Paris Peace Accords 23 Oct. 1991

Thursday, March 13, 2014

តំណាង​ ដើម​បណ្ដឹង ​រដ្ឋប្បវេណី​ ចង់​ឲ្យ​ ជន​រងគ្រោះ​ផ្សេង ​ផ្ដល់​ សក្ខីកម្ម​ ក្នុង​សាលា​ក្ដី​ ខ្មែរ​ក្រហម

ជន​រង​គ្រោះ​ ខ្មែរ​ក្រហម ៣០៥
ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​មក​ពី​ខេត្ត​កំពត និង​ខេត្ត​កំពង់ចាម ថត​រូប​អនុស្សាវរីយ៍​ជាមួយ​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម នៅ​សាល​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០។

តំណាង​ ដើម​បណ្ដឹង ​រដ្ឋប្បវេណី​ ចង់​ឲ្យ​ ជន​រងគ្រោះ​ផ្សេង ​ផ្ដល់​ សក្ខីកម្ម​ ក្នុង​សាលា​ក្ដី​ ខ្មែរ​ក្រហម


ដោយ ជិន ជេដ្ឋា / អាស៊ិសេរី​ | ១៣ មីនា ២០១៤
តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ចង់​ឲ្យ​តុលាការ​អញ្ជើញ​ជន​រងគ្រោះ​ផ្សេង​ទៀត​ចូល​រួម​ស្ដាប់ និង​ផ្ដល់​សក្ខីកម្ម​ក្នុង​សាលា​ក្ដី​នេះ ព្រម​ទាំង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ការ​វិវឌ្ឍ​ថ្មីៗ​នៃ​ការ​កាត់​ក្ដី​លើ​សំណុំ​រឿង​របស់​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម។ មន្ត្រី​សាលា​ក្ដី​ខ្មែរ​ក្រហម​បញ្ជាក់​ថា សិទ្ធិ​ចូល​រួម​របស់​ជន​រងគ្រោះ​រហូត​មក​ដល់​ពេល​នេះ ត្រូវ​បាន​បើក​ទូលាយ។
សំណើ​សុំ​របស់​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​គ្នា​មួយ រវាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​តំណាង​សហគមន៍​ជាង ៥០​នាក់ ក្នុង​បរិវេណ​វត្ត​បន្ទាយក្ដី ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មីនា។
ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​រឿង​ក្ដី​ខ្មែរ​ក្រហម​មួយ​រូប អ្នកស្រី ផាន់ សុវណ្នី មាន​ប្រសាសន៍​ថា អ្នកស្រី​ចង់​ឲ្យ​មាន​ការ​រៀប​ចំ​កិច្ច​ប្រជុំ​រវាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​តំណាង​សហគមន៍​នៅ​គ្រប់​ខេត្ត​ក្រុង ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ ឬ​តម្រូវ​ការ​ចាំបាច់​ណា​មួយ​របស់​មេធាវី​ពី​ជន​រងគ្រោះ៖ «ចា៎! រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ជា​ជន​រងគ្រោះ ខ្ញុំ​បាន​តស៊ូ​ជា​មួយ​សមាគម​អាដហុក (Adhoc) ដើម្បី​ប្ដឹង​ពួក​ជន​ជាប់​ចោទ​អស់​ហ្នឹង​ហើយ ហើយ​ខ្ញុំ​បាន​ឡើង​ធ្វើ​សក្ខីកម្ម​នៅ​ក្នុង​សាលា​ក្ដី​ទៀត។ ចង់​ឲ្យ​បាន​ការ​ទាក់ទង​ហ្នឹង​ឲ្យ​បាន​ញឹកញាប់​បន្តិច កុំ​ឲ្យ​វា​ពន្យារ​ពេល​ឆ្ងាយ​ពេក»
សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​រៀប​ចំ​ឲ្យ​មាន​វេទិកា​ជួប​ប្រជុំ​រវាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម និង​សហគមន៍ ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ដល់​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​អាជ្ញាធរ បាន​ពិភាក្សា​គ្នា​អំពី​របប​ខ្មែរ​ក្រហម។
