Paris Peace Accords 23 Oct. 1991

Thursday, March 13, 2014

បទសម្ភាសន៍​ ជាមួយ​ លោក​ សម រង្ស៊ី ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ​ ជុំវិញ​ស្ថានការណ៍ ​នយោបាយ​ នៅ​ដំណាក់កាល​ចុងក្រោយ​​

លោក សមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)

បទសម្ភាសន៍​ ជាមួយ​ លោក​ សម រង្ស៊ី ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ​ ជុំវិញ​ស្ថានការណ៍ ​នយោបាយ​ នៅ​ដំណាក់កាល​ចុងក្រោយ​​


ដោយ៖​ ណុល ដារ៉ា​ | ថ្ងៃព្រហស្បតិ៍ ទី13 ខែមិនា ឆ្នាំ2014

ក្នុង​កិច្ចចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី១០ ខែ​មីនា កន្លងទៅ​មិន​បាន​ទទួល​លទ្ធផល​ជា​វិជ្ជមាន​ទេ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទទួលយក​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យ​ដាក់ គ​.​ជ​.​ប ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ និង​បោះឆ្នោត​អនុម័ត្ត​ដោយ​សំឡេង ២​ភាគ​នៃ​៣​។ ហើយ​នៅ​ថ្ងៃទី​១២ មីនា ម្សិលមិញ លោក​សម រង្ស៊ី ប្រកាសថា នឹង​ផ្អាក​ការចរចា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទទួល​សំណើ​នេះ​ទេ​។​
​តើ​ ស្ថានភាព​នយោបាយ ​នឹង​មាន ​ការវិវឌ្ឍ ​យ៉ាងណា​ទៀត នៅ​ដំណាក់កាល​ចុងក្រោយ​នេះ​? 
​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក​ សម រង្ស៊ី និង​លោក​ ណុល ដា​រ៉ា បណ្ណាធិការ​ព័ត៌មាន​វិទ្យុ​ VOD ដូចតទៅ​ ៖
VOD ៖ ឯកឧត្តម ខ្ញុំ​ចង់​សាកសួរ​ឯកឧត្តម​បន្តិច​ទាក់ទង​នឹង​ជុំវិញ​ស្ថានការណ៍​នយោបាយ​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ​។ បាទ ចង់​ជម្រាប​សួរ​ឯកឧត្តម​ថា ការចរចា​កាលពី​ថ្ងៃ​១០ រវាង​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង គឺថា​អត់​បាន​ផ្លែផ្កា​អី​ទេ ហើយ​គណបក្ស​ប្រជាជន​មិន​ទទួលយក​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការដាក់​ស្ថាប័ន គ​.​ជ​.​ប ហ្នឹង ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ​។ ចង់​ឲ្យ​ឯកឧត្តម​ពី​ថា​តើ​ការដាក់​ហ្នឹង វា​មាន​ប្រយោជន៍​អី​ដែ​របាទ​?
