Paris Peace Accords 23 Oct. 1991

Friday, March 7, 2014

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល គួរ​បើក​ទូលាយ​ ឲ្យ​មាន​ ការ​ចូល​រួម ​ពិនិត្យ​ សេចក្ដី​ព្រាង​ច្បាប់

បាតុកម្ម តុលាការ ៦១០
ក្បួន​ដង្ហែ​របស់​បណ្ដាញ​សហគមន៍​ទូទាំង​ប្រទេស ជិត ១​ពាន់​នាក់ ទាមទារ​ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ​យុត្តិធម៌ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Van Vichar

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល គួរ​បើក​ទូលាយ​ ឲ្យ​មាន​ ការ​ចូល​រួម ​ពិនិត្យ​ សេចក្ដី​ព្រាង​ច្បាប់

ដោយ ទីន ហ្សាការីយ៉ា / អាស៊ីសេរី | ០៦ មីនា ២០១៤
ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រិះគន់​ជា​រឿយៗ​ថា តុលាការ​មិន​ឯករាជ្យ ហើយ​ឥទ្ធិពល​នយោបាយ​បាន​លុក​លុយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​តុលាការ និង​អំពើ​ពុក​រលួយ​កើត​មាន​ជា​ប្រចាំ។ ដើម្បី​បញ្ចប់​ការ​រិះគន់​ទាំង​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត​នៅ​ក្នុង​ឆ្នាំ​២០១៤ ដោយ​ជំរុញ​ឲ្យ​សភា​អនុម័ត​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ និង​ច្បាប់​មួយ​ចំនួន​ទៀត ដើម្បី​ឲ្យ​តុលាការ​ស្ថិត​នៅ​ឯករាជ្យ។
ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ដូច្នេះ​ក្ដី ប៉ុន្តែ​អ្នក​ច្បាប់ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង ដែល​រដ្ឋាភិបាល​មិន​បើក​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចូល​រួម​ត្រួត​ពិនិត្យ​នោះ​ទេ។
ការ​អនុម័ត​ច្បាប់​ការ​រៀបចំ​អង្គការ​តុលាការ​ច្បាប់​ស្ដីពី​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម គឺ​ជា​មធ្យោបាយ​មួយ​ដ៏​ល្អ ដើម្បី​ដាក់​ឲ្យ​ស្ថាប័ន​តុលាការ​ស្ថិត​នៅ​ឯករាជ្យ និង​មិន​នៅ​ក្រោម​សម្ពាធ​របស់​អ្នក​នយោបាយ ពិសេស​គណបក្ស​កាន់​អំណាច។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​ចិត្ត​ថា សេចក្ដី​ព្រាង​ច្បាប់​ទាំង​បី​នេះ រដ្ឋាភិបាល​នឹង​ជំរុញ​ឲ្យ​សភា​អនុម័ត​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៤ នេះ។
ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ច្បាប់​បាន​សាទរ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​នេះ ក៏ប៉ុន្តែ​ពួក​គាត់​បាន​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ រដ្ឋាភិបាល​មិន​បាន​បើក​ទូលាយ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចូល​នោះ​ទេ ទោះ​បី​ជា​ពួក​គាត់​ធ្លាប់​បាន​ស្នើសុំ​ហើយ​ក៏ដោយ ដែល​បញ្ហា​នេះ ពួក​គាត់​ចាត់​ទុក​ថា ការ​បង្កើត​ច្បាប់​នេះ​នៅ​តែ​មាន​ភាព​មិន​ច្បាស់​លាស់។
ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្ដិ មាន​ប្រសាសន៍​ថា ច្បាប់​ស្ដីពី​ការ​រៀប​ចំ​ការ​ប្រព្រឹត្ត​ទៅ​របស់​តុលាការ ដើម្បី​ដាក់​ឲ្យ​ស្ថាប័ន​តុលាការ​នៅ​ឯករាជ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នេះ អង្គការ​សង្គម​ស៊ីវិល​ទាមទារ​យូរ​ណាស់​មក​ហើយ តែ​យ៉ាង​នេះ​ក្ដី ពេល​វេលា​នេះ​មិន​មែន​ជា​ពេល​វេលា​ដែល​រដ្ឋាភិបាល​ប្រញាប់​ប្រញាល់​អនុម័ត​ច្បាប់​នេះ​ទេ ពីព្រោះ​ថា នៅ​មាន​បញ្ហា​ជាច្រើន​ទៀត ដែល​ត្រូវ​រដ្ឋាភិបាល​ត្រូវ​បើក​ឲ្យ​ទូលាយ​ឲ្យ​សង្គម​ស៊ីវិល ជួយ​ឲ្យ​មតិ​យោបល់៖ «គ្រាន់​តែ​ជា​ការ​ប្ដេជ្ញា​ចិត្ត ដើម្បី​ឲ្យ​ដំណើរ​ការ​ជឿន​លឿន​ក្នុង​ន័យ​រៀប​ចំ​ទាក់ទង​នឹង​រដ្ឋបាល​តុលាការ ប៉ុន្តែ​រៀប​ចំ​សំខាន់ ថា​តើ​គោលការណ៍​ច្បាប់​ឲ្យ​មាន​ឯករាជ្យ ឬ​អនាគតិ ឬ​យ៉ាង​ម៉េច ត្រូវ​តែ​មាន​ពិគ្រោះ​យោបល់​ជា​មុន​សិន»
