Paris Peace Accords 23 Oct. 1991

Monday, March 31, 2014

សាលា​ក្តី​ ខ្មែរ​ក្រហម អស់​លុយ​ បើក​ប្រាក់​ខែ​ ឲ្យ​ បុគ្គលិក​ខ្មែរ​

ដំណើរការកាត់ក្ដីក្នុងសាលាក្ដីខ្មែរក្រហម
ដំណើរការកាត់ក្ដីក្នុងសាលាក្ដីខ្មែរក្រហម / ECCC

សាលា​ក្តី​ ខ្មែរ​ក្រហម អស់​លុយ​ បើក​ប្រាក់​ខែ​ ឲ្យ​ បុគ្គលិក​ខ្មែរ​

ដោយ ប៉ែន បូណា / RFI | ៣១ មីនា​ ២០១៤
ចាប់​ពី​ខែ​មេសា​ ត​ទៅ សាលា​ក្តី​ ខ្មែរក្រហម គ្មាន​សាច់ប្រាក់ ​បើក​ឲ្យ​បុគ្គលិក​ ជនជាតិ​ខ្មែរ​​ ទៀត​ទេ។  ប្រទេស​ម្ចាស់ជំនួយ​ ​ទើបតែ​បាន​ អនុម័ត ​គាំទ្រ​គម្រោង​ថវិកា​​ សាលាក្តី​​ ខ្មែរក្រហម​ សម្រាប់​ដំណើរការ ​ឆ្នាំ ២០១៤ និង ២០១៥ ដែល​មាន​ទឹកប្រាក់​​ សរុប​ជាង ៦០​លាន​ដុល្លារ។  ប៉ុន្តែ គ្មាន​ម្ចាស់​ជំនួយ​ ណា​មួយ បានផ្តល់​សាច់ប្រាក់ ដល់​ភាគី​កម្ពុជា​ នៅ​ឡើយ​ទេ។  ដោយឡែក គ្រូពេទ្យ​ជំនាញ ៣​រូប​ បាន​ត្រួត​ពិនិត្យ​​ ​កាយសម្បទារ​ ​របស់​​ ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន រួចរាល់​ហើយ​ កាលពី​ថ្ងៃ​ទី ២៤ ​និង​២៥​មីនា តែ​គេ ​នៅ​មិនទាន់​ដឹង​​ លទ្ធផល​ នៅ​ឡើយ។

បុគ្គលិក​ជនជាតិខ្មែរ​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​បើក​ប្រាក់ខែ​សម្រាប់​ខែមីនា​រួចហើយ ប៉ុន្តែ កញ្ចប់​ថវិកា​សម្រាប់​ភាគី​ជាតិ​គ្មាន​សាច់ប្រាក់​នៅសល់​ទៀត​ទេ។ នេះ​បើ​យោងតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ។ អ្នកនាំពាក្យ​ដដែល​បាន​អះអាងថា ភាគី​កម្ពុជា​ត្រូវការ​ថវិកា​ចំនួន ៣,៦ លាន​ដុល្លារ​ទៀត​សម្រាប់​ដំណើរការ​រហូតដល់​ដំណាច់ឆ្នាំ ២០១៤ ។
 
កាលពី​ថ្ងៃទី ១៩ មីនា ក្រុម​ប្រទេស​ម្ចាស់ជំនួយ​បាន​សម្តេច​អនុម័ត​គាំទ្រ​គម្រោង​ថវិកា​របស់​សាលាក្តី​សម្រាប់​ឆ្នាំ២០១៤ និង ២០១៥ ដែលមាន​ទឹកប្រាក់​សរុប ៦០,៥ លាន​ដុល្លារ​ទាំង​ភាគី​ជាតិ​និង​អន្តរជាតិ។ ប៉ុន្តែ ការប្រកាស​ផ្តល់ជំនួយ​ជា​បន្តបន្ទាប់​កន្លងទៅនេះ​មានតែ​សម្រាប់​ភាគី​អន្តរជាតិ​ប៉ុណ្ណោះ។ ដោយឡែក ភាគី​កម្ពុជា​មិនបាន​ទទួល​ជំនួយ​ពី​ប្រទេស​ណាមួយ​នៅឡើយ​ទេ។

ប្រឈមមុខ​នឹង​បញ្ហា​នេះ ភាគី​អង្គការសហប្រជាជាតិ​និង​កម្ពុជា​កំពុង​បង្កើន​កិច្ចខិតខំ​យ៉ាងខ្លាំង​ក្នុងការ​ស្វែងរក​ថវិកា​ទ្រង់​ទ្រង់​សាលាក្តី។ ជាក់ស្តែង លោក David Scheffer តំណាង​ពិសេស​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សាលាក្តី​ខ្មែរក្រហម​បាន​ជួបពិភាក្សា​ជាមួយ​ប្រទេស​ជាច្រើន​ក្នុងអំឡុង​ខែមីនា​នេះ​ដើម្បី​និយាយ​អំពី​ថវិកា​សាលាក្តី​ខ្មែរក្រហម។ យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ​នៅតែ​មិនទាន់មាន​ប្រទេស​ណា​ផ្តល់ជំនួយ​ដល់​កម្ពុជា​តែ​ដដែល។

ខណៈដែល​សាល​ក្តី​កូនកាត់​នេះ​កំពុង​ជួបប្រទះ​បញ្ហា​ថវិកា​ជាថ្មី ជនជាប់ចោទ​ទាំងពីរ​ក្នុង​សំណុំរឿង ០០២ គឺ នួន ជា និង ខៀវ សំផន មាន​វ័យ​កាន់តែ​ចាស់ជរា។ ក្រុមគ្រូពេទ្យ​ជំនាញ៣រូប​ក្នុងនោះ​មាន​ជនជាតិ​បរទេស​ពីររូប​និង​ខ្មែរ​មួយរូប​បាន​ត្រួតពិនិត្យ​សុខភាព​ជនជាប់ចោទ​ទាំងពីរ​រួចហើយ​កាលពី​ថ្ងៃទី ២៤ និង ២៥ មីនា។ ការត្រួតពិនិត្យ​សុខភាព​នេះ​គឺ​ដើម្បី​ដឹងថា​តើ​ពួកគេ​មាន​កាយសម្បទារ​គ្រប់គ្រាន់​អាច​ចូលរួម​សវនាការ​បន្តទៀត​បាន​ដែរឬទេ?

បើទោះបីជា​លទ្ធផល​មិនទាន់​ត្រូវបាន​គេ​ប្រកាស​ឲ្យ​ដឹង ប៉ុន្តែ លោក នេត្រ ភក្ត្រា អះអាងថា រហូតមកដល់​ពេលនេះ សុខភាព​ជនជាប់ចោទ​ទាំងពីរ​មិនទាន់មាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ។ យ៉ាងណាក៏ដោយ ចំណោទ​អំពី​បញ្ហា​ថវិកា​អាច​នឹងធ្វើ​ឲ្យ​យឺតយ៉ាវ​ដល់​ដំណើរការ​សាលាក្តី​ប្រសិនបើ​បុគ្គលិក​ខ្មែរ​ធ្វើ​កូដកម្ម​ដោយសារតែ​បញ្ហា​ប្រាក់ខែ​នៅពេល​ខាងមុខនេះ៕



No comments:

Post a Comment