​លោក​សម រង្ស៊ី​ ៖ បាទ ស្ថាប័ន​ដែល​សំខាន់ ដែល​ទាក់ទង​ទៅ​នឹង​ការរៀបចំ​ប្រទេស ឲ្យមាន​ការគោរព​ច្បាប់​ត្រឹមត្រូវ​ពេញលេញ ឲ្យមាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ គឺ​ត្រូវតែ​ដាក់ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​។ ពីព្រោះ​ដើម្បី​រៀបចំ ឬ​កែប្រែ​រដ្ឋធម្មនុញ្ញ ត្រូវតែ​មាន​ការគាំទ្រ​ពី​សំណាក់​សមាជិក​រដ្ឋសភា​២​ភាគ​៣​។ ចំពោះ​ការងារ​ផ្សេងៗ សូម្បី​តែ​ការរៀបចំ​រដ្ឋាភិបាល ទាមទារ​មតិ​ភាគច្រើន​តែ​៥០​ភាគ​បូក​១​បាន​ហើយ​។ ពី​ព្រោះ​រដ្ឋាភិបាល​អាច​ដឹកនាំ​ដោយ​គណបក្ស​តែ​មួយ ក៏​អាច​ធ្វើទៅបាន ឲ្យតែ​គណបក្ស​នោះ​មាន​ការគាំទ្រ ពី​សំណាក់​មតិ​ភាគច្រើន ៥០​ភាគរយ​បូក​១​។ អាចជា​រឿង​គណបក្ស ព្រោះ​គណបក្ស​ណា ដែល​គេ​ដឹកនាំ​រដ្ឋាភិបាល គេ​ដឹកនាំ​តាម​កម្មវិធី​នយោបាយ​របស់​គេ ហើយ​សព្វថ្ងៃនេះ គឺ​គេ​បម្រើ​ផលប្រយោជន៍​គណបក្ស​គេ​។ តែ​ចំពោះ​កិច្ចការ​ជាតិ កិច្ចការ​ដ៏​សំខាន់ គឺ​មិនមែន​រឿង​គណបក្ស​ទេ ត្រូវតែ​មាន​ការ ឯក ភាព​ជាតិ ទាក់ទង​ទៅនឹង​ការការពារ​ឧត្តមប្រយោជ​ន៍​ជាតិ​។ អ៊‍ីចឹង​ត្រូវ​ឲ្យមាន​ការគាំទ្រ​ពី​សំណាក់​យ៉ាងតិច​២​ភាគ​៣ គឺ​គណបក្ស​តែមួយ ដែល​បាន​តែ​៥០​បូក​១ មិន​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ទេ ត្រូវការ​ការគាំទ្រ​ពី​គណបក្ស​មួយ​ទៀត ឬ​ក៏​គណបក្ស​ផ្សេងទៀត ដើម្បី​ធានា​ថា​ការគាំទ្រ​ឯកភាពគ្នា​នេះ គឺ​មាន​លក្ខណៈ​ទូលំទូលាយ មិនមែន​រឿង​គណបក្ស​នេះ គណបក្ស​នោះ​ទេ គឺ​រឿង​ប្រទេសជាតិ​ទាំងមូល ដែល​ទាមទារ​ឲ្យមាន​ការចូលរួម ឲ្យមាន​ការគាំទ្រ ពី​តំណាង​ប្រទេសជាតិ តំណាង​ប្រជារាស្ត្រ​ខ្មែរ ឲ្យបាន​ច្រើន​លើសលុប រហូត​ទៅ​ដល់​២​ភាគ​៣ យ៉ាងតិច​។​
VOD ​៖ បាទ​សូម​អរគុណ​ឯកឧត្តម​ច្រើន​។ ក្មួយ​មាន​សំណួរ​មួយទៀត​ទាក់ទង​-- ឮថា ដំណឹង​ពី​ឯកឧត្តម​យឹម សុវណ្ណ ថា នៅថ្ងៃនេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដាក់​លិខិត​ទៅ​គណបក្ស​ប្រជាជន ដើម្បី​បញ្ជាក់​ថា ទទួលយក​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការដាក់​ស្ថាប័ន គ​.​ជ​.​ប ហ្នឹង​ជាស្ថាប័ន​ធម្មនុញ្ញ​ដែរឬទេ​។ ចុះ​បើ​សិន​ជា គណបក្ស​ប្រជាជន​មិន​ទទួល​សំណើ​នេះ តើ​គណបក្ស​ប្រជាជន​នឹង​អ្វី​បន្ត​ទៀត​បាទ​?
