Paris Peace Accords 23 Oct. 1991

Monday, March 24, 2014

ស្ត្រី​ម្នាក់​ បារម្ភ​ខ្លាច ​ត្រូវ​សម្លាប់​ ដោយសារ​រាយការណ៍​ រឿង​ជួញ​ដូរ ​ពលកម្ម​កុមារ ​នៅ​ចម្ការ​អំពៅ

ស្ត្រី​ម្នាក់​ បារម្ភ​ខ្លាច ​ត្រូវ​សម្លាប់​ ដោយសារ​រាយការណ៍​ រឿង​ជួញ​ដូរ ​ពលកម្ម​កុមារ ​នៅ​ចម្ការ​អំពៅ

ដោយ ឡេង ម៉ាលី / អាស៊ិសេរី | ២៣ មីនា ២០១៤

ស្ត្រី​ ជា​កម្មករ ​ចម្ការ​អំពៅ នៅ​ខេត្ត​ព្រះវិហារ មួយ​រូប ឈ្មោះ អឿ ប៊ុនថានី កំពុង​ព្រួយ​បារម្ភ​ ខ្លាច​គេ​សម្លាប់ បន្ទាប់​ពី​ បាន​រាយការណ៍​ រឿង​ជួញ​ដូរ​ ពលកម្ម​កុមារ​ ​នៅ​ចម្ការ​អំពៅ ក្នុង​ស្រុក​ត្បែងមានជ័យ។
លោកស្រី អឿ ប៊ុនថានី៖ «កុមារ​មាន ២០​នាក់ អាយុ ១១ ១២ ១៣ ១៥ ហើយ​ធ្វើ​ការ​កម្លាំង​មនុស្ស​ចាស់។ ធ្វើ​ឱ្យ​ថៃ ធ្វើ​ឱ្យ​ចិន ធ្វើ​ឱ្យ​ខ្មែរ ថៅកែ​ឈ្មោះ ហេង ឈ្មោះ សែ។ ខ្ញុំ​បាន​ទៅ​ប្ដឹង​ដល់​ក្រសួង​មាន​សមត្ថកិច្ច និង​ស្នងការ​ខេត្ត។ អ៊ីចឹង​គេ​មាន​ការ​បណ្ដេញ គេ​ប្រមាថ​មើល​ងាយ​តាម​សម្លាប់​ខ្ញុំ។ ឥឡូវ​ហ្នឹង​ឱ្យ​ប្ដី​ខ្ញុំ​នៅ​កន្លែង​ធ្វើ​ការ តែ​ចំណែក​ខ្ញុំ​វា​បណ្ដេញ​តាំង​ពី​យប់​មិញ ហើយ​ឥឡូវ​ហ្នឹង​ក៏​វា​មក​បណ្ដេញ​ទៀត។ វា​យក​ម្នាក់​មាន​កាំភ្លើង​ខ្លី អង្គរក្ស​ដើរ​ច្រងេងច្រងាង​តាំង​ពី​យប់​មិញ​មក។ ស្លៀកពាក់​ស៊ីវិល»
លោកស្រី អឿ ប៊ុនថានី អះអាង​ទៀត​ថា នៅ​ចម្ការ​អំពៅ ឃុំ​វាលប្រមេ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ថៅកែ​ម៉ៅការ​ចម្ការ​អំពៅ​នៅ​ទី​នោះ​មាន​ឈ្មោះ អ៊ី ហេង និង​ក្រុមហ៊ុន​ឈ្មោះ ឡាន ប៉េង មាន​ប្រើ​កម្លាំង​ពលកម្ម​កុមារ​ជាង ២០​នាក់ ដែល​ត្រូវ​បាន​មេការ​ជ្រើស​រើស​តាម​ភូមិ​នានា ហើយ​យក​ទៅ​ឱ្យ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​អំពៅ​នោះ។
ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្ត​ព្រះវិហារ លោក លី លន់ មាន​ប្រសាសន៍​ថា បាន​ទទួល​ព័ត៌មាន​នេះ​ហើយ ហើយ​លោក​បាន​បញ្ជា​ទៅ​ខាង​នគរបាល​ឱ្យ​ធ្វើ​ការ​លើ​រឿង​ហ្នឹង​ហើយ។
លោកស្រី អឿ ប៊ុនថានី បញ្ជាក់​ថា កង​រាជ​អាវុធហត្ថ​ខេត្ត​បាន​ចុះ​មក​ស៊ើប​អង្កេត​បញ្ហា​នេះ​ហើយ នៅ​ថ្ងៃ​ទី​២៣ មីនា។ រីឯ​ខាង​នគរបាល នឹង​ចុះ​មក​ពិនិត្យ នៅ​ថ្ងៃ​ទី​២៤ មីនា។
ដោយ​ឡែក​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ឡោ ច័ន្ទ ថ្លែង​ថា លោក​ក៏​នឹង​ចុះ​ទៅ​ធ្វើ​ការ​រឿង​នេះ ព្រោះ​លោក​ក៏​បាន​ទទួល​បណ្ដឹង​ដូច​គ្នា​ដែរ៕



No comments:

Post a Comment