Paris Peace Accords 23 Oct. 1991

Sunday, March 9, 2014

ជំទប់​ឃុំ​ទី​២​ បក្ស​ សម​រង្ស៊ី​ នៅ​ព្រះវិហារ​ ត្រូវ​ចាប់​ខ្លួន​ ចោទ​ ពី​បទ​មនុស្ស​ឃាត​ ​ដោយ​អចេតនា

ជំទប់​ឃុំ​ទី​២​ បក្ស​ សម​រង្ស៊ី​ នៅ​ព្រះវិហារ​ ត្រូវ​ចាប់​ខ្លួន​ ចោទ​ ពី​បទ​មនុស្ស​ឃាត​ ​ដោយ​អចេតនា


ដោយ ហង្ស សាវយុត / អាស៊ីសេរី | ០៨ មីនា ២០១៤
សកម្មជន​គណបក្ស សម រង្ស៊ី ម្នាក់​ទើប​តែ​ឡើង​កាន់​តំណែង​ជំទប់​ទី​២ នៅ​ឃុំ​យាង ស្រុក​ជាំក្សាន្ត បាន​១​ថ្ងៃ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា។ ដើម​ហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ គឺ​ដោយសារ​តែ​នៅ​ក្នុង​ផ្ទះ​របស់​សកម្មជន​មាន​អាគុយ និង​ឧបករណ៍​អគ្គិសនី​សម្រាប់​ចាប់​សត្វ​ចង្រិត ក៏ប៉ុន្តែ​ក្មេង​ស្រី​តូច​ម្នាក់​បាន​ដើរ​ទៅ​ប៉ះ​បណ្ដាល​ឱ្យ​ឆក់​ស្លាប់។
ក្រោយ​ពី​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​នោះ​មក គឺ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​គ្រួសារ​ក្មេង​ស្រី​រងគ្រោះ និង​សមត្ថកិច្ច មាន​ការ​យល់​ឃើញ​ផ្ទុយ​ពី​គ្នា។
ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ២០​នាក់ មក​ពី​ភូមិ​រស្មី នៃ​ឃុំ​យាង ស្រុក​ជាំក្សាន្ដ បាន​លើក​គ្នា​ទៅ​កាន់​តុលាការ​ខេត្ត​ព្រះវិហារ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​៨ ខែ​មីនា ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​ជំទប់​ទី​២​នៃ​គណបក្ស សម រង្ស៊ី ម្នាក់​ឱ្យ​មាន​សេរីភាព​វិញ។
ក្នុង​ចំណោម​ក្រុម​អ្នក​ភូមិ​ទាំង​នោះ មាន​ខ្លះ​ជា​សាច់ញាតិ​របស់​បុរស​ដែល​ជា​សកម្មជន​នៃ​គណបក្ស​ប្រឆាំង ហើយ​ក៏​មាន​ឪពុក​របស់​ក្មេង​ស្រី​ដែល​ស្លាប់​ដែរ។
ឪពុក​របស់​ក្មេង​ស្រី គឺ​លោក ហម ថ្មី។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៨ ខែ​មីនា ថា កូន​ស្រី​តូច​របស់​គាត់​ម្នាក់​ឈ្មោះ ថ្មី ឃ្លី អាយុ ១​ខួប ៩​ខែ បាន​ស្លាប់​កាល​ពី ៣​ថ្ងៃ​មុន នៅ​ក្នុង​ផ្ទះ​បង​ប្រុស​របស់​គាត់ ដែល​ជា​សកម្មជន​នៃ​គណបក្ស សម រង្ស៊ី ទើប​តែ​ឡើង​កាន់​តំណែង​ជា​ជំទប់​ទី​២ នៅ​ឃុំ​យាង បាន​១​ថ្ងៃ។ បុរស​ដដែល​បាន​បញ្ជាក់​ថា ថ្វី​ត្បិត​តែ​កូន​ស្រី​របស់​គាត់​ស្លាប់ ក៏ប៉ុន្តែ​គាត់​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​ថា តើ​វា​បណ្ដាល​មក​ពី​កូន​ស្រី​ដួល​ទៅ​ប៉ះ និង​ម៉ូតូ ឬ​ក៏​ប៉ះ​នឹង​អាគុយ​ដែល​បង​ប្រុស​របស់​គាត់​បាន​ទុក ដើម្បី​ចាប់​សត្វ​ចង្រិត ឬ​ក៏​យ៉ាង​ណា​ទេ?
