Paris Peace Accords 23 Oct. 1991

Thursday, March 20, 2014

អ្នក​មាន​ជម្លោះ​ដីធ្លី​ ជិត​១០​ រាជធានី​ ខេត្ត ​ជំរុញ​ ឲ្យ​រដ្ឋាភិបាល​ ដោះស្រាយ​ជម្លោះ​ដីធ្លី​ ឲ្យមាន​ប្រសិទ្ធភាព​​

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត សៀមរាប លោក ភួង សូរិយា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃពុធនេះ(រូបថតដោយជន ស្រីណុច)

អ្នក​មាន​ជម្លោះ​ដីធ្លី​ ជិត​១០​ រាជធានី​ ខេត្ត ​ជំរុញ​ ឲ្យ​រដ្ឋាភិបាល​ ដោះស្រាយ​ជម្លោះ​ដីធ្លី​ ឲ្យមាន​ប្រសិទ្ធភាព​​


ដោយ៖​ ជន ស្រីណុច​ / វីអូឌី | ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត​១០​រាជធានី​ខេត្ត នៅ​ថ្ងៃ​ពុធ​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ចាត់វិធានការ ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ឲ្យមាន​ប្រសិទ្ធភាព ខណៈ​ពួកគេ​នៅតែ​រង​ការគំរាមកំហែង​យក​ដី​ពី​សំណាក់ មន្ត្រី​អ្នកមាន​អំណាច។​
​ការអំពាវនាវ​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សមាគម​អាដហុក រាជធានី​ភ្នំពេញ ស្តីពី​យុទ្ធនាការ​ដាក់​បណ្តឹង​វិវាទ​ដីធ្លី ជូន​អាជ្ញាធរ​ជំនាញ​មាន​សមត្ថកិច្ច នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៩ ខែ​មីនា ។​
​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត សៀមរាប លោក ភួង សូរិយា បាន​យំ​រៀបរាប់​នៅក្នុង​សន្និសីទ​ថា ប្រជាពលរដ្ឋ​៩៥​គ្រួសារ​នៅ​តំបន់​លោក​កំពុងតែ​រងគ្រោះ​យ៉ាង​ខ្លាំង ដោយសារតែ មេ​កងពល និង  អភិបាលស្រុក​វារិ​ន កំពុងតែ​រំលោភបំពាន​យក​ដី និង​គំរាម​សម្លាប់​ទាំង​គ្រួសារ ។ លោក​បន្តថា ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្តឹង​ស្ទើរ​គ្រប់​កន្លែង​ទាំងអស់ តែ​មិន​ទទួលបាន​លទ្ធផល​ទេ ផ្ទុយ​ទៅវិញ​បាន​រង​នូវ​ការបាញ់​គំរាម​គ្រប់បែបយ៉ាង។
លោក​ភួង សូរិយា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ឲ្យបាន​រហ័ស ព្រោះ​ពេល​នេះ​ពួកគេ កំពុងតែ​ជួប​ទុក្ខវេទនា​យ៉ាង​ខ្លាំង ។
​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​កោះកុង លោក រ៉ុង គី មានប្រសាសន៍ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្ម​ស ស្រុក​បទុម​សាគរ ខេត្ត​កោះកុង ត្រូវបាន​ក្រុមហ៊ុន​ចិន​យូ​ញៀន​ដែល​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ប៉ះពាល់​លើដី​ប្រមាណ​៣៦០០​ហិកតា ដែល​បញ្ហា​នេះ​កើត​ឡើង​តាំងពី​ឆ្នាំ​២០០៨​រហូតមកដល់​បច្ចុប្បន្ន នៅ​មិនទាន់មាន​ដំណោះស្រាយ​។ លោក​អំពាវនាវ ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ​ឲ្យបាន​ឆាប់រហ័ស ចាប់តាំងពី​ក្រុមហ៊ុន​នេះ​ចូល​ទៅ​ឈួស​ឆាយ​ផ្ទះ​និង​ដីចម្កា ។
​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ផៃ ស៊ីផា​ន មានប្រសាសន៍ថា រដ្ឋាភិបាល​កំពុង​តែ​ដោះស្រាយ​បញ្ហា​ទាំងនេះ ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​ចង់បាន​ឆាប់ គួរតែ​ដាក់​ពាក្យបណ្តឹង​នោះ ទៅ​ប្រព័ន្ធ​តុលាការ​ផ្ទាល់ ។​
​ប្រធាន​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ធន់ សារាយ មានប្រសាសន៍ថា នេះ​គឺជា​បញ្ហា​ធំ ដែល​រដ្ឋាភិបាល​ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់ ព្រោះ​កន្លងមក​រដ្ឋាភិបាល​តែងតែ​សន្យាថា រាល់​ការអភិវឌ្ឍន៍ នឹង​មិន​ធ្វើឲ្យ​ប៉ះពាល់​ការរស់នៅ​ប្រជាជន​ទេ តែ​បច្ចុប្បន្ន​ភាគច្រើន​អ្នក​ដែល​រំលោភ​ដីធ្លី​នោះ គឺ​ច្រើន​តែ​ជា​អ្នកមាន​អំណាច ។
​សម្រាប់​យុទ្ធនាការ​នៅថ្ងៃនេះ សមាគម​អាដហុក​ទទួលបាន​ពាក្យបណ្តឹង​រឿង​ដីធ្លី ១០៥​ករណី នៅក្នុង​១៩ រាជធានី​ខេត្ត ។ របាយការណ៍​សមាគម​សិទ្ធិមនុស្ស​អាដហុក​ឲ្យដឹងថា ចាប់តាំងពី​ខ្លួន​បានធ្វើការ​លើ​ទំនាស់​ដីធ្លី មាន​ដី​ទំហំ ៣៣១.៦១៥ ហិកតា ដែល​ប្រជាពលរដ្ឋ​មានទំនាស់​ជាមួយ​អ្នកមានអំណាច ហើយ​រហូត​មកដល់ពេលនេះ នៅ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​។ បន្ថែម​លើ​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​អ្នកមាន​អំណាច ក៏​មាន​បញ្ហា​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ចំនួន​១៤​ករណី និង​សម្បទាន​សង្គមកិច្ច​មាន​២​ករណី និង​ទំនាស់​ជាមួយ​ក្រុម​យោធា​ជាដើម ។




No comments:

Post a Comment