សមាគម រោងចក្រកាត់ដេរ កម្ពុជា មិនខ្វល់ ពីកម្មករ ទាមទារដំឡើង ប្រាក់ឈ្នួល ១៦០ដុល្លារ
ដោយ៖ ណាត សុភាព / វីអូឌី | ថ្ងៃសៅរ៍ ទី8 ខែមិនា ឆ្នាំ2014
សមាគមរោងចក្រកាត់ដេរកម្ពុជា មិនខ្វល់ពីសហព័ន្ធសហជីព និងសមាគមចំនួន១៨ ដឹកនាំកម្មករធ្វើកូដកម្ម មិនធ្វើការបន្ថែមម៉ោង ចាប់ពីថ្ងៃទី១២-១៥ ខែមីនាខាងមុខ ដើម្បីទាមទារប្រាក់ឈ្នួល១៦០ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករនោះទេ។
ការលើកឡើងនេះ បន្ទាប់ពីក្រុមមេដឹកនាំសហជីព នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែមីនានេះត្រូវសមត្ថកិច្ច និងកងសន្តិសុខ រារាំងមិនឲ្យបើកវេទិកាសាធារណៈនៅទីលានប្រជាធិបតេយ្យ។
ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា លោក វ៉ាន់ ស៊ូអៀង ឲ្យ VOD ដឹងនៅថ្ងៃសៅរ៍នេះថា ការធ្វើកូដកម្មរបស់សហព័ន្ធសហជីព និងសមាគមចំនួន១៨ ជាសិទ្ធិរបស់ពួកគេ ហើយលោកមិនខ្វល់ពីការទាមទារប្រាក់ឈ្នួល១៦០ដុល្លារ សម្រាប់កម្មករនោះទេ តែលោកថា អ្វីដែលសំខាន់ត្រូវធ្វើតាមច្បាប់ «គេ[កម្មករ-កម្មការិនី]អត់ចូលចិត្ត កុំធ្វើការទៅ អ្នកណាបង្ខំគាត់ធ្វើការ គេឲ្យ គេឡើងប្រាក់ខែ ម៉េចត្រូវឲ្យរហូត មានសិទ្ធិឈប់ធ្វើការ គេមានសិទ្ធិធ្វើការ អ្នកចង់ធ្វើការគេធ្វើទៅ អ្នកអត់ចង់ធ្វើការយើងទៅផ្ទះទៅ រកការងារផ្សេងទៅ កុំចេះតែបង្ខំគេរហូត បង្ខំហើយវាយគេ យកហិង្សាទៀត ហើយគេចាប់ខុសច្បាប់ ប្តឹងគេទៀត ថាគេធ្វើអត់ឲ្យមានសិទ្ធិ។ សិទ្ធិអី? មានសិទ្ធិធ្វើកូដកម្ម គួរគោរពច្បាប់ទៅ»។
យ៉ាងណាក៏ដោយ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ជម្រាបទៅប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជាថា មុននឹងក្រុមសហព័ន្ធសហជីព និងសមាគមចំនួន១៨ ជំរុញឲ្យកម្មករ ធ្វើកូដកម្មមិនធ្វើការបន្ថែមម៉ោង ពួកគាត់បានជូនដំណឹងទៅគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក្រសួងការងារជាដើម។ ទោះជាយ៉ាងនេះក្តី លោក រ៉ុង ឈុន បន្តអំពាវនាវឲ្យកម្មករទាំងអស់រួបរួមគ្នា កុំចូលធ្វើការបន្ថែមម៉ោងចាប់ពីថ្ងៃទី១២-១៥ ខែមីនា ទើបការទាមទារប្រាក់ឈ្នួល១៦០ដុល្លារ ទទួលបានផ្លែផ្កា«គ្រាន់តែចង់ជម្រាបបងប្អូនកម្មករទាំងអស់ បើយើងមិនធ្វើការទាមទារទេ យើងដឹងហើយ និយោជកក៏ដូចជា សមាគមរោងចក្រកាត់ដេរហ្នឹង គេមិនមានចេតនា ចង់ដោះស្រាយបញ្ហារបស់ពួកយើងទេ ដូចជាការដំឡើងប្រាក់ឈ្នួលម្តងៗហ្នឹង ទាល់តែយើងធ្វើការទាមទារ បានយើងទទួលបាននូវការដំឡើង។ អ៊ីចឹងសូមឲ្យ បងប្អូនកម្មករទាំងអស់ យើងត្រូវតែចូលរួមទាំងអស់គ្នា»។
VOD មិនអាចសុំការអត្ថធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ លោក ហេងសួរ បានទេ នៅរសៀលថ្ងៃសៅរ៍នេះ។
នៅម៉ោងប្រមាណជិត១០ព្រឹកថ្ងៃសៅរ៍នេះ កងសន្តិសុខសាលាខណ្ឌដូនពេញប៉ះទង្គិចគ្នាជាមួយ និងអ្នកដំណើរ៣នាក់ ខណៈពួកគាត់ឈរចាំតំណាងសហជីពទាំង១៨ និងកម្មករ ចូលរួមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ដើម្បីទាមទារប្រាក់ឈ្នួលគោល១៦០ដុលា្លរអាមេរិក ក្នុងមួយខែ និងសុំលើកលែងការចោទប្រកាន់សកម្មជនដីធ្លី និងមនុស្ស២១នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង។ តែទោះជាយ៉ាងណា មិនបង្កឲ្យមានអ្នករងរបួសអ្វីឡើយ៕
No comments:
Post a Comment