លោក ហ៊ុន សែន ព្រមាន ដកអាជ្ញាប័ណ្ណ ពីក្រុមហ៊ុន ទទួលសិទ្ធិ វិនិយោគកោះ
RFA | 4 March 2014
មន្ត្រី ក្រុមការងារ ទេសចរណ៍ បានរកឃើញ ថា, ក្រុមហ៊ុន ទទួលសិទ្ធិ វិនិយោគ តំបន់ឆ្នេរ និងកោះ មួយចំនួន នៅកម្ពុជា មិនបានដំណើរការ គម្រោងវិនិយោគ របស់ ខ្លួនទេ ដោយទាមទារ ឲ្យរដ្ឋាភិបាល ត្រួតពិនិត្យ ក្រុមហ៊ុន ទាំងនោះ ឡើងវិញ។
ទាក់ទង នឹងបញ្ហានេះ លោក
លោក
លោក ហ៊ុន សែន ថ្លែងនៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៧ នៅវិមានសន្តិភាពថ្ងៃទី៤ មីនា ដោយលោកបញ្ជាឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ី.ឌី.ស៊ី ពិនិត្យមើលកិច្ចសន្យា និងសកម្មភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុនទាំងនោះឡើងវិញ ប្រសិនបើក្រុមហ៊ុនទទួលសិទ្ធិវិនិយោគឆ្នេរ កោះ មិនបានគោរពតាមកិច្ចសន្យារបស់គណៈកម្មាធិការវិនិយោគទេ ត្រូវដកហូតអាជ្ញាប័ណ្ណ ឬកិច្ចសន្យាវិញ។
«សំឡេង»
លោក ហ៊ុន សែន បានបញ្ជាដូច្នេះជាការឆ្លើយតបទៅសហប្រធានក្រុមការងារទេសចរណ៍ លោក ហូ វណ្ឌី ដែលលោកបានលើកឡើងថា ក្រុមហ៊ុនឯកជនបានទទួលសិទ្ធិវិនិយោគកោះនៅកម្ពុជា មានចំនួនជាង ២០កោះ តែកោះដែលក្រុមហ៊ុនធ្វើការអភិវឌ្ឍនោះមានប្រមាណជា ៦កោះទេ គិតពីឆ្នាំ២០០៥ មក ដែលរដ្ឋាភិបាលវិនិយោគឲ្យក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនក្រៅស្រុក។
«សំឡេង»
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍នៅក្នុងវីដេអូឃ្លិបមួយនៅក្នុងទំព័រហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី៣ មីនា នៅខណៈលោកបានទៅកម្សាន្តនៅខេត្តកែប ថា ការវិនិយោគតំបន់ឆ្នេរសមុទ្រ និងកោះ របស់រដ្ឋាភិបាលឲ្យទៅក្រុមហ៊ុនឯកជននោះ ជារឿងខុសច្បាប់ ពីព្រោះតំបន់ឆ្នេរ និងកោះជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចយកទៅជួលបានទេ។
«សំឡេង»
រដ្ឋាភិបាលបានផ្ដល់ដីកោះ និងតំបន់ឆ្នេរមួយចំនួនឲ្យក្រុមហ៊ុនឯកជនវិនិយោគរយៈពេលវែងរហូតដល់ ៩៩ឆ្នាំ ដូចជាកោះទន្សាយ ជាដើម។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា រដ្ឋាភិបាលឲ្យសើរើកិច្ចសន្យាឡើងវិញទាក់ទងនឹងការជួលកោះឲ្យ ក្រុមហ៊ុនឯកជននេះជារឿងល្អមួយ។ ទោះបីជាយ៉ាងនេះក្ដី លោកបញ្ជាក់ថា តំបន់កោះជាតំបន់រសើបមួយដែលប្រទាញប្រទង់គ្នាច្រើនណាស់។ លោកបញ្ជាក់ថា នៅប្រទេសមួយចំនួនគេមិនវិនិយោគឲ្យក្រុមហ៊ុនឯកជនទេ គឺរដ្ឋាភិបាលលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅរស់នៅឲ្យបានច្រើន ព្រោះប្រជាពលរដ្ឋជារបងដ៏រឹងមាំសម្រាប់ព្រំដែន ពិសេស គឺដែនទឹក។
«សំឡេង»
អ្នកវិភាគបានលើកឡើងថា រដ្ឋាភិបាលត្រូវលុបចោលការផ្ដល់ការវិនិយោគតំបន់ឆ្នេរនោះវិញ ពីព្រោះតំបន់ឆ្នេរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលកំណត់ក្នុងច្បាប់។ ហើយការផ្ដល់វិនិយោគតំបន់ឆ្នេរធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ពួកគាត់មិនអាចនេសាទ និងប្រកបអាជីវកម្មតាមឆ្នេរបាន និងករណីផ្សេងៗទៀត។ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមសង្កត់ធ្ងន់ថា រដ្ឋាភិបាលជួលដីឲ្យក្រុមហ៊ុនឯកជននេះ ជាសកម្មភាពអភិវឌ្ឍគាំទ្រអ្នកមាន ហើយក្រុមហ៊ុនទាំងនោះរហូតដល់ចាក់ដីចូលសមុទ្រពង្រីកផ្ទៃឆ្នេរថែម ទៀតផង៕
No comments:
Post a Comment