកាសាធារណៈស្តីពីសិទ្ធិការងារ ទាមទារដំឡើងប្រាក់ឈ្នួលជូនកម្មករ ១៦០ដុល្លារក្នុងមួយខែ និង លក្ខខណ្ឌការងារសមរម្យ ព្រមទាំងទាមទារឲ្យដោះលែងអ្នកជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុងទាំង២១នាក់៕
No comments:
Post a Comment