ការ​លើក​ឡើង​ដូច្នេះ នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​វេទិកា​រដ្ឋាភិបាល និង​វិស័យ​ឯកជន​លើក​ទី​១៧ នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ ដោយ​លោក​សន្យា​ថា លោក​ជំរុញ​ឲ្យ​ច្បាប់​ទាំង​បី​នេះ​អនុម័ត​ឲ្យ​បាន​ឆាប់ៗ ដើម្បី​ធានា​ប្រសិទ្ធភាព​តុលាការ។
ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា កន្លង​មក​នេះ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ រិះគន់​ចំៗ​ថា តុលាការ​មិន​ឯករាជ្យ និង​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​គណបក្ស​កាន់​អំណាច។
មាន​ទឡ្ហីករណ៍​ជាច្រើន​ដែល​ឆ្លុះ​បញ្ចាំង​អំពី​តុលាការ​មិន​ឯករាជ្យ គឺ​រដ្ឋាភិបាល​ពុំ​ទាន់​មាន​ការ​បែង​ចែក​អំណាច​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ។ ឥទ្ធិពល​របស់​អង្គ​នីតិប្រតិបត្តិ​កំពុង​តែ​បន្ត​រាល​ដាល​ទៅ​ក្នុង​ស្ថាប័ន​តុលាការ ជាដើម។ ម្យ៉ាង​វិញ​ទៀត មាន​គម្លាត​ពី​គ្នា​កាន់​តែ​ខ្លាំង​រវាង​ការ​ធានា​ស្រប​តាម​រដ្ឋធម្មនុញ្ញ ទាក់ទិន​នឹង​ឋានៈ​នៃ​ស្ថាប័ន​តុលាការ និង​វិធីសាស្ត្រ​ដែល​ស្ថាប័ន​តុលាការ​អនុវត្ត​មុខ​ងារ​របស់​ខ្លួន​ជាក់ស្ដែង។
នៅ​គ្រា​ដែល​គម្លាត​នេះ​កាន់​តែ​ធំ​ទៅៗ ទំហំ​សម្រាប់​ការ​រិះគន់ និង​កិច្ចការ​ពិភាក្សា​កំពុង​តែ​រួម​តូច និង​រឹតត្បិត ដោយសារ​តែ​តុលាការ​ត្រូវ​បាន​គេ​ប្រើ​ជា​ឧបករណ៍​នយោបាយ ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​នឹង​អ្នក​មាន​និន្នាការ​ជំទាស់។ ទោះ​បី​ជា​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​បញ្ញត្តិ​ពី​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ និង​កំណត់​មុខ​ងារ​របស់​តុលាការ ដើម្បី​ធានា និង​ប្រកាន់​ភ្ជាប់​នូវ​ភាព​មិន​លម្អៀង ព្រម​ទាំង​ការ​ការពារ​សិទ្ធិ និង​សេរីភាព​ប្រជាពលរដ្ឋ​ក្ដី។
បន្ថែម​ពី​លើ​បញ្ហា​នេះ អ្នក​ច្បាប់​បាន​អះអាង​ថា ការ​បង្ហាញ​សុឆន្ទៈ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​ដើម្បី​ចង់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ឃើញ​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ពីព្រោះ​ប្រព័ន្ធ​តុលាការ​ពុក​រលួយ និង​មិន​ឯករាជ្យ​នេះ​ហើយ ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាក់​សំឡេង​ឆ្នោត​កន្លង​មក។
ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ហួន ជុនឌី មាន​ប្រសាសន៍​ថា ច្បាប់​ទាំង​បី​នេះ​មាន​សារសំខាន់​ណាស់ ដើម្បី​ឲ្យ​មន្ត្រី​តុលាការ​ធ្វើ​ការ​ដោយ​ឯករាជ្យ និង​មិន​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ជ្រៀតជ្រែក​ពី​ស្ថាប័ន​ណា ឬ​ពី​មន្ត្រី​មាន​អំណាច​ណា​មួយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​លាក់លៀម​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​នេះ តើ​ច្បាប់​នេះ​អាច​ធានា​ឲ្យ​ស្ថាប័ន​តុលាការ​ស្ថិត​នៅ​ឯករាជ្យ​មែន​ឬ​យ៉ាង​ណា?