លោក​សម រង្ស៊ី ​៖ យើង​ប្រាប់​ទៅ​គណបក្ស​ប្រជាជន​ថា អ្វី​ដែល​យើង​ចាត់ទុក​ជា​អាទិភាព ត្រូវ​កែទម្រង់ រៀបចំ​ឡើង​វិញ​ឲ្យបាន​ល្អ មុនគេ​បង្អស់​គឺ គ​.​ជ​.​ប នេះហើយ​។ មិនចាំបាច់​ធ្វើ​លិខិត​ស្នាម ធ្វើ​ច្បាប់​រៀបចំ​នីតិវិធី​កាន់តែ​ច្រើនឡើងៗ បើ​គ្មាន​នរណា​គោរព គ្មាន​នរណា​អនុវត្តន៍​ត្រឹមត្រូវ ហ្នឹង​គឺ​អាស្រ័យ​លើ     ស្ថាប័ន​ហ្នឹងហើយ​។ បើ​ស្ថាប័ន​ហ្នឹង​ជា​ស្ថាប័ន​ឯករាជ ស្ថាប័ន​មាន​ការគាំទ្រ​ពីរ​គណបក្ស​ទាំង​ពីរ ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន គឺ​មាន​គណបក្ស​តែ​ពីរ​នៅក្នុង​រដ្ឋសភា ហ្នឹង​យើង​អាច​ជឿជាក់ថា ស្ថាប័ន​ហ្នឹង​នឹង​ធ្វើ​ការត្រឹមត្រូវ និង​អនុវត្តន៍​តាម​ច្បាប់ តាម​នីតិវិធី​ត្រឹមត្រូវ តែ​បើ​គណបក្ស​ប្រជាជន​ជា​អ្នក គ្រាប់​គ្រង គ​.​ជ​.​ប តែម្នាក់ឯង ធ្វើ​ភ្លៀង​ធ្វើ​ផ្គរ យើង​មិន​ចាំបាច់​ជជែក​ធ្វើ​ច្បាប់ ធ្វើ​នីតិវិធី​អី​ផ្សេងទៀត​ទេ​។ ពីព្រោះ​រុញ​មក មកដល់ គ​.​ជ​.​ប ដដែល សមាសភាព​ដដែល គណបក្សប្រជាំជន​ដដែល ដែលជា​អ្នក​បកស្រាយ ដែលជា​អ្នក​អនុវត្ត ឬ​មិន​អនុវត្ត គឺ​ថា​ការបោះឆ្នោត​ហ្នឹង​គឺ​មាន​ភាពមិនប្រក្រតី​ច្រើន ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទទួល យក បាន​។ អ៊‍ីចឹង​យើង​ផ្ញើ​សារ យើង​ប្រាប់​ទៅ​គណបក្ស​ប្រជាជន​ថា សុំ​ជជែក​រឿង គ​.​ជ​.​ប ជាមុនសិន មិន​ចាំបាច់​យក​រឿង​អី​ផ្សេង​យក​មក​ជជែក​ទេ ដរាបណា​បញ្ហា គ​.​ជ​.​ប នេះ​មិន​ទាន់​បាន​ដោះស្រាយ ព្រោះ​ឥឡូវនេះ​យើង​មាន​វិបត្តិ​នយោបាយ​ដែល​ជាប់គាំង ដែល​រដ្ឋសភា​អត់​ស្របច្បាប់ រដ្ឋាភិបាល​អត់​ស្របច្បាប់ គឺ​ដោយសារ​បញ្ហា​ការបោះឆ្នោត​។ ការបោះឆ្នោត​កន្លងទៅ​កាល​ឆ្នាំ​២០១៣ មិន​ត្រឹមត្រូវ​។ ហើយ​មូលហេតុ​នៃ​ការបោះឆ្នោត​មិន​ត្រឹមត្រូវ​ហ្នឹង គឺ គ​.​ជ​.​ប​! គឺ គ​.​ជ​.​ប ហ្នឹង​ជា​បញ្ហា​ចម្បង ត្រូវតែ​ដោះស្រាយ​បញ្ហា គ​.​ជ​.​ប ហ្នឹង​មុនគេ​បង្អស់​។ អ៊‍ីចឹង​ហើយ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​យល់ឃើញថា បើ​មិន​ជជែក​រឿង គ​.​ជ​.​ប ជាមុនសិន​ទេ មិន​ចាំបាច់​យក​រឿង​អី​ផ្សេង​យក​មក​ជជែក​ទៀត​ទេ​។​
