ភាគីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ធ្វើសន្និសីទក្រោយពេលជួបចរចា កាលពីថ្ងៃទី៣ មីនា (រូបថត៖ តាំង វីដា)
អ្នកវិភាគ៖ គណបក្ស កាន់អំណាច ទំនងនឹងអាច បោកបញ្ឆោត គណបក្សសង្គ្រោះជាតិ នៅដំណាក់កាលចុងក្រោយ ករណី កែទម្រង់ គ.ជ.ប
ដោយ៖ ណុល ដារ៉ា / វីអូឌី | ថ្ងៃសុក្រ ទី7 ខែមិនា ឆ្នាំ2014
នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន៤នីតិកាលចុងក្រោយនេះ ពោរពេញទៅដោយភាពមិនប្រក្រតីជាច្រើន ដែលធ្វើឲ្យគណបក្សចូលរួមការប្រកួតប្រជែងសន្លឹកឆ្នោត ជាពិសេសគណបក្សប្រឆាំង តែងតែធ្វើបាតុកម្មតវ៉ាគ្រប់រដូវកាលនៃការបោះឆ្នោត ហើយអ្វីដែលគណបក្សប្រឆាំងធ្វើការតវ៉ានោះ គឺពួកគេចោទថា ស្ថាប័នគណៈកម្មការរៀបជាតិចំការបោះឆ្នោត ទាំងថ្នាក់លើរហូតដល់ថ្នាក់ក្រោម ស្ថិតនៅក្រោមការណែនាំរបស់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា។
នៅមុនការបោះឆ្នោត គេកត់សម្គាល់ឃើញថា មានការផ្ដល់អនុសាសន៍ជាច្រើនពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលក្នុងនោះមានទាំងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកសុរិយា ស៊ូប៊ែរឌី ផងដែរ គឺឲ្យរដ្ឋាភិបាលកម្ពុជា និងស្ថាប័នរៀបចំការបោះឆ្នោត កែទម្រង់ប្រព័ន្ធបោះឆ្នោតមួយ ដែលមានទំនុកចិត្តទៅលើអ្នកបោះឆ្នោត និងគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត។
តើអ្នកវិភាគយល់ឃើញយ៉ាងម៉េចដែរ ចំពោះការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងតែរៀបចំខ្លួនស្របតាមការទាមទាររបស់គណបក្សសង្គ្រោះជាតិ និងសហគមន៍អន្តរជាតិ ដើម្បីកែទម្រង់ប្រព័ន្ធបោះឆ្នោត ដែលមានលក្ខណៈស៊ីជម្រៅមួយ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ?
ក្រុមអ្នកវិភាគដែលបានផ្ដល់ទស្សនៈជាមួយនឹង VOD មើលឃើញថា ពួកគាត់ពិបាកទុកចិត្តចំពោះភាពស្មោះត្រង់របស់គណបក្សប្រជាជនកម្ពុជា។ ពួកគាត់បារម្ភថា ទីបំផុត គណបក្សកាន់អំណាចនេះ អាចបោកបញ្ឆោតសហគមន៍អន្តរជាតិ និងគណបក្សសង្គ្រោះជាតិ នៅពេលដែលគណបក្សប្រឆាំងធំនេះ ត្រូវបាន គៀងគរចូលក្នុងសម័យប្រជុំសភា។
ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្ស នៃសមាគមអាដហុក លោក នី ចរិយា យល់ថា គណបក្សទាំងពីរដឹងពីកម្លាំងគ្នារៀងៗខ្លួនហើយ គឺមិនមានអ្នកណាអាចយកឈ្នះគ្នាដោយកម្លាំងបានទេ ដូច្នេះគេគ្មានជម្រើសណាក្រៅពីការចរចានេះឡើយ ហើយលទ្ធផលដែលលេចចេញពីការចរចាកាលពីថ្ងៃទី៣ មីនា កន្លងទៅ គឺជាអ្វីដែលសង្គមស៊ីវិល សហគមន៍អឺរ៉ុប និងអង្គការសហប្រជាជាតិ ធ្លាប់ស្នើឲ្យធ្វើការកែប្រែតាំងពីមុនបោះឆ្នោតឆ្នាំ២០១៣ម្ល៉េះ។ តែដោយសារកម្លាំងនយោបាយនាពេលនោះ គណបក្សប្រជាជននៅខ្លាំង គ្រប់គ្រងអំណាចបានពេញលេញ លោកមិនរវល់នឹងការកែទម្រង់នេះទេ ជាហេតុធ្វើឲ្យមានបញ្ហាដូចពេលនេះ។ ដូច្នេះធ្វើឲ្យលោកពិបាកនឹងជឿលើឆន្ទៈនយោបាយរបស់គណបក្សប្រជាជនណាស់ «ខ្ញុំយល់ថា ចំពោះឆន្ទៈនយោបាយពិតប្រាកដយ៉ាងណានោះ ខ្ញុំជឿថា គណបក្សប្រជាជនមិនមានឆន្ទៈក្នុងការកែទម្រង់ទេ បើគាត់មានឆន្ទៈ ប្រហែលជាគាត់កែទម្រង់តាំងពីមុនមកហើយ»។
កាលពីថ្ងៃទី៥ ខែមីនា កន្លងទៅ សារព័ត៌មានធំៗពីរ បានផ្សាយពីរបាយការណ៍ស្រាវជ្រាវ នៃសាកលវិទ្យាល័យហាវើដ និងសាកលវិទ្យាល័យស៊ីដនី ដែលបានដាក់ចំណាត់ថ្នាក់ការបោះឆ្នោតជាតិនៅកម្ពុជា កាលពីឆ្នាំ២០១៣ ថា ជាការបោះឆ្នោតដែលមាន “គុណវិបត្តិ ឬបរាជ័យ” បំផុតទី៥ ក្នុងចំណោមការបោះឆ្នោតជាតិ នៅក្នុងប្រទេសចំនួន៧៣ នៅទូទាំងពិភពលោក ចន្លោះខែកក្កដា ឆ្នាំ២០១២ ដល់ខែធ្នូ ឆ្នាំ២០១៣។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ហៅកាត់ថា និចហ្វិច លោក ហង្ស ពុទ្ធា យល់ថា គណបក្សនយោបាយឈ្នះឆ្នោតទាំងពីរបានបង្ហាញសាច់ដុំដាក់គ្នារៀងៗខ្លួនរួចហើយ ដូច្នេះគេគ្មានអ្វីក្រៅពីការចូលតុចរចានេះទេ។ លោកបន្ថែមថា បើអ្នកនយោបាយធ្វើការចរចា នោះគេពិតជានិយាយពីរឿងនយោបាយ ឯអ្វីដែលគេយកមកដាក់លើតុចរចានោះ វាគ្រាន់តែដើម្បីបិទបាំងការពិតប៉ុណ្ណោះ «ការចរចានេះទៀត គឺជាការចរចារបស់គណបក្សនយោបាយ អ៊ីចឹងមិនប្រាកដជានិយាយពីរឿងបច្ចេកទេសទេ អ៊ីចឹងនិយាយពីរឿងនយោបាយច្រើន។ អ៊ីចឹងការដែលដាក់ពាក្យថា កែទម្រង់ការបោះឆ្នោតអីនុ៎ង ខ្ញុំគិតថា ជាពាក្យមួយដែលសម្រួល ដើម្បីកុំឲ្យកំហុសហ្នឹងវាធ្លាក់ទៅលើភាគីណាមួយ ដោយសារគាត់គិតពីទិដ្ឋាភាពនយោបាយថា ត្រូវតែកុំឲ្យបាក់មុខរៀងខ្លួននោះណា៎! ព្រោះគាត់ចរចាគ្នាហើយ»។
លោកបន្ថែមថា តាមទិដ្ឋភាពជាក់ស្ដែង យើងមើលឃើញថា បើសិនជាមានការស្រុះស្រួលគ្នាថា កែទម្រង់ការបោះឆ្នោត វាមានន័យថា ការបោះឆ្នោតកន្លងមកមិនល្អ គឺគេទទួលស្គាល់ភាពមិនប្រក្រតីរួចទៅហើយ បានជាមានការកែទម្រង់ បើល្អហើយចាំបាច់កែទម្រង់ធ្វើអ្វីទៀត។
កាលពីថ្ងៃទី៦ ខែមីនា ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានបញ្ជាក់ជំហរគណបក្សរបស់លោកយ៉ាងច្បាស់ថា ការចូលប្រជុំសភា និងការបោះឆ្នោតឡើងវិញ ជាបញ្ហាដាច់ដោយឡែកពីគ្នា ហើយគណបក្សលោកមិនចូលប្រជុំសភាជាដាច់ខាត ដរាបណាការបោះឆ្នោតត្រឹមត្រូវឡើងវិញមិនទាន់បានដោះស្រាយ។
