ការិយាល័យបោះឆ្នោតមួយនៅភ្នំពេញកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣។
ក្រុមសង្កេតការណ៍ ការបោះឆ្នោត ថ្នាក់ក្រោម ជាតិព្រមាន អំពី ការទិញសន្លឹកឆ្នោត និងការគំរាមកំហែង
សុខ ខេមរា / វីអូអេ | ០៧ មីនា ២០១៤
វ៉ាស៊ីនតោន — ប្រទេសកម្ពុជាកំពុងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាថ្នាក់ខណ្ឌអាណត្តិទី២ ដែលត្រូវប្រពឹត្តទៅនៅថ្ងៃអាទិត្យទី១៨ ខែឧសភាឆ្នាំ២០១៤។
ក្រុមអ្នកសង្កេតមើលការបោះឆ្នោតបានថ្លែងថា ទោះជាគ្មានបញ្ហាអ្វីមួយដែលត្រូវបារម្ភហួសហេតុ ដូចការបោះឆ្នោតជាតិមែន តែពួកគេបានលើកទឹកចិត្តដល់អង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ឲ្យបោះឆ្នោតតាមឆន្ទៈរបស់ខ្លួន និងគ្មានការទិញទឹកចិត្ត ឬចាញ់ការសម្លុត គំរាមកំហែងជាដើម។
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១១.៤៥៩នាក់មកពីឃុំសង្កាត់ចំនួន១.៦៣៣ដែលភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ីនប៉ិចនោះ ជាអ្នកបោះឆ្នោតក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដែលគេថា ជាស្ថាប័ននីតិបញ្ញត្តិថ្នាក់មូលដ្ឋាននេះដើម្បីផ្ទៀងផ្ទាត់ការដឹកនាំរបស់អាជ្ញាធរថ្នាក់មូលដ្ឋាន។ យោងទៅលើហេតុផលសំខាន់ទាំងឡាយនេះ ក្រុមអ្នកសង្កេតការណ៍បានអំពាវនាវថា ការបោះឆ្នោតនេះគួរធ្វើដោយយុត្តិធម៌ និងគ្មានការទិញទឹកចិត្ត និងការបង្ខំឲ្យសមាជិករបស់ខ្លួនស្បថស្បែដែលគេគិតថា ជាទម្លាប់អាក្រក់។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្រ្វែល បានអះអាងថា ការបោះឆ្នោតនេះទំនងជាមិនមានបញ្ហាអ្វីធំដុំទេ។
«ការបោះឆ្នោតនេះទំនងជាមិនជួបបញ្ហាអីទេ គ្រាន់តែថា គេគួរជៀសវាងការទិញសន្លឹកឆ្នោត ការដែលឲ្យក្រុមប្រឹក្សាឃុំសង្កាត់ស្បថអីអញ្ចឹងទៅ។ នោះគ្រាន់តែជាទិដ្ឋភាព ដែលវាមិនល្អមើលក្នុងពេលបោះឆ្នោត។ គេគួរទុកឲ្យដំណើរការនេះកុំឲ្យមានការរំលោភបំពានច្បាប់បោះឆ្នោត»។
លោកបណ្ឌិត ពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះនីចហ៊្វិច បានអះអាងប្រាប់វីអូអេថា អង្គបោះឆ្នោតត្រូវបោះឆ្នោតតាមឆន្ទៈរបស់ខ្លួន៖
«ក្នុងនាមជាអ្នកបោះឆ្នោត អង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលត្រូវបានបោះឆ្នោតដោយប្រជាពលរដ្ឋ គួរតែបំពេញកាតព្វកិច្ចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឲ្យបានត្រឹមត្រូវ ហ្មត់ចត់គឺបង្ហាញនូវទស្សនៈ ផ្ទាល់ខ្លួន វាយតម្លៃផ្ទាល់ខ្លួន ដើម្បីគាំទ្រទៅដល់គណបក្ស ឬក៏បេក្ខជនណាមួយដែលខ្លួនពេញចិត្ត»។
ការបោះឆ្នោតក្នុងប្រទេសកម្ពុជាកន្លងមកមានការចោទប្រកាន់នានាអំពីការគំរាមកំហែង ការបង្ខំឲ្យសមាជិកគណបក្សស្បថស្បែ ការទិញទឹកចិត្ត និងមានភាពមិនប្រក្រតីនៃការលួចបន្លំសន្លឹកឆ្នោតជាដើម។ តែក្រុមអ្នកសង្កេតការណ៍បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់ក្រោមជាតិនេះទំនងជាមានបញ្ហាតិចតួចជាង ដោយសារថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អាចគ្រប់គ្រងបានងាយស្រួលជាង ក្រោយពីមានការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិអំពីឯករាជ្យភាពនោះ។
