អ្នកទោសស្ត្រីក្នុងពន្ធនាគារមួយនៅប្រទេសកម្ពុជា
©ម៉េងហួរ
អង្គការ លីកាដូ មើលឃើញ កង្វះ ការបណ្តុះជំនាញ និងសមត្ថភាព សម្រាប់ អ្នកទោស ជាស្ត្រី
ក្នុងឱកាស ដែលកម្ពុជា កំពុងប្រារព្ធ ទិវាសិទ្ធិនារី អន្តរជាតិ ០៨ មីនា ឆ្នាំ២០១៤ សម្ព័ន្ធខ្មែរ ជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ បានស្នើ ឱ្យអគ្គនាយកដ្ឋាន ពន្ធនាគារ សម្រួលឱ្យអ្នកទោសស្រី ទទួលបាន នូវការស្តារសម្បទា ឱ្យបានកាន់តែទូលំទូលាយឡើង ដើម្បីឱ្យពួកគេ មានសមត្ថភាព និងជំនាញ សមរម្យ សម្រាប់ចិញ្ចឹមជីវិត ក្រោយពីទទួលបានសេរីភាព។ មន្ត្រី នៃអគ្គនាយកដ្ឋាន ពន្ធនាគារ បានអះអាង ថា មិនទាន់បានទទួល សំណើ ដែលមាន នៅក្នុងសេចក្តីថ្លែងការណ៍ របស់ អង្គការ លីកាដូ ដែលចុះថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ នេះទេ។
ចំនូនអ្នកទោសស្រី្តនាពេលបច្ចុប្បន្ន កើនដល់៨%នៃចំនួនអ្នកទោសសរុប ក្នុងប្រទេសកម្ពុជា ប៉ុន្តែ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអប់រំសម្រាប់អ្នកទោសស្រី្ត និងអនីតិជន នៅតែមានការខ្វះខាតក្នុងពន្ធនាគារមួយចំនួន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ចុះថ្ងៃទី០៨ ខែមីនា ដែលជាទិវាសិទ្ធិនារី ឆ្នាំ២០១៤នេះ។ លីកាដូ ចាប់អារម្មណ៍ជាពិសេស លើអ្នកទោសស្រី្តជាអនីតិជន ដែលអង្កការនេះយល់ថា គួរតែទទួលបាននូវសិទ្ធិស្មើគ្នានឹងអ្នកទោសបុរស ក្នុងការទទួលបាននូវវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពួកគេក្នុងការស្វែងរកការងារនៅពេលអនាគត។
កញ្ញា ង៉ែត សុគន្ធ អ្នកគ្រប់គ្រងគម្រោងពន្ធនាគារនៃអង្គការសិទិ្ធមនុស្ស លីកាដូ សម្គាល់ឃើញថា៖ «ពន្ធនាគារណា ដែលមានវគ្គបណ្តុះបណ្តាលនៅទីនោះ ភាគច្រើនគឺផ្តោតទៅលើអ្នកទោសបុរស ដូចជាវគ្គបណ្តុះបណ្តាលជាងឈើ ជាងផ្សារដែក ឬជាងម៉ាស៊ីន» ហើយ «នៅក្នុងពន្ធនាគារខ្លះ មានកម្មវិធីមួយចំនួនតូចបានរៀបចំឡើងសម្រាប់អ្នកទោសស្រី្ត និងអនីតិជន ប៉ុន្តែអ្នកទាំងនោះមិនទទួលបានឱកាសក្នុងការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនោះឡើយ»។យោងតាមអគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលកែប្រែក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន មានចំនួន២៦ ក្នុងនោះពន្ធនាគារថ្នាក់ជាតិមាន៤កន្លែង ពោលគឺម១ និងម២នៅព្រៃស ម៣នៅត្រពាំងផ្លុងខេត្តកំពង់ចាម និងម៤នៅស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ហើយពន្ធនាគារថ្នាក់ក្រោមជាតិមាន២២កន្លែង នៅតាមខេត្តក្រុងនីមួយៗ លើកលែងតែខេត្តកែប ខេត្តកោះកុង និងខេត្តត្បូងឃ្មុំ។ លោក សន កែវ មន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារបានប្រាប់ថា ស្ថាប័នរបស់លោកមិនទាន់បានទទួលសំណើរបស់អង្គការលីកាដូនៅឡើយទេ។
នៅចុងឆ្នាំ ២០១៣ មានអ្នកទោសស្រី្តចំនួន១ ១៣៧នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារកម្ពុជា។នេះបើផ្អែកតាមរបាយការណ៍របស់លីកាដូ ដែលបង្ហាញឱ្យឃើញថា ច្រើនជាង៧០%នៃអ្នកជាប់ទោសជាស្រី្ត ត្រូវឃុំក្នុងពន្ធនាគារ ដោយពុំទាន់បានផ្តន្ទាទោស ឬកំពុងតែរង់ចាំសាលដីកាចុងក្រោយ ហើយ៣០%ទៀតកំពុងតែរង់ចាំសវនាការលើកដំបូង។
អង្គការលីកាដូបានមើលឃើញថា មានបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះទៀត ដោយសារតែកម្មវិធីបណ្តុះបណ្តាលក្នុងពន្ធនាគារភាគច្រើន បានរៀបចំឡើងសម្រាប់តែទណ្ឌិត ដែលជិតឈានដល់ការរួចទោស ដោយមិនបានគិតពីចំនូនភាគរយដ៏ច្រើននៃអ្នកទោសស្រី្តនោះទេ៕
No comments:
Post a Comment