នាយកប្រតិបត្តិរបស់អង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា យល់ថា ជាធម្មតា គណបក្សនយោបាយនីមួយៗ មានការគិតគូរពីផលប្រយោជន៍ខាងនយោបាយរៀងៗខ្លួន ហើយក្នុងការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនេះ ក៏គេមានល្បិចកលពីក្រោយការចរចាផ្សេងៗគ្នាដែរ។ ប៉ុន្តែលោកបន្ថែមថា ការធ្វើកំណែទម្រង់ការបោះឆ្នោត គឺជាការចាំបាច់ ទោះបីជាបោះនៅពាក់កណ្ដាលអាណត្តិ ឬចុងអាណត្តិក៏ដោយ ហើយក្នុងកំណែទម្រង់នោះមានចំណុចមួយដែលសំខាន់ គឺកំណែទម្រ់ង គ.ជ.ប «ខ្ញុំមើលទៅការចរចានេះសំខាន់ ដូចកំណែទម្រង់ការបោះឆ្នោត គេគិតទៅមុខ អត់គិតថយក្រោយទេ។ ប៉ុន្តែបើគិតថយក្រោយ ប្រហែលគេមានរបៀបគេគិតផ្នែកនយោបាយទៀត។ ខ្ញុំមើលណ៎ះ! ការគិត បានន័យថាលទ្ធផលបោះឆ្នោតកន្លងមកម៉េចម៉ាអីហ្នឹង អាហ្នឹងប្រហែលគេមានកម្រិតថ្នាក់នយោបាយគេជជែកគ្នាណ៎ះ! ថ្នាក់ខ្ពស់! ដល់ពេលថ្នាក់អាឌែង អ្នកដឹកនាំរបស់គណបក្សហ្នឹងថ្នាក់មធ្យមទៅជជែកគ្នានេះ គេជជែកអំពីកំណែទម្រង់បោះឆ្នោតហ្នឹងសិន គិតទៅមុខ! តើការបោះឆ្នោតវាត្រូវធ្វើម៉េច ដើម្បីកុំឲ្យមានបញ្ហាទៅមុខទៀត»។
លោកគល់ បញ្ញា បន្ថែមថា ការធ្វើកំណែទម្រង់ការបោះឆ្នោតគឺត្រូវធ្វើគ្រប់លំដាប់ថ្នាក់ ហើយដែលសំខាន់បំផុតគឺថ្នាក់លើ។ លោកបញ្ជាក់ថា នីតិវិធីនៃការជ្រើសរើសសមាសភាព គ.ជ.ប ថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ឃុំ និងថ្នាក់ការិយាល័យ គឺចាំបាច់បំផុត ដើម្បីធានាឲ្យគណបក្សនយោបាយចូលរួមការបោះឆ្នោតអាចទុកចិត្តបាន។
ជារួម ក្រុមអ្នកវិភាគ ផ្ដល់ជាអនុសាសន៍ថា ការកែទម្រង់ប្រព័ន្ធបោះឆ្នោត គ.ជ.ប ត្រូវចាប់ផ្ដើមពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន គេហៅថា គណកម្មការបោះឆ្នោតឃុំសង្កាត់ ព្រោះការសង្កេតឃើញរបស់អ្នកស្រាវជ្រាវ និងអ្នកវិភាគថា កន្លងមកគឺមន្ត្រីនយោបាយរបស់គណបក្សកាន់អំណាច ច្រើនតែចូលឡូកឡំក្នុងការងារប្រព័ន្ធបោះឆ្នោតទាំងមូលដ្ឋាន និងថ្នាក់ខេត្ត។
បើទោះយ៉ាងណា ក្រុមអ្នកវិភាគសង្ឃឹមថា គណបក្សកាន់អំណាចនឹងមិនអាចប្រើស្នៀតដូចអាណត្តិមុនៗបានឡើយ ហើយប្រសិនបើមានល្បិចដូចអាណត្តិមុននោះ គឺសហគមន៍អន្តរជាតិ នឹងដឹងពិតថាតើគណបក្សកាន់អំណាចមួយនេះ គាត់ចង់ធ្វើឲ្យប្រទេសកម្ពុជារស់នៅទីទៃពីសហគមន៍អន្តរជាតិ ឬដូចម្ដេច៕
No comments:
Post a Comment