ក្រសួងអប់រំ លុបចោល ប្រព័ន្ធបូកពិន្ទុ ប្រចាំឆ្នាំ ជាមួយ ពិន្ទុប្រឡង ថ្នាក់ជាតិ សម្រាប់ថ្នាក់ទី១២
ដោយ៖ បាន វិទ្យា / វីអូឌី | ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
ក្រសួងអប់រំ យុវជន និងកីឡា លុបចោលប្រព័ន្ធយកពិន្ទុប្រចាំឆ្នាំបូកជាមួយពិន្ទុប្រឡងថ្នាក់ជាតិ សម្រាប់ថ្នាក់ទី១២ ដែលនេះជាចំណុចមួយនៃកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា។
ឯកសារកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចេញផ្សាយកាលពីពេលថ្មីៗនេះ ឲ្យដឹងថា តាមរយៈការប្រឡងកន្លងមក ក្រសួងបានអនុញ្ញាតឲ្យបេក្ខជននីមួយៗ យកពិន្ទុប្រចាំឆ្នាំមកបូកជាមួយពិន្ទុប្រឡងថ្នាក់ជាតិ តែក្នុងឆ្នាំសាកល្បងនេះ ក្រសួងបានកែប្រែដោយមិនកំណត់យកពិន្ទុប្រចាំឆ្នាំមកបូកជាមួយពិន្ទុប្រឡងប្រចាំថ្នាក់ជាតិនោះទេ។ ក្រសួងបន្តថា ការកំណត់ពិន្ទុឲ្យជាប់ ក៏មានភាពខុសគ្នាពីឆ្នាំមុន ប៉ុន្តែនិទ្ទេស នៅរក្សា៥កម្រិតដដែល៖ A B C D E។
ទាក់ទងនឹងកំណែទម្រង់សម្រាប់ការប្រឡងបាក់ឌុបនេះ ក្រសួងបានផ្អែកទៅលើគោលការណ៍៤យ៉ាង គឺច្បាប់ យុតិ្តធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្រសួង ក៏បានបង្កើតអនុគណៈកម្មការកំណែទម្រង់ការប្រឡង រួមមាន អនុគណៈកម្មការបច្ចេកទេស អនុគណៈកម្មការពិនិត្យឡើងវិញប្រកាសអន្តរក្រសួងស្តីពីគោលការណ៍ចំនាយសម្រាប់ការប្រឡង អនុគណៈកម្មការនីតិកម្ម អនុគណៈកម្មការ ហិរញ្ញវត្ថុ និងអនុគណៈកម្មការ សន្តិសុខ។
ក្រសួងគ្រោងអនុវត្តសាកល្បងក្នុងឆ្នាំសិក្សា ២០១៣-២០១៤នេះ ដោយប្រគល់សិទិ្ធអំណាចទាំងស្រុងជូនសាលានីមួយៗ ជាអ្នករៀបចំការប្រឡង និងប្រកាសលទ្ធផលនៅតាមសាលារៀននីមួយៗ៕
No comments:
Post a Comment