Paris Peace Accords 23 Oct. 1991

Friday, March 21, 2014

អ្នក​ច្បាប់​ រិះគន់​ សេចក្ដី​ព្រាង​ច្បាប់​ថ្មីៗ​ ថា ​ផ្ដល់​សិទ្ធិ​ច្រើន ​ដល់​ មន្ត្រី​ ក្រសួង​យុត្តិធម៌

សុក សំអឿន ៦១០
លោក​មេធាវី សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា

អ្នក​ច្បាប់​ រិះគន់​ សេចក្ដី​ព្រាង​ច្បាប់​ថ្មីៗ​ ថា ​ផ្ដល់​សិទ្ធិ​ច្រើន ​ដល់​ មន្ត្រី​ ក្រសួង​យុត្តិធម៌

ដោយ កែវ និមល / អាស៊ីសេរី | ២១ មីនា ២០១៤

មន្ត្រី​ ជំនាញ​ខាង​វិស័យ​ច្បាប់​ របស់​ អង្គការ ​ក្រៅ​រដ្ឋាភិបាល បាន​រិះគន់​ថា សេចក្តី​ព្រាង​ច្បាប់​ថ្មីៗ​របស់​ វិស័យ​តុលាការ បាន​ផ្តល់​ សិទ្ធិ​អំណាច ​ច្រើន​ជាង​មុន ​ដល់​ រដ្ឋមន្ត្រី ​ក្រសួង​យុត្តិធម៌ ដែល​អាច​ធ្វើ​ឲ្យ ​វិស័យ​តុលាការ​ ចំណុះ​អំណាច​នីតិប្រតិបត្តិ ​ច្រើន​ជាង​មុន។
សេចក្តី​ព្រាង​ច្បាប់​ទាំង​បី ដែល​ក្រសួង​យុត្តិធម៌​ទើប​បញ្ចប់​ការ​ពិភាក្សា​នោះ រួម​មាន ទី​មួយ ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជ​អាជ្ញា។ ទី​ពីរ សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គ​តុលាការ និង​អយ្យការ និង​ទី​បី សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។
លោក សុក សំអឿន នាយក​អង្គការ​ក្រៅ​រដ្ឋាភិបាល ធ្វើ​ការងារ​ខាង​វិស័យ​ច្បាប់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ មីនា ថា ខ្លឹមសារ​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី ដែល​ក្រសួង​យុត្តិធម៌ ទើប​ធ្វើ​សិក្ខា​សាលា​ពិភាក្សា​ថ្មីៗ​នេះ បាន​បង្ហាញ​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មាន​អំណាច​ចាត់​ចែង​ច្រើន​ជាង​មុន​ទាក់ទង​ចៅក្រម និង​ព្រះរាជ​អាជ្ញា។
ចំណុច​សំខាន់ៗ​ទាំង​នោះ​រួម​មាន សមាសភាព​សមាជិក​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​មាន​ពី​ខាង​ក្រសួង​ច្រើន​ជាង​មុន ការ​កោះ​ប្រជុំ​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម ត្រូវ​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ស្ថាប័ន​អយ្យការ​នៅ​ក្រោម​ការ​ចាត់​ចែង​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ តាម​រយៈ​ការ​បង្កើត​នាយកដ្ឋាន​រដ្ឋបាល​មួយ ហើយ​ការ​ដាក់​វិន័យ​ចៅក្រម និង​ព្រះរាជ​អាជ្ញា ជាដើម គឺ​ឆ្លង​តាម​ការ​យល់​ព្រម និង​ត្រួត​ពិនិត្យ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ល។
លោក សុក សំអឿន៖ «បើ​ចង់​ឲ្យ​ច្បាប់​នេះ​ល្អ គួរ​ជជែក​គ្នា​អំពី​គោលការណ៍​ខ្លះ។ តើ​គោលការណ៍​អី​ខ្លះ ដែល​នាំ​ឲ្យ​តុលាការ នាំ​ឲ្យ​ឧត្តម​ក្រុម​ប្រឹក្សា​តុលាការ​នេះ វា​ឯករាជ្យ។ ហើយ​បើ​មាន​ច្បាប់​អ៊ីចឹង​ហើយ ត្រូវ​សើរើ​ច្រើន​ណាស់។ ការ​ពិភាក្សា​ច្បាប់​នេះ គួរ​បើក​ចំហ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អ្នក​ឯករាជ្យ​ខ្លះៗ។ ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​គួរ​តែ​មាន​អំណាច​ឯករាជ្យ​ពី​នីតិប្រតិបត្តិ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ជំនាញ និង​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​យុត្តិធម៌ បាន​ទេ​នៅ​ថ្ងៃ​ទី​២០ មីនា ដើម្បី​ឆ្លើយ​បំភ្លឺ​ការ​លើក​ឡើង​របស់ លោក សុក សំអឿន បាន​ទេ។
ប៉ុន្តែ​កន្លង​មក មន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ចាត់​ទុក​ថា ការ​ប្រឹងប្រែង​កែ​ទម្រង់​លើ​វិស័យ​តុលាការ​នេះ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទទួល​យុត្តិធម៌៕



No comments:

Post a Comment