តែលោកទេព នីថា អគ្គលេខាធិការនៃគ.ជ.ប.បានអះអាងថា ស្ថាប័នគ.ជ.ប.នៅតែកែទម្រង់ការបោះឆ្នោតតាមច្បាប់ និងបទពិសោធន៍ពីការបោះឆ្នោតកន្លងមក។
«ជាធម្មតាពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ទោះបីជាច្បាប់ពុំបានធ្វើវិសោធនកម្ម កែទម្រង់ កែលម្អក៏ដោយ យើងមានបទពិសោធន៍ពីការបោះឆ្នោតមុនៗ យើងកែលម្អការបោះឆ្នោតលើកក្រោយនេះ ឲ្យបានល្អជាងមុន ទាំងក្នុងការរៀបចំ នីតិវិធី និងការអនុវត្ត។ តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែគោរពគោលការណ៍ និងច្បាប់ដែលនៅជាធរមាន»។
សម្រាប់ការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ លោកបានអះអាងថា គ.ជ.ប.បានយកចិត្តទុកដាក់អនុវត្ត ទោះបីនេះជាការបោះឆ្នោតអសកលក្តី។
គ.ជ.ប.បានបង្ហាញឲ្យដឹងថា មានគណបក្សនយោបាយចំនួន៥ដែលបានស្នើសុំចុះបញ្ជីឈ្មោះគណបក្ស និងបេក្ខជន ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាថ្នាក់ខណ្ឌអាណត្តិទី២ ចាប់ពីថ្ងៃទី២៧ខែកុម្ភៈដល់ថ្ងៃទី៣ខែមិនានោះ។
ក្រុមប្រឹក្សាដែលត្រូវជ្រើសរើសមានជាងបីពាន់នាក់នៅទូទាំងប្រទេសដែលត្រូវគេរំពឹងថា នឹងចូលកាន់កាប់កិច្ចការក្នុងស្ថាប័នជាប្រធានក្រុមប្រឹក្សាខេត្ត ជាសមាជិកក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង និងជាប្រធានក្រុមប្រឹក្សានិងជាសមាជិកក្រុមប្រឹក្សាស្រុក ខណ្ឌ ដែលមានអំណាច តួនាទីតាមច្បាប់ដើម្បីត្រួតពិនិត្យ តាមដានអាជ្ញាធរមូលដ្ឋាន អភិបាលខេត្ត ក្រុង រាជធានី ស្រុក ខណ្ឌ ជាដើម។
ក៏ប៉ុន្តែ ក្រុមមន្ត្រីសង្គមស៊ីវិល ដូចជាលោកពុទ្ធា ហង្សបានអះអាងថារដ្ឋាភិបាលហាក់ដូចមិនសូវមានការផ្តល់អំណាចដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិនេះទេ តាំងពីការបោះឆ្នោតលើកទី១នោះ។
«យើងហាក់ដូចជាមើលមិនឃើញថា ក្រុមបឹ្រក្សាទាំងអស់ហ្នឹងលោកមានតួនាទីសំខាន់យ៉ាងណាទេ ដោយសារអំណាចហាក់ដូចជាប្រមូលផ្តុំទៅលើអាជ្ញាធរ ដូចជាចៅហ្វាយខេត្ត អភិបាលខេត្ត អភិបាលស្រុកអីទៅវិញទេបាទ»។
លោកបានលើកយកឧទាហរណ៍មកបញ្ជាក់ថា គម្រោងអភិបាលក្នុងខេត្តណាមួយដែលអាចធ្វើទៅបាន ដែលអភិបាលខេត្តមានសិទ្ធិសម្រេចបានដោយមិនត្រូវការថ្នាក់ជាតិនោះ ក៏ត្រូវមានការយល់ព្រមពីក្រុមប្រឹក្សាខេត្តដែរ។
រីឯលោកគល់ បញ្ញាបានបន្ថែមថា ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិនេះគួរមានតួនាទី និងអំណាចអនុម័តគោលនយោបាយ ថវិកា និងបញ្ហាផ្សេងៗទៀតដើម្បីស្របតាមគោលការណ៍របស់រដ្ឋាភិបាលនៃការបែកចែកអំណាចដល់ថ្នាក់មូលដ្នាន មិនមែននៅតែថ្នាក់ជាតិដដែលនោះទេ។
«ដល់អញ្ចឹងទៅ វាអាចមានបញ្ហាដែរ ដោយសារតែការធ្វើកម្មវិធីសហវិមជ្ឈការ និងមជ្ឈការនោះ វាអត់ទាន់ដំណើរការទៅរលូន ហើយមិនទាន់មានប្រសិទ្ធិភាពនៅឡើយ ដោយសារថា អំណាចមួយចំនួននោះ វានៅក្រោមរដ្ឋាភិបាល ហើយនឹងនៅក្រោមគណបក្សច្រើនពេក»។
គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចបីទសវត្សមកហើយនោះ ត្រូវគេមើលឃើញថា មានរចនាសម្ព័ន្ធថ្នាក់មូលដ្ឋានភាពរឹងមាំ៕
No comments:
Post a Comment