អ្នកបឹងកក់ តវ៉ាក្រោមរូបភាពពិធីបូជាតុលាការ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣។
RFA/So Chivy
ស្ថាប័នតុលាការ ត្រូវគេ បារម្ភ ថា នឹងនៅតែ ស្ថិតក្រោម ឥទ្ធិពលនយោបាយ
ដោយ វណ្ណ វិចារ / អាស៊ីសេរី | ១៩ មីនា ២០១៤
មន្ត្រី សង្គមស៊ីវិល និងអ្នកនយោបាយ មួយចំនួន បារម្ភ ថា ស្ថាប័នតុលាការ កម្ពុជា នឹងនៅតែស្ថិតក្រោម ឥទ្ធិពលនយោបាយ។ ក្តីបារម្ភនេះ កើតឡើង នៅពេលដែល សេចក្ដីព្រាងច្បាប់ ស្ដីពី លក្ខន្តិកៈ ចៅក្រម ព្រះរាជអាជ្ញា មិនបានលើកឡើង ពីការពាក់ព័ន្ធ របស់ ចៅក្រមព្រះរាជអាជ្ញា ទៅនឹង គណបក្ស នយោបាយ នោះឡើយ។
សេចក្ដីព្រាងច្បាប់នេះត្រូវបានក្រសួងយុត្តិធម៌ បិទបញ្ចប់ការពិភាក្សាកាលពីថ្ងៃទី១៣ ខែមីនា និងបានបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤។
មន្ត្រីសង្គមស៊ីវិលនិងអ្នកនយោបាយមួយចំនួនបារម្ភថា តុលាការកម្ពុជា នឹងត្រូវបានគេយកទៅប្រើប្រាស់ជាឧបករណ៍នយោបាយ បើច្បាប់មិនមានចែងអំពីឯករាជភាពរបស់ចៅក្រម ឬព្រះរាជអាជ្ញាពីគណបក្សនយោបាយនោះ។
សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម ព្រះរាជអាជ្ញា មាន ៦ជំពូក និង ១១១មាត្រា។ ជំពូក១ មានចែងពីបញ្ញត្តិរួម ជំពូក២ ចែងពីការសម្រេចចិត្តដោយមិនលំអៀងរបស់ចៅក្រម ដោយឈរលើគោលការណ៍ច្បាប់។ ជំពូក៣ ចែងពីលក្ខន្តិកៈរបស់ព្រះរាជអាជ្ញាដែលស្ថិតនៅដាច់ដោយឡែកពីចៅក្រម ជំពូក៤ កំណត់ថា ចៅក្រម ឬព្រះរាជអាជ្ញា មានវិសាលភាពជាមួយការបំពេញមុខងារសាធារណៈ ជាតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឬមុខងារទទួលអាណត្តិដោយបោះឆ្នោត ជំពូក៥ ចែងពីវិធានការ អន្តរបញ្ញត្តិ ស្ដីពីការធ្វើសមាហរណកម្ម ឬការរួមបញ្ចូលគ្នាក្នុងក្របខ័ណ្ឌច្បាប់រវាងចៅក្រមនិងព្រះរាជអាជ្ញា លើកលែងតែតុលាការយោធា ជំពូក៦ ចែងពីអវសានបញ្ញត្តិ។
ការបង្កើតច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញានេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បរិយាយកាលពីថ្ងៃប្រកាសគណៈរដ្ឋមន្ត្រីថ្មី កាលពីខែកញ្ញា ឆ្នាំ២០១៣ ថា ជាការបង្កើនជំនឿទុករបស់ពលរដ្ឋលើប្រព័ន្ធតុលាការកម្ពុជា។ មួយខែបន្ទាប់គឺនៅខែតុលា ឆ្នាំ២០១៣ សេចក្ដីព្រាងច្បាប់នេះត្រូវបានក្រសួងយុត្តិធម៌ រៀបចំបង្កើតឡើង។ ក្រុមការងារបង្កើតច្បាប់របស់ក្រសួងយុត្តិធម៌ បានតាក់តែងសេចក្ដីព្រាងច្បាប់រួច នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ និងបញ្ជូនទៅកាន់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ពិនិត្យរួចរាល់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤។
