Paris Peace Accords 23 Oct. 1991

Thursday, March 13, 2014

សង្គម​ស៊ីវិល​ រិះគន់​ ការបិទ​ទីលាន​ប្រជាធិបតេយ្យ​ ថា ​ជា​ការរំលោភ​ សិទ្ធិ​ពលរដ្ឋ​​

ទីលាប្រជាធិបតេយ្យ មានការយាមកាមពីសមត្ថកិច្ច មិនឲ្យមានការជួបជុំសម្តែងមតិ (រូបថត៖ ណាត សុភាព)


សង្គម​ស៊ីវិល​ រិះគន់​ ការបិទ​ទីលាន​ប្រជាធិបតេយ្យ​ ថា ​ជា​ការរំលោភ​ សិទ្ធិ​ពលរដ្ឋ​​


ដោយ៖​ កាន់ វិច្ឆិកា​ / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី13 ខែមិនា ឆ្នាំ2014

ក្រុម​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​លើ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា រិះគន់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​ប្រកាស​បិទ​ទីលាន​ប្រជាធិបតេយ្យ​មិនឲ្យ​មាន​ការប្រមូល​ផ្តុំ​ធ្វើបាតុកម្ម​ណាមួយ​នោះ ថា​ជា​ការរំលោភ​សិទ្ធិមនុស្ស និង​ជា​បំរាម​ខុសច្បាប់​។​
​ការលើកឡើង​បែប​នេះ បន្ទាប់​ពី​អភិបាល​រាជធានី លោក ប៉ា សុជាតិ​វង្ស កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ប្រកាស​ផ្ទាល់មាត់​ថា ទីលាន​ប្រជាធិបតេយ្យ នឹង​ត្រូវ​បិទ​ចាប់ពី​ថ្ងៃ​ប្រកាស​នេះ​តទៅ ដោយ​មិន​អនុញ្ញាត​ឲ្យមាន​ការប្រ​មូលផ្តុំ​ធ្វើបាតុកម្ម​ណាមួយ​ឡើយ រហូត​ដល់​បិទ​បញ្ចប់​ការស៊ើបអង្កេត​ករណី​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​។
មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការប្រកាស​បិទ​ទីលាន​ប្រជាធិបតេយ្យ​របស់​អភិបាល​រាជធានី​ភ្នំពេញ  ជា​ការរំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​មិន​ត្រឹមត្រូវ​តាមច្បាប់​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។​
​ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស លោក អ៊ូ វីរៈ លើកឡើង​ដែរ​ថា លោក​មាន​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​អភិបាល​រាជធានី​ក្នុង​ការប្រកាស​បិទ​ទីលាន​ប្រជាធិបតេយ្យ ដែល​ជា​កន្លែង​សម្រាប់​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​។​
នាយិកា​អង្គការ​សីល​ការ លោកស្រី ធីតា ឃឹះ យល់ថា ការបិទ​ទីលាន​ប្រជាធិបតេយ្យ អាចជា​លេស​របស់​រដ្ឋាភិបាល​ក្នុងការ​បិទ​មិនឲ្យ​មាន​ការធ្វើ​បាតុកម្ម ព្រោះថា ទីលាន​ប្រជាធិបតេយ្យ និង​អំពើ​ហិង្សា​នៅ​ផ្លូវវេង​ស្រេង​មិន​មាន​ជាប់​ទាក់ទង​គ្នា​ទេ ហើយ​រហូត​មកដល់ពេលនេះ​មិនទាន់​ឃើញ​មាន​លទ្ធផល​ស៊ើបអង្កេត​ណាមួយ​នៅឡើយ គឺ​ឃើញតែ​ចាប់​ពលរដ្ឋ និង​សកម្មជន​សិទ្ធិមនុស្ស​ដែល​មិន​មាន​កំហុស​ដាក់ទោស​ទៅវិញ​។​
VOD មិនអាច​សុំ​ការបកស្រាយ​បន្ថែម​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស និង​អ្នកនាំពាក្យ​បានទេ ដោយ​លោក​ប្រាប់​ថា​រវល់​ប្រជុំ​។​
​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៣៧ និង​មាត្រា​៤១ បានចែង​ថា ពលរដ្ឋ​មាន​សិទ្ធិ​ធ្វើ​កូដម្ម និង​បាតុកម្ម​ដោយ​សន្តិវិធី និង សេរីភាព​ក្នុង​ការបញ្ចេញមតិ​។
ចំណែក​មាត្រា​២៨​នៃ​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ចែងថា ថ្នាក់ដឹកនាំ​រាជធានី ឬ​ខេត្ត​នី​មួយៗ ត្រូវ​បង្កើត​កន្លែង​បញ្ចេញមតិ​ជា​សាធារណៈ សម្រាប់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ឬ​បញ្ចេញមតិ​ជា​សាធារណៈ​។
​ក្រុម​សិទ្ធិ​មនុស្ស បាន​ហៅ​បំរាម​បិទ​ទីលាន​ប្រជាធិបតេយ្យ​នេះ ថាផ្ទុយ​នឹង​ច្បាប់​កម្ពុជា​ដែល​មានចែង​។ ​ជាមួយគ្នានេះ អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លើក​ច្បាប់​មួយ​ណា​ដែល​អនុញ្ញាត​ឲ្យ​អាជ្ញាធ​របិទ​ការជួប​នៅ​ទីលាន​ប្រជាធិបតេយ្យ ព្រោះ​បំរាម​នេះ ក៏​ផ្ទុយ​នឹង​សន្ធិសញ្ញា​អន្តរជាតិ​ផង​ដែរ​៕




No comments:

Post a Comment