សមត្ថកិច្ច ធ្វើការរារាំងប្រជាសហគមន៍អ្នកមានជម្លោះដីធ្លី ដង្ហែញត្តិទៅក្រសួងកិច្ចការនារី (រូបថត៖ ញឹម សុខន)
អាដហុក៖ កម្ពុជា កំពុងឈាន ទៅរកការបំបិទសិទ្ធិ សេរីភាព តាមរយៈការប្រើប្រាស់ កម្លាំងប្រដាប់អាវុធ
ដោយ៖ ពេជ្រ សុធារី / វីអូឌី | ថ្ងៃសៅរ៍ ទី8 ខែមិនា ឆ្នាំ2014
សមាគមការពារសិទ្ធិមនុស្សអាដហុក ចាត់ទុកសកម្មភាពរារាំងទប់ស្កាត់ប្រជាពលរដ្ឋមិនឲ្យប្រើប្រាស់សិទិ្ធសេរីភាពរបស់ខ្លួន ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ៨មិនា ជាសញ្ញាណបង្ហាញថា ប្រទេសកម្ពុជាកំពុងឈានទៅរកការបំបិទសិទិ្ធសេរីភាព តាមរយៈនៃការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។
សេចក្តីថ្លែងការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ចេញផ្សាយនៅរសៀលថ្ងៃសៅរ៍នេះ បានសម្តែងការសោកស្តាយ ជុំវិញសកម្មភាពរារាំង រិតត្បិត និងការរំខានរបស់កងកម្លាំងប្រដាប់អាវុធ ទៅលើដំណើរការនៃការរៀបចំប្រារព្ធខួបទី១០៣ នៃទិវាសិទិ្ធនារីអន្តរជាតិ របស់សង្គមស៊ីវិល សហជីព និងបណ្តាញគាំពារស្ត្រី ដែលមានបំណងជួបជុំ និងដើរហែរក្បួន ដាក់ញត្តិ ជូនស្ថាប័នមានសមត្ថកិច្ច ទាមទារឲ្យមានការដោះស្រាយ ដោយយុត្តិធម៌ ។ សេចក្តីថ្លែងការណ៍ដដែល បានចាត់ទុកសកម្មភាពរារាំងទប់ស្កាត់ប្រជាពលរដ្ឋមិនឲ្យប្រើប្រាស់សិទិ្ធសេរីភាពរបស់ខ្លួនឲ្យបានទូលំទូលាយ ពីសំណាក់អាជ្ញាធរ ថាជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស និងជាសញ្ញាណបង្ហាញថា ប្រទេសកម្ពុជាកំពុងឈានទៅរកការបំបិទសិទិ្ធសេរីភាពរបស់មនុស្ស តាមរយៈនៃការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។
ជារួមសមាគមអាដហុក យល់ឃើញថា ប៉ុន្មានថ្ងៃនេះ កងកម្លាំងមានសមត្ថកិច្ច បានកំពុងធ្វើសកម្មភាពជាច្រើន ក្នុងការគំរាមកំហែងបំបាក់ស្មារតីអ្នកចូលរួមក្នុងទិវាសិទិ្ធនារីថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៤នេះ មានជាអាទិ ទី១-បានបង្ហាញកម្លាំងប៉ូលិសរាប់ពាន់នាក់ហ្វឹកហ្វឺន បង្ក្រាបបាតុកម្ម ទី២- ដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ ទី៣- ដាក់ការត្រួតពិនិត្យចរាចរណ៍តាមផ្លូវ ដែលខុសពីធម្មតា ទី៤- ដាក់កងកម្លាំងយាមការទីលានសាធារណៈ បិទច្រកផ្លូវចេញចូលទីលានប្រជាធិបតេយ្យ ទី៥- ប្រកាសគំរាមកំហែងបំភិតបំភ័យប្រជាជនមិនឲ្យចូលរួមក្នុងទិវាសិទិ្ធនារីនេះ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញសេចក្តីថ្លែងការណ៍នេះ ពីមន្ត្រីរាជរដ្ឋាភិបាល បាននៅឡើយទេ នៅរសៀលថ្ងៃសៅរ៍នេះ៕
No comments:
Post a Comment