VOD ៖ បាទ​ឯកឧត្តម​សូម​ជម្រាប​សួរ​អ៊‍ីចេះ​ថា ថ្ងៃ​១៧ ខាងមុខនេះ​នឹង​មាន​ការចរចា​។ តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្អាក​ការចរចា ឬ​មួយ​ក៏​នឹង​ចូល​តុ​ចរចា បើសិនជា​គណបក្ស​ប្រជាជន​ឆ្លើយតប ឬ​ក៏​មិន​ឆ្លើយតប​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ហ្នឹង​ដាក់​នៅ​ថ្ងៃ​ហ្នឹង​ណា​ឯកឧត្តម​?
លោក សម រង្ស៊ី ៖ អាស្រ័យ​លើ​ចម្លើយ​! មិន​ថា​ឆ្លើយតប ឬ​មិន​ឆ្លើយតប​។ អាស្រ័យ​លើ​ចម្លើយ​! ចម្លើយ​ហ្នឹង​គឺ​ឆ្លើយតប ហើយ​ឆ្លើយ​តប​មានន័យ ឆ្លើយតប​ជា​វិជ្ជមាន យើង​បន្ត​ការជជែក​គ្នា​លើ​បញ្ហា គ​.​ជ​.​ប រៀបចំ គ​.​ជ​.​ប ឡើងវិញ​។ បើ​គេ​មិន​ឆ្លើយតប ឬ​គេ​ឆ្លើយតប​អវិជ្ជមាន គឺ​មិន​យល់ព្រម​ជជែក​រឿង​បញ្ហា គ​.​ជ​.​ប ហ្នឹង​ដូច​ខ្ញុំ​បាន​បញ្ជាក់​អម្បាញ់មិញ​អ៊‍ីចឹង មិន ចាំបាច់​ជជែក​រឿង​អី​ផ្សេងទៀត​ទេ​សូម​ផ្អាក​សិន​ទៅ​!
VOD ៖ បាទ​អរគុណ​ឯកឧត្តម​! មាន​សំណួរ​មួយ​ចុងក្រោយ​បាទ កាល​ប៉ុន្មាន​ថ្ងៃមុន​ឯកឧត្តម​បាន​ព្រលយ​ពាក្យ​ជាមួយ​កាសែត ឌឺ​ណេ​សិន​របស់​ថៃ​ហ្នឹង​ថា នៅ​ទីបំផុត​ឯកឧត្តម​អាច​នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។ តើ​ឯកឧត្តម​គិតថា បាន​ប្រយោជន៍​ទេ នៅពេល​ដែល​ឯកឧត្តម​ជួប​ជាមួយ​នឹង​លោកនាយក​រដ្ឋមន្ត្រី​ដោយផ្ទាល់ ហើយ​អ្វីៗ​វា​អាច​នឹង​បំបែក​ភាពទ័លច្រក​នៅពេល​នោះ​ទេ​បាទ​?
​លោក​សម រង្ស៊ី​ ៖ គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ដែល​ប្រកាន់​គោលជំហរ​អហិង្សា​! អហិង្សា គឺ​យើង​អត់​មាន​ទៅ​ប្រឈមមុខ​ដោយ​ប្រើ​អំពើហិង្សា អត់​មាន​ទៅ​វ៉ៃ​គ្នា​ទេ (​សើច​) ប្រើ​ពាក្យ​សាមញ្ញ​គឺ​យើង​ត្រូវ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ហើយ​សន្តិវិធី​ហ្នឹង គឺ​ត្រូវតែ​ជជែក​គ្នា​។ ជជែក​គ្នា ហើយ​យើង​មិន​អាច​ជជែក​គ្នា​ពី​ចម្ងាយ​ទេ​។ បើ​ជជែក​គ្នា​មែន ទែន ទាល់តែ​ជជែក​គ្នា ជួបគ្នា ក្នុងន័យ​ចង់បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី ដែល​ភាគី​ទាំង​ពីរ​ទទួលយកបាន​។ ហ្នឹង ហើយ​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​!
VOD ៖ បាទ​អរគុណ​ឯកឧត្តម​ច្រើន ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​VOD​បាទ​។​
​លោក​សម រង្ស៊ី​ ៖ បាទ អរគុណ​! ជម្រាបលា​៕




No comments:

Post a Comment