លោក ហួន ជុនឌី បន្ថែម​ទៀត​ថា នៅ​ខណៈ​ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​មិន​ទាន់​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​នេះ រដ្ឋាភិបាល ឬ​សភា​ឯក​បក្ស​មិន​អាច​អនុម័ត​ច្បាប់​នេះ​បាន​ទេ៖ «ស្រុក​ខ្មែរ​យើង​មាន​ច្បាប់​ច្រើន​គួរ​សម​ដែរ ក្នុង​ការ​យក​មក​ប្រើប្រាស់ ក៏ប៉ុន្តែ​ការ​អនុវត្ត​នោះ​ឯង អ្នក​ណា​ក៏​ដឹង​ថា តុលាការ​មិន​ឯករាជ្យ​ដែរ ដូច​ជា​ទាក់ទង​នឹង​រឿង​នយោបាយ រឿង​រិះគន់ អ្នក​ទាំងអស់​ហ្នឹង​មិន​ដែល​ទទួល​បាន​យុត្តិធម៌​ទេ តែង​តែ​ជាប់​គុក»
នៅ​ក្នុង​បរិបទ​កម្ពុជា បច្ចុប្បន្ន​នេះ អ្នក​វិភាគ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ហាក់​ដូច​ជា​កំពុង​បង្ហាញ​អំពី​សកម្មភាព​របស់​ខ្លួន ក្នុង​ការ​កែ​ទម្រង់​នៃ​ការ​ដឹក​នាំ​របស់​ខ្លួន ក៏ប៉ុន្តែ​មិន​មែន​ជា​យុទ្ធសាស្ត្រ​កែ​ទម្រង់​ពិត​ប្រាកដ​នោះ​ទេ ដោយ​ហេតុ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​បាន​បើក​ទូលាយ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចូល​រួម ហើយ​ច្បាប់​នេះ​នឹង​មិន​មាន​ភាព​ច្បាស់​លាស់ មិន​ខុស​ពី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​មិន​មាន​តម្លាភាព និង​ប្រសិទ្ធភាព​នោះ​ឡើយ។
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ឲ្យ​ដឹង​នៅ​ពេល​លោក​មក​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មករា ថា លោក ហ៊ុន សែន បាន​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ​ដែរ ប៉ុន្តែ​លោក​បញ្ជាក់​ថា បញ្ហា​សំខាន់​នោះ​អាស្រ័យ​លើ​សកម្មភាព​អនុវត្ត​ជាក់ស្ដែង​របស់​រដ្ឋាភិបាល។ លោក សុរិយា ស៊ូប៊ែឌី សង្កត់​ធ្ងន់​ថា អ្នក​តាក់​តែង​ច្បាប់​គប្បី​ត្រូវ​ដឹង​ថា ច្បាប់​ធ្វើ​ឡើង​សម្រាប់​គោរព និង​ការពារ​សិទ្ធិ​មនុស្ស​ទូទៅ មិន​មែន​សម្រាប់​ការពារ​បុគ្គល​មួយ​ក្រុម​នោះ​ទេ។ មនុស្ស​អាច​ស្លាប់​បាត់ ប៉ុន្តែ​ច្បាប់​នៅ​មាន​ជីវិត​ជា​រៀង​រហូត ដូច្នេះ​គេ​គប្បី​ធ្វើ​ច្បាប់​អោយ​បាន​ល្អ ជៀសវាង​ការ​រំលោភ​សិទ្ធិ​មនុស្ស។
ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា មាន​ប្រសាសន៍​ថា សកម្មភាព​របស់​រដ្ឋាភិបាល​ធ្វើ​ច្បាប់​ដែល​មិន​បើក​ចំហ​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នោះ​ទេ។ ក្រៅ​ពី​នេះ​ទៀត លោក នី ចរិយា បាន​សង្កត់​ធ្ងន់​ថា សភា​បច្ចុប្បន្ន​ជា​សភា​មិន​ទាន់​ស្រប​ច្បាប់​នៅ​ឡើយ ដូច្នេះ​បើ​សភា​អនុម័ត​ច្បាប់​ដោយ​ឯក​បក្ស​នោះ ច្បាប់​នេះ​ក៏​មិន​ទាន់​ធម្មនុញ្ញ​ភាព​ដែរ៖ «ច្បាប់​មួយ​អាច​មាន​ធម្មនុញ្ញ​ភាព​បាន លុះត្រា​ណា​ស្ថាប័ន​អនុម័ត​ច្បាប់ សភា​មាន​ធម្មនុញ្ញ​ភាព​ជា​មុន​សិន មួយ​ទៀត លុះត្រា​ណា​ខ្លឹមសារ​នៃ​ច្បាប់​នោះ​មាន​ធម្មនុញ្ញ​ភាព​ដែរ»
នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀប​ចំ​អង្គការ​តុលាការ​នេះ មាន​គោល​បំណង​ធានា​ឯករាជ្យ​ភាព​នៃ​អំណាច​តុលាការ ធានា​រក្សា​អនាគត និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ធានា​ឲ្យ​មាន​កិច្ច​ដំណើរ​ការ​ល្អ​របស់​អង្គការ​តុលាការ និង​អង្គការ​អយ្យការ លើក​កម្ពស់​សេវា​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ឆាប់​រហ័ស ធានា​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​លើ​រឿង​ក្ដី​គ្រប់​ប្រភេទ ដើម្បី​បង្កើន​ជំនឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ និង​រួម​ចំណែក​ពង្រឹង​សុវត្ថិភាព​សង្គម៕




No comments:

Post a Comment