ប្រជាពលរដ្ឋកំពុងស្រែក តវ៉ាឲ្យដោះលែងលោក វន់ពៅ(រូបភាព៖ កាន់ វិច្ឆិកា)
ប្រជាពលរដ្ឋកំពុងធ្វើកូដកម្មឲ្យដោះលែងលោក វន់ពៅ និងអ្នកទាំង២៣នាក់នៅមុខសាលាឧទ្ធរណ៍(រូបភាព៖ កាន់ វិច្ឋិកា)
ប្រជាពលរដ្ឋ ប្រមាណ ៣០០នាក់ ប្រមូលផ្តុំ នៅមុខសាលាឧទ្ធរណ៍ រងចាំស្តាប់ សវនាការ ករណី លោក វន់ ពៅ
ដោយ៖ សុទ្ធ គឹមសឿន / វីអូឌី | ថ្ងៃចន្ទ ទី24 ខែមិនា ឆ្នាំ2014
ប្រជាពលរដ្ឋ និងកម្មករ-កម្មការនីប្រមាណ ៣០០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ធរណ៍ ទាមទារឲ្យតុលាការដោះលែងលោកវន់ ពៅ ខណៈសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃចន្ទនេះ។
តាមការគ្រោងទុក នៅរសៀលថ្ងៃចន្ទនេះ តុលាការសាលាឧទ្ធរណ៍ នឹងបើកសវការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ ខណៈដែលលោកចូលរួមជាមួយកម្មករ តវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ នៅមុខរោងចក្រយ៉ាកជីង។ លោកវន់ ពៅ ត្រូវបានចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនា និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈដោយចេតនា មានស្ថានទម្ងន់ទោស។
នៅខណៈនេះដែរ នៅខាងមុខសាលាឧទ្ធរណ៍ គេសង្កេតឃើញមាន កម្មករ សមាជិកសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាសហគមន៍ដីធ្លីនៅរាជធានីភ្នំពេញ ប្រមាណ៣០០នាក់ បាននាំគ្នាប្រមូលផ្តុំគ្នានៅទីនោះ ដោយក្នុងដៃពួកគេមួយចំនួន មានកាន់បដា និងស្រែកទាមទារ ឲ្យមានការដោះលែង លោក វន់ ពៅ ឲ្យមានសេរីភាពវិញ។
តែទោះយ៉ាងណា រហូតមកដល់ម៉ោងជាង ២រសៀលនេះ គេនៅពុំទាន់ឃើញលោកវន់ ពៅ ទៅកាន់សាលាឧទ្ធរណ៍នៅឡើយទេ។ ហើយបើតាមប្រសាសន៍ប្រធានពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម លោក គា នៅព្រឹកមិញនេះ ឡានដែលត្រៀមដឹកលោក វន់ ពៅ មកចូលរួមសវនាការ កំពុងជួបបញ្ហាជុសជុលនៅឡើយ។
លោកបញ្ជាក់ថា បើឡាននោះជួសជុលមិនហើយនៅថ្ងៃនេះទេ ពន្ធនាគារមិនមានឡានផ្សេងសម្រាប់ដឹកលោក វន់ ពៅ ឲ្យមកចូលសវនាការបានឡើយ៕
No comments:
Post a Comment