ទាក់ទងនឹងបញ្ហានេះ នាយកខុទ្ទកាល័យក្រសួងយុត្តិធម៌ លោក សម ប្រជាមានិត មានប្រសាសន៍ថា លោកមិនអាចបរិយាយបញ្ហាបច្ចេកទេសលើសេចក្ដីព្រាងច្បាប់នេះបានទេ ហើយលោកក៏មិនទាន់ច្បាស់ថា សេចក្ដីព្រាងច្បាប់នេះបានបញ្ជូនទៅដល់ទីស្ដីការគណៈរដ្ឋមន្ត្រីហើយឬនៅដែរ។ ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ត្រូវបានកាសែតស្រង់សម្ដីថា ច្បាប់ថ្មីនេះជាឧបករណ៍មួយដើម្បីពង្រឹងឯករាជភាពរបស់តុលាការនៅកម្ពុជា។
ទោះជាយ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា ការតវ៉ាក្តីនៅតុលាការកម្ពុជា សព្វថ្ងៃ ប្រៀបបានទៅនឹងការទិញត្រីនៅក្នុងផ្សារ។ និយាយឲ្យស្រួលស្តាប់ បើភាគីណាមានលុយច្រើន ភាគីនោះនឹងឈ្នះក្តី។ លោកបន្ថែមថា មុននឹងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសហលក្ខន្តិកៈចៅក្រម ព្រះរាជអាជ្ញា នេះ រដ្ឋាភិបាលគួរតែបើកការពិភាក្សាឲ្យគ្រប់ជ្រុងជ្រោយ ស្វែងរកយោបល់ពីពលរដ្ឋ ពីសង្គមស៊ីវិលជាមុនសិន ទើបច្បាប់នោះអាចធានានូវប្រសិទ្ធភាពបាន។ លោកបញ្ជាក់ថា ចំណុចមួយក្នុងសេចក្ដីព្រាងច្បាប់ថ្មីនេះ ត្រូវតែបញ្ចូលមាត្រាដែលនិយាយពីអព្យាក្រឹតភាពរបស់ចៅក្រម ព្រះរាជអាជ្ញា ក្នុងនិន្នាការនយោបាយ។
សង្គមស៊ីវិលបានរកឃើញថា ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៣ មានសកម្មជនសិទ្ធិមនុស្ស អ្នកការពារដីធ្លីជាង ៥០០នាក់នៅទូទាំងប្រទេស ត្រូវបានតុលាការដាក់ទោសតាមបណ្ដឹងរបស់អ្នកមានលុយមានអំណាច។ អ្នកខ្លះត្រូវរត់ចោលស្រុក អ្នកខ្លះទៀតត្រូវជាប់គុក តាមអំណាចសាលក្រមតុលាការ។ រឿងក្ដីក្ដាំដែលសង្គមស៊ីវិលចោទថា តុលាការសម្រេចសេចក្ដីដោយអយុត្តិធម៌ និងស្ថិតក្រោមឥទ្ធិពលនយោបាយនោះ រួមមានករណី លោក សម រង្ស៉ី ករណីអ្នកស្រី មូរ សុខហួរ ករណីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ករណីលោក ម៉ម សូណង់ដូ ករណីអតីតអភិបាលក្រុងបាវិត បាញ់ប្រហារលើកម្មការិនីជាដើម។
ប្រជាពលរដ្ឋនៅតំបន់បឹងកក់ ក៏បានធ្វើពិធីបួងសួងជារឿយៗ សំដៅស្នើឲ្យតុលាការសម្រេចក្តីដោយយុត្តិធម៌។ អ្នកបឹងកក់ ធ្លាប់បានធ្វើពិធីបែបសាសនា ដោយបាចអំបិល ដុតម្ទេស និងដុតរូបទីងមោងតំណាងតុលាការអយុត្តិធម៌។
សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ត្រូវបានតាក់តែងឡើងតាំងពីឆ្នាំ២០០៧ ដោយទទួលជំនួយពីប្រទេសបារាំង។ ប៉ុន្តែសេចក្ដីព្រាងនេះត្រូវបានផ្អាកទៅវិញ ដោយសារហេតុផលនយោបាយ។
បច្ចុប្បន្នមន្ត្រីជាន់ខ្ពស់ស្ថាប័នតុលាការ សុទ្ធជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ លោក ឌិត មន្ទីរ ជាប្រធានតុលាការកំពូល និងជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។ ក្រៅពីនោះ មន្ត្រីតុលាការនៅតាមរាជធានីខេត្ត សុទ្ធជាសមាជិកក្រុមការងាររបស់បក្សកាន់អំណាច។ តុលាការកម្ពុជា នៅបំពេញការងារតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៅឡើយ ហើយកត្តានេះហើយដែលអ្នកស្រាវជ្រាវនយោបាយមួយចំនួន ដាក់ឈ្មោះតុលាការកម្ពុជា ថាជាតុលាការមិនមាននៅក្នុងច្បាប់៕
No comments:
Post a Comment