អ្នកមានជម្លោះដីធ្លី នៅបន្ទាយមានជ័យ ទាមទារ ឲ្យអាជ្ញាធរ ពន្លឿនយន្តការ ដោះស្រាយ
ដោយ សួន សុផលមុន្នី / អាស៊ីសេរី | ០៧ មីនា ២០១៤
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជន នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅតែបន្តកើតមានជម្លោះនៅឡើយ។ ភាគីក្រុមហ៊ុនសិរីសោភ័ណមានជ័យ បានបញ្ជូនគ្រឿងចក្រទៅឈូសឆាយរំលោភលើដីរបស់អ្នកភូមិ ហើយបញ្ហានេះ បានធ្វើក្រុមអ្នកភូមិមានប្រតិកម្មជំទាស់ និងទាមទារឲ្យអាជ្ញាធរខេត្ត ពន្លឿនយន្តការដោះស្រាយទំនាស់ដីធ្លីនេះឲ្យបានឆាប់។
ក្រុមហ៊ុនសិរីសោភ័ណមានជ័យ បានរំលោភបំពានលើកិច្ចព្រមព្រៀងរបស់ខ្លួន ដោយបានបញ្ជូនគ្រឿងចក្រទៅឈូសឆាយនៅលើដីមានទំនាស់ ឋិតនៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បញ្ហានេះ បានធ្វើឲ្យក្រុមអ្នកភូមិលើកគ្នាទៅហាមឃាត់គ្រឿងចក្រនោះ មិនអោយធ្វើសកម្មភាព។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៤ កុម្ភៈ ក្រោមការដឹកនាំរបស់អភិបាលខេត្តបន្ទាយមានជ័យ គឺភាគីក្រុមហ៊ុន និងក្រុមអ្នកភូមិ រួមទាំងក្រុមអាជ្ញាធរពាក់ព័ន្ធផងនោះ បានឯកភាពគ្នាលើគោលការណ៍ចំនួន ៤ចំណុច ប៉ុន្តែភាគីក្រុមហ៊ុនពុំបានអនុវត្តតាមនោះឡើយ។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបញ្ជាក់ពីតំណាងក្រុមហ៊ុនសិរីសោភ័ណមានជ័យ ជុំវិញករណីនេះបានទេ។
ប៉ុន្តែ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) លោក ស៊ុំ ច័ន្ទគារ យល់ថា ក្រុមការងារនៃគណៈកម្មការចម្រុះគួរចុះធ្វើកិច្ចការនេះឲ្យឆាប់ ដើម្បីបញ្ចប់ទំនាស់ និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុន៖ «ឯកឧត្ដមអភិបាលខេត្តជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋ ហើយបង្កើតឡើងសម្រាប់គណៈកម្មការដោះស្រាយដីទំនាស់នៅកន្លែងហ្នឹង គួរតែធ្វើឲ្យដោយសុក្រឹត ដើម្បីធ្វើយ៉ាងម៉េចផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋសិន ចាំផ្ដល់ផលប្រយោជន៍ទៅក្រុមហ៊ុន ព្រោះក្រុមហ៊ុនអត់ត្រូវការដាច់ពោះស្លាប់ដូចប្រជាពលរដ្ឋទេ»។
រហូតមកដល់ពេលនេះ គេនៅពុំទាន់ឃើញក្រុមការងាររបស់គណៈកម្មការចម្រុះខេត្ត ចុះធ្វើសកម្មភាពនៅលើដីទំនាស់នោះឡើយ។
ពាក់ព័ន្ធបញ្ហានេះ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត ថ្លែងថា ក្រុមការងារនៃគណៈកម្មការចម្រុះ នឹងចាប់ផ្ដើមសកម្មភាពរបស់ខ្លួននៅដើមសប្ដាហ៍ក្រោយ។ ក្រុមការងារនេះដឹកនាំដោយ លោក ចុង ផែត ជាអភិបាលរងខេត្តបន្ទាយមានជ័យ។ ពាក់ព័ន្ធទៅនឹងសកម្មភាពគ្រឿងចក្ររបស់ក្រុមហ៊ុនបំពានឈូសឆាយដីនោះ លោកអភិបាលយល់ថា បញ្ហានេះក្រុមហ៊ុនជាអ្នកទទួលខុសត្រូវដោយខ្លួនឯង៖ «យើងបានប្រាប់ថា កុំទាន់ធ្វើសកម្មភាពអី ផ្លូវច្បាប់យើងអត់ទទួលបានទេ ត្រូវរង់ចាំគោលការណ៍សិន ពិសេសការធ្វើអនុប្រយោគ មានគោលការណ៍ពីថ្នាក់ដឹកនាំ បានអាចទៅរួច ហើយដើម្បីធ្វើបាន ទាល់តែយើងធ្វើអត្តសញ្ញាណកម្មនេះ»។
គោលការណ៍ ៤ចំណុច ដែលឯកភាពគ្នានៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៤ កុម្ភៈ នោះ គឺចំណុចទី១ ពាក់ព័ន្ធទៅនឹងការប្រើហិង្សា ដែលតម្រូវឲ្យអ្នកភូមិត្រូវសុំទោសអភិបាលរងស្រុកថ្មពួក លោក ជី សំនៀង។ ចំណុចទី២ ត្រូវផ្អាករាល់សកម្មភាពគ្រឿងចក្រឈូសឆាយរបស់ក្រុមហ៊ុន។ ចំណុចទី៣ តម្រូវឲ្យគណៈកម្មការចម្រុះដែលបង្កើតរួចហើយ ត្រូវចុះពិនិត្យសើរើសលាកបត្ររបស់ក្រុមនិស្សិតដែលបានវាស់វែងដីរួច និងបន្តធ្វើអត្តសញ្ញាណកម្មដី ដើម្បីកាត់ដីជូនប្រជាពលរដ្ឋ និងចំណុចទី៤ ហាមឃាត់មិនឲ្យក្រុមការងារគណៈកម្មការចម្រុះនោះ បង្កើតទីស្នាក់ការនៅលើដីរបស់ប្រជាពលរដ្ឋនោះឡើយ៕
No comments:
Post a Comment