ពលរដ្ឋ នៅបន្ទាយមានជ័យ រាប់ពាន់គ្រួសារ សើរើបណ្ដឹង ទំនាស់ដីធ្លី ឡើងវិញ
ដោយ វោហារ ជាតិ / អាស៊ីសេរី | ១៩ មីនា ២០១៤
ប្រជាពលរដ្ឋ ដែលមានទំនាស់ដី ក្នុងខេត្តបន្ទាយមានជ័យ ទាមទារ ឲ្យអាជ្ញាធរ ខេត្តជួយដោះស្រាយ ពាក្យបណ្ដឹងទំនាស់ដី របស់ ពួកគាត់ ដែលមាន ពាក្យបណ្ដឹងខ្លះ បានកប់ចោលអស់រយៈពេលច្រើនឆ្នាំមកហើយ នៅមិនបាន ដោះស្រាយ នៅឡើយ។
អ្នកតំណាងឲ្យប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាង ២ពាន់គ្រួសារ ស្ថិតក្នុង ១៧តំបន់ផ្សេងៗគ្នា ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានអនុញ្ញាតឲ្យចូលជួបអភិបាលខេត្ត លោក គោ ស៊ុំសារឿត នៅថ្ងៃទី១៩ មីនា ដើម្បីដោះស្រាយទំនាស់ដីរបស់ពួកគាត់។
តំណាងប្រជាពលរដ្ឋទាំងនោះឲ្យដឹងថា មានប្រជាពលរដ្ឋចំនួនជាង ២ពាន់គ្រួសាររស់នៅស្ទើរគ្រប់ស្រុកក្នុងខេត្តនេះ មានទំនាស់ដីជាមួយភាគីជាច្រើន ដូចជា មានទំនាស់ដីជាមួយអាជ្ញាធរជាមួយកងយោធា រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនជាដើម ដែលទំនាស់ខ្លះបានកើតឡើងតាំងពីក្រោយថ្ងៃបោះឆ្នោតឆ្នាំ១៩៩៣ មកម្ល៉េះ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) លោក ភុន ឈិន ឲ្យដឹងថា ទំនាស់ដីនៅខេត្តបន្ទាយមានជ័យ មានស្ទើរគ្រប់ស្រុកទូទាំងខេត្ត ព្រោះខេត្តនេះជាតំបន់សេដ្ឋកិច្ចជាប់ព្រំដែនថៃ ជាដីត្រូវប៉ាន់ ដូចជាដីនៅស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី និងស្រុកមាល័យជាដើម។ លោកថា ទំនាស់ទាំងនោះ កើតមានរវាងប្រជាពលរដ្ឋនិងអ្នកមានអំណាច ជាមួយក្រុមហ៊ុន ហើយក៏មានប្រជាពលរដ្ឋទៅរំលោភយកដីរបស់រដ្ឋាភិបាលដែរ។
ចំពោះការដោះស្រាយទំនាស់ដីនេះ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បញ្ជាក់អំពីដើមហេតុរឿងទំនាស់ដីក្នុងខេត្តនេះ ប្រហាក់ប្រហែលលោក ភុន ឈិន ដែរ។ ប៉ុន្តែលោកអះអាងថា លោកនឹងព្យាយាមដោះស្រាយវិវាទទាំងនោះដោយសន្តិវិធីនិងយុត្តិធម៌។
ទាក់ទងនឹងការសើរើទំនាស់ដីធ្លីនេះដែរ សមាគមអាដហុក (Adhoc) បានធ្វើសន្និសីទកាសែតមួយនៅថ្ងៃទី១៩ មីនា នៅភ្នំពេញ ប្រកាសថា អង្គការអាដហុក នឹងជំរុញឲ្យរដ្ឋាភិបាលសើរើ និងដោះស្រាយរឿងទំនាស់ដីនៅទូទាំងប្រទេសឲ្យបានចប់ឆាប់រហ័ស៕
No comments:
Post a Comment