Paris Peace Accords 23 Oct. 1991

Tuesday, March 25, 2014

អង្គភាព​ ប្រឆាំង​ អំពើ​ពុក​រលួយ​ និង​ក្រសួង ​អប់រំ​ ប្រកាស​យុទ្ធនា​ការ​ ​ប្រឆាំង​អំពើ​ពុក​រលួយ ​សិស្ស ​សូក​លុយ​គ្រូ​ ​ក្នុង​ពេល​​ប្រលង​​ ឌីប្លូម​ និង​បាក់ឌុប​

សិស្សានុសិស្ស​ នៅ​វិទ្យាល័យ​បាក់ទូក
សិស្សានុសិស្ស​ នៅ​វិទ្យាល័យ​បាក់ទូក
@rfi/siv channa

អង្គភាព​ ប្រឆាំង​ អំពើ​ពុក​រលួយ​ និង​ក្រសួង ​អប់រំ​ ប្រកាស​យុទ្ធនា​ការ​ ​ប្រឆាំង​អំពើ​ពុក​រលួយ ​សិស្ស ​សូក​លុយ​គ្រូ​ ​ក្នុង​ពេល​​ប្រលង​​ ឌីប្លូម​ និង​បាក់ឌុប​

ដោយ លី ម៉េងហួរ / RFI |  ២៥ មីនា​​ ២០១៤
អង្គភាព​ ប្រឆាំង​ អំពើ​ពុក​រលួយ ​សហការ​ ជាមួយ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បាន​រួម​គ្នា ដាក់​ចេញ​ នូវ​យុទ្ធនាការ​ ប្រឆាំង​ អំពើ​ពុក​រលួយ ​ក្នុង​ពេល​ប្រលង ​ដែល​សិស្ស​ សូក​លុយ​គ្រូ ​រួមទាំង​ ភាព​មិន​ប្រក្រតី​។  ​យុទ្ធនាការ​ប្រឆាំង​ អំពើ​ពុក​រលួយ ​ក្នុង​វិស័យ​អប់រំ​ ថ្មី​នេះ ​ត្រូវ​ចាប់​ផ្តើម ​អនុវត្ត​ នៅ​ពេល​ប្រលង​ ឌី​ប្លូ​ម និង​ប្រលង ​បាក់​ឌុប ​នា​ខែ​កក្កដា និង​ខែ​សីហា​ ខាង​មុខ​។

វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល ​សម្រាប់​ការ​អប់រំ​ ស្តីពី​ ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ក្នុង​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​មធ្យម​សិក្សា​ទុតិយភូមិ​ ចាប់​ពី​ថ្នាក់​ទី​១០ ​ទី​១១​ និង​ថ្នាក់​ទី​១២ ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ សហការ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​រៀបចំ​ឡើង​ រយៈពេល​ ៣ ​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​២៥​មីនា​នេះ​។ វគ្គ​បណ្តុះបណ្តាល​ នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្នុង​ទីក្រុង​ភ្នំពេញ ចូលរួម​ដោយ​គ្រូបង្រៀន​ប្រមាណ ១០០ នាក់ មកពី​សាលា​នានា ទូទាំងប្រទេស។
 
ក្នុង​ពិធី​ជួបជុំ​នោះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាស​ចេញ​នូវ​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ នៅពេល​ប្រលង ពោលគឺ​ទប់ស្កាត់ និង​លុបបំបាត់​វប្បធម៌​សិស្ស​សូកលុយ​គ្រូ ដើម្បី​បាន​បើកចាក់ ព្រមទាំង​ភាពមិនប្រក្រតី​នានា ក្នុងពេល​ប្រលង។ យុទ្ធនាការ​នោះ នឹង​អនុវត្ត​ក្នុងពេល​ប្រលង​ឌី​ប្ល៊ូ​ម និង​ប្រលង​បាក់​ឌុប នៅ​ខែកក្កដា និង​ខែសីហា ឆ្នាំនេះ។

លោក ឱម យ៉ិនទៀង ក៏បាន​អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ីវិល គណបក្សនយោបាយ ក្រុមហ៊ុន​ឯកជន បុគ្គល​ឯកជន ពិសេស​សមាគម​គ្រូបង្រៀន​របស់លោក រ៉ុង​ឈុន ឲ្យ​ចូលរួម​សង្កេត ត្រួតពិនិត្យ នូវ​ភាពមិនប្រក្រតី និង​អំពើពុករលួយ ក្នុងពេល​ប្រលង។ លោក​បញ្ជាក់ថា អ្នកស្ម័គ្រចិត្ត ដែលមាន​ការទទួលស្គាល់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​ជួយ​ផ្តល់ព័ត៌មាន មកកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​កសាង​សំណុំបែបបទ សម្រាប់​បញ្ជូន​ទាំង​គ្រូ និង​ទាំង​សិស្ស ដែល​ទទួល និង​សូកលុយ ក្នុងពេល​ប្រលង ទៅកាន់​តុលាការ។
ដោយ​ព្រមាន​កុំ​ឲ្យ​គ្រូ និង​សិស្ស ទទួល និង​សូកលុយ ក្នុង​ថ្ងៃ​ប្រលង លោក ឱម យ៉ិនទៀង បាន​គូសបញ្ជាក់ថា “កូនសិស្ស​ឲ្យ​លុយ​គ្រូ គ្រូ​ទទួល​លុយ​សិស្ស ក្នុងពេល​ប្រលង ជាការ​ប្រព្រឹត្ត​បទល្មើស ដែល​ត្រូវ​ទទួលទោស​តាមច្បាប់។ អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ភារៈកិច្ច ធ្វើយ៉ាងណា ចាប់​ឲ្យ​បាន ហើយ​កសាង​សំណុំបែបបទ ទៅ​តុលាការ ដោយ​គ្មាន​ការលើកលែង​ទេ។

យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ និង​ភាពមិនប្រក្រតី ក្នុងពេល​ប្រលង​ឌី​ប្ល៊ូ​ម និង​ប្រលង​បាក់​ឌុប នៅពេល​ខាងមុខ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​អប់រំ អះអាងថា ដើម្បី​ពង្រឹងគុណភាព​អប់រំ ក្នុងន័យ​ថា “អ្នកចេះ គឺជា​ប់។

វិធានការ​ថ្មី ក្នុងពេល​​ប្រលង​ចំណេះ​ទូទៅ​ដូច្នេះ ត្រូវបាន​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​សាទរ ហើយ​ប្រកាស​ស្វាគមន៍ និង​ចូលរួម​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​អប់រំ ដើម្បី​ប្រឆាំង​អំពើពុករលួយ និង​ភាពមិនប្រក្រតី ក្នុងពេល​ប្រលង។
ប៉ុន្តែ​លោក រ៉ុង ឈុន បាន​អំពាវនាវ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​អប់រំ ត្រូវអនុវត្ត​ឲ្យ​ស្មើភាព​គ្នា ចំពោះមុខ​ច្បាប់ ជៀសវាង អ្នកធំ មិន​ជាប់ទោស ព្រោះថា ភាពមិនប្រក្រតី ដូចជា ការ​បែកធ្លាយ​វិញ្ញាសារ​ប្រលង និង​ធ្វើ​ចំលើយ​វិញ្ញាសា​រលក់ កន្លងមក គឺ​ច្រើនតែ​ចេញពី​មន្ត្រី​ថ្នាក់​ក្រសួង សហការ​ជាមួយ​ប្រធាន​មណ្ឌល​ប្រលង៕




No comments:

Post a Comment