CNRP នឹងដាក់ លិខិត ទៅ CPP នៅថ្ងៃនេះ ឲ្យឆ្លើយតប សំណើខ្លួន មុនបន្តកិច្ចចរចា
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី13 ខែមិនា ឆ្នាំ2014
គណបក្សសង្គ្រោះជាតិ នឹងដាក់លិខិតទៅគណបក្សប្រជាជនកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ ឲ្យឆ្លើយតបជាបន្ទាន់ ចំពោះសំណើទាមទារឲ្យ គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ និងកំណត់ការជ្រើសតាំងសមាសភាព គ.ជ.ប មុននឹងបន្តកិច្ចប្រជុំថ្ងៃទី១៧ ខែមីនា។
លិខិតនេះ សម្រេចធ្វើឡើងបន្ទាប់កិច្ចប្រជុំមួយរបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ និងបន្ទាប់ពីប្រធានគណបក្សនេះគឺ លោក សម រង្ស៊ី កាលពីថ្ងៃម្សិលមិញនេះ ព្រមានផ្តាច់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រៀមរៀបចំមហាបាតុកម្មជាថ្មីទៀតបើ គជប ពុំមានការផ្លាស់ប្តូរ។
សមាជិកគណៈកម្មការកែទម្រង់ការបោះឆ្នោតគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប អះអាងថា មិនទាន់ទទួលបានលិខិតនេះនៅឡើយទេ ប៉ុន្តែគណបក្សនេះ នៅតែរក្សាជំហជួបចរចានៅថ្ងៃទី១៧ ខែមីនាខាងមុខនេះ។
លោកបង្ហើបឲ្យដឹងថា ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា មិនទាន់មានប្រតិកម្មតបចំពោះសំណើបែបណាឡើយ ដោយសារជាប់រវល់ការងារតាមមូលដ្ឋាន។
ប្រធានក្រុមការងារបច្ចេកទេសចរចាគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា យល់ថា ការទាមទារដាក់ គជប ជាស្ថាប័នធម្មនុញ្ញ និងការកំណត់សំឡេង២ភាគ៣ សម្រាប់ការអនុម័តសមាសភាព គជប នឹងអាចធ្វើឲ្យសភាជាប់គាំង ដូចឆ្នាំ២០០៦។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ លោក ហង្ស ពុទ្ធា ផ្តល់ជាអនុសាសន៍ចំពោះភាពមិនចុះសម្រុងនេះ ដោយស្នើគណបក្សទាំងពីរ គប្បីពិចារណាបង្កើតគណៈកម្មការមួយឯករាជ្យ ដើម្បីជ្រើសតាំង គជប អព្យាក្រឹត្យមួយ ស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញ។
កាលពីថ្ងៃទី១០ ខែមីនា គណៈកម្មការចម្រុះបក្សទាំងពីរ បានពិភាក្សាលើចំណុចពីរ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទាមទារការពិនិត្យអព្យាក្រឹត្យភាព និងឯករាជ្យភាពអង្គការសង្គមស៊ីវិល ចំណែកគណបក្សសង្គ្រោះជាតិ ទាមទារការប្តូរសមាសភាព គជប និងដាក់ជាស្ថាប័នធម្មនុញ្ញ។
ប៉ុន្តែមិនមានសេចក្តីថ្លែងការណ៍រួម ឬចំណុចឯកភាពឡើយ ដោយរង់ចាំការសម្រេចពីថ្នាក់ដឹកនាំកំពូលរៀងៗខ្លួន។ តែក្រោយមកគណបក្សទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន និងបានការពារលើអំណះអំណាង ចំពោះសំណើដែលខ្លួនបានលើក៕
No comments:
Post a Comment