លោក ហម ថ្មី បញ្ជាក់​ថា លោក​មិន​បាន​ប្ដឹង​ចោទ​ប្រកាន់​ជុំវិញ​រឿង​កូន​ស្រី​របស់​គាត់​ស្លាប់​នោះ​ទេ ហើយ​លោក​ក៏​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​អ្នក​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ដែរ៖ «ខ្ញុំ​មក​នេះ​ធានា​ខ្លួន​បង​ទៅ​វិញ ព្រោះ​ខ្ញុំ​អត់​បាន​ប្ដឹង​អត់​អី​ទេ ធ្វើ​ម៉េច​វា​ចៃដន្យ។ មិន​ដឹង​ថា​កូន​ខ្ញុំ​ដួល​ទៅ​លើ​ម៉ូតូ ឬ​ក៏​ដួល​ទៅ​លើ​អាគុយ វា​ប៉ះ​ដើម​ទ្រូង​ក៏​មិន​ដឹង ឬ​ក៏​ខ្សែ​ភ្លើង​ឆក់​ក៏​មិន​ដឹង?»
ការ​ទាមទារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ សៅ សុខា ជា​ជំទប់​ទី​២ ឃុំ​យាង កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា កន្លង​ទៅ ដោយ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា។
ចំណែក​មន្ត្រី​នៃ​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​ព្រះវិហារ ក៏​កំពុង​តែ​តវ៉ា​ចំពោះ​បញ្ហា​នេះ ព្រម​ទាំង​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​នោះ គឺ​ជា​រឿង​សំអប់​ខាង​នយោបាយ​ច្រើន​ជាង។
ប្រធាន​ប្រតិបត្តិ​នៃ​គណបក្ស សម រង្ស៊ី ខេត្ត​ព្រះវិហារ លោក សុខ ណារាន បាន​មាន​ប្រសាសន៍​ថា លោក​បាន​មើល​ឃើញ​ភាព​មិន​ប្រក្រតី​ចំពោះ​ការ​ចាប់​ខ្លួន​ជំទប់​ទី​២ នៃ​គណបក្ស សម រង្ស៊ី នោះ ពីព្រោះ​ថា ករណី​ខ្សែ​ភ្លើង​ឆក់​មនុស្ស​នេះ គឺ​ធ្លាប់​កើត​មាន​នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ ដែរ ក៏ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ចាប់​ខ្លួន​ម្ចាស់​អគ្គិសនី​ណា​ម្នាក់​ទេ៖ «ការ​ឆក់​ខ្សែ​ភ្លើង​នេះ នៅ​សាលា​ក្រុង​ក៏​មាន​ដែរ។ ខាង​សមត្ថកិច្ច​ហ្នឹង​គាត់​អត់​មាន​ហៅ​ម្ចាស់​អគ្គិសនី​ទៅ​សាកសួរ​ចម្លើយ ឬ​ក៏​ប្រមូល​វត្ថុ​តាង​អី​យក​ទៅ​ទុក​ទេ ប៉ុន្តែ​ចំណែក​នៅ​ខាង​ឃុំ​យាង គឺ​រឿង​វា​ដូច​គ្នា​ទេ ហេតុ​អ្វី​បាន​ទៅ​ចាប់​ប៉ះពាល់​លើ​សមាជិក​គណបក្ស​នយោបាយ?»
ក្រុម​អ្នក​ច្បាប់​បាន​ពន្យល់​ថា តាម​ផ្លូវ​ច្បាប់ រឿង​ដែល​សកម្មជន​គណបក្ស សម រង្ស៊ី មាន​រក្សា​ទុក​អាគុយ និង​ឧបករណ៍​អគ្គិសនី​ឆក់​នៅ​ក្នុង​ផ្ទះ ដែល​បណ្ដាល​ឱ្យ​ឆក់​ស្លាប់​ក្មេង​ស្រី​នោះ ទោះ​យ៉ាង​ណា​ក៏​ជា​បទ​ល្មើស​មនុស្ស​ឃាត​ដោយ​អចេតនា។
អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ចុះ​ស៊ើប​អង្កេត​បញ្ហា​នេះ​ឱ្យ​ស៊ី​ជម្រៅ ក៏ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ សង្គម​ស៊ីវិល​មិន​ទាន់​ហ៊ាន​កំណត់​ថា តើ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស សម រង្ស៊ី ម្នាក់​នោះ វា​ពិត​ជា​រឿង​ស្អប់​ខាង​នយោបាយ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ ឬ​ក៏​យ៉ាង​ណា​នៅ​ឡើយ​ទេ?




No comments:

Post a Comment