បុគ្គលិក​កម្មវិធី​នៃ​គម្រោង​សំឡេង​សម្រាប់​ការ​ផ្សះផ្សា នៃ​សមាគម​អាដហុក កញ្ញា ហ៊ាន ជាវគុន មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​ពិភាក្សា​នេះ​អាច​ធ្វើ​ឲ្យ​ពួក​គាត់​យល់​កាន់​តែ​ច្បាស់​អំពី​នីតិវិធី​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ ដោយ​ការ​ប្រៀបធៀប​សាលា​ក្ដី​ខ្មែរ​ក្រហម ជា​មួយ​តុលាការ​បច្ចុប្បន្ន។ កញ្ញា​បន្ត​ថា រាល់​ការ​លើក​ឡើង អ្នក​ចូល​រួម​នឹង​ចងក្រង​ជា​ឯកសារ ដើម្បី​បញ្ជូន​ទៅ​ម្ចាស់​ជំនួយ៖ «និយាយ​ទៅ​យើង​ផ្ដោត​តែ​បញ្ហា​សាលា​ក្ដី​ខ្មែរ​ក្រហម ទាក់ទង​នឹង​បញ្ហា​ដីធ្លី និង​បញ្ហា​ផ្សេង វា​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស គឺ​ពួក​គាត់​បាន​លើក​ឡើង ប៉ុន្តែ​យើង​ឲ្យ​គាត់​លើក​នៅ​ក្នុង​ន័យ​ធៀប​នៅ​ក្នុង​ដំណើរ​ការ​តុលាការ»
កន្លង​មក​នេះ គឺ​មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​ចូល​រួម​ស្ដាប់ និង​ផ្ដល់​សក្ខីកម្ម​ក្នុង​សវនាការ។
ទាក់ទង​បញ្ហា​នេះ​ដែរ មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​មិន​ទាន់​មាន​សវនាការ អង្គ​ជំនុំ​ជម្រះ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​សាលា​ក្ដី​ខ្មែរ​ក្រហម​រៀង​រាល់​ថ្ងៃ​អង្គារ និង​ព្រហស្បតិ៍ ហើយ​មាន​ប្រជាពលរដ្ឋ​ចន្លោះ​ពី ២៥០​នាក់ ទៅ ៣៥០​នាក់​ក្នុង​១​ថ្ងៃ​ចូល​ទៅ​ស្ដាប់៖ «ហើយ​ដូច​ជា​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា នេះ គឺ​ប្រជាពលរដ្ឋ​ចំនួន ៣០០​នាក់​មក​ពី​ខាង​ស្រុក​រំដួល មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​តុលាការ ហើយ​បន្ត​ទៅ​ទស្សនកិច្ច​ទៅ​បឹង​ជើងឯក និង​គុក​ទួលស្លែង។ អ៊ីចឹង គឺ​យើង​ស្វាគមន៍​ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មិន​មែន​ត្រឹម​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទេ គឺ​ជន​រងគ្រោះ​ទូទៅ ហើយ​សាធារណជន​ទូទៅ​ផង​ដែរ»
ប្រធាន​កម្មវិធី​នៃ​គម្រោង​សំឡេង​សម្រាប់​ការ​ផ្សះផ្សា​នៃ​សមាគម​អាដហុក លោក ឡាត់ គី ឲ្យ​ដឹង​ថា សម្រាប់​ត្រី​មាស​ទី​១ ក្នុង​ឆ្នាំ​២០១៤ គម្រោង​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​ពិភាក្សា​នេះ​ចំនួន ៤៥​វគ្គ នៅ​តាម​តំបន់​ចំនួន​៥ ក្នុង​ប្រទេស​កម្ពុជា។ តំបន់​ទី​១ គឺ​គ្រប​ដណ្ដប់​ខេត្ត​ចំនួន​៦ គឺ​បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់។ តំបន់​ទី​២ គឺ​គ្រប​ដណ្ដប់​ខេត្ត​ចំនួន​៤ គឺ​កំពង់ស្ពឺ កំពង់ឆ្នាំង ព្រះសីហនុ និង​ខេត្ត​កោះកុង។ តំបន់​ទី​៣ គឺ​គ្រប​ដណ្ដប់​ខេត្ត​ចំនួន​៣ គឺ​កណ្ដាល កំពត និង​ខេត្ត​តាកែវ។ តំបន់​ទី​៤ គឺ​គ្រប​ដណ្ដប់​ខេត្ត​ចំនួន​៤ គឺ​កំពង់ចាម ព្រៃវែង ស្វាយរៀង និង​ខេត្ត​កំពង់ធំ។ តំបន់​ទី​៥ គឺ​គ្រប​ដណ្ដប់​ខេត្ត​ចំនួន​៤ គឺ​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី៕




No comments:

Post a Comment