Paris Peace Accords 23 Oct. 1991

Tuesday, March 11, 2014

ក្រុម​អង្គ​ការ​ សង្គម​ស៊ី​វិល៖ ​ដំណើរការ ​​​កំណែ​ទម្រង់​ ការ​បោះ​ឆ្នោត ត្រូវ​ចុះ​ឈ្មោះ​ អ្នក​បោះ​ឆ្នោត ​ថ្មី ដោយ​ បិទ​រូប​ថត ហើយ​ គ.ជ.ប ត្រូវតែ​ ​ឯក​រាជ្យ​

ប្រជា​​ពល​រដ្ឋ​​ខ្មែរ​​ចូល​រួម​​មើល​ឈ្មោះ​​បោះ​​ឆ្នោត​ នៅ​មណ្ឌល​បោះឆ្នោត កាលពីការបោះឆ្នោតឃុំ​-សង្កាត់ ក្នុង​ឆ្នាំ២០១២។
ប្រជា​​ពល​រដ្ឋ​​ខ្មែរ​​ចូល​រួម​​មើល​ឈ្មោះ​​បោះ​​ឆ្នោត​ នៅ​មណ្ឌល​បោះឆ្នោត កាលពីការបោះឆ្នោតឃុំ​-សង្កាត់ ក្នុង​ឆ្នាំ២០១២។
rfi/siv channa

ក្រុម​អង្គ​ការ​ សង្គម​ស៊ី​វិល៖ ​ដំណើរការ ​​​កំណែ​ទម្រង់​ ការ​បោះ​ឆ្នោត ត្រូវ​ចុះ​ឈ្មោះ​ អ្នក​បោះ​ឆ្នោត ​ថ្មី ដោយ​ បិទ​រូប​ថត ហើយ​ គ.ជ.ប ត្រូវតែ​ ​ឯក​រាជ្យ​

ដោយ លី ម៉េងហួរ / RFI | ១១ មីនា ២០១៤
ក្រុម​អង្គ​ការ​ សង្គម​ស៊ីវិល ចំនួន ២០ ស្ថាប័ន ក្នុង​នាម​ សម្ព័ន្ធ​កំណែ​ទម្រង់ ការ​បោះ​ឆ្នោត បាន​ដាក់​ចេញ​ នូវ​អនុសាសន៍ ៧ ចំណុច សម្រាប់ ​ដំណើរ​ការ ​កំណែ​ទម្រង់ ​ការ​បោះ​ឆ្នោត ដែល​គណបក្ស ​ប្រជា​ជន​កម្ពុជា និង​គណបក្ស ​សង្គ្រោះ​ជាតិ កំពុង​ពិភាក្សា​ចរចា មិន​ទាន់​រក​ច្រក​ចេញ​ នៅ​ពេលនេះ។ អនុសាសន៍ទាំង ៧ ចំណុច ដែល​នឹង​ប្រកាស​ផ្សព្វ​ផ្សាយ នៅ​អង្គ​ការ​ខុមហ្វ្រែល​ នា​ម៉ោង ១០ ព្រឹក ថ្ងៃ​ពុធ ទី​១២​ មីនា​ ស្អែក​នេះ រួម​មាន ការ​ចុះ​ឈ្មោះ​ អ្នក​បោះ​ឆ្នោត​ថ្មី ដោយ​តម្រូវ ​ឲ្យ​បិទ​រូប​ថត​លើ​ ប័ណ្ណ​បោះ​ឆ្នោត ហើយ​សមា​ជិក​ គ.ជ.ប​ ​ដែល​ជា ​អ្នក​រៀប​ចំ ការ​បោះ​ឆ្នោត ត្រូវ​តែ​ជា​ មនុស្ស​ឯក​រាជ្យ មិន​ជាប់​ពាក់​ព័ន្ធ ​នឹង​គណបក្ស ​នយោបាយ​ ដូច​ពេល​នេះ​ទេ​។

ក្នុង​ពេល​ការ​ចរចារ​វាង​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ លើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត កំពុង​តែ​ដំណើរ​ការ​ដោយ​ភាព​តាន​តឹង និង​រក​ច្រក​ចេញ​មិន​រួច គឺ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចំនួន ២០ ស្ថាប័ន ដែល​មាន​ឈ្មោះ​ថា សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត បានសម្រេច​ដាក់​ចេញ​នូវ​អនុ​សាសន៍ ៧ ចំណុច។ ជា​អនុ​សាសន៍ សម្រាប់​ដំណើរ​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ដោយ​មាន​និយាយ​លម្អិត​ពី​ដំណើរការ និង​បច្ចេក​ទេស ដែល​សង្គម​ស៊ីវិល នឹង​ប្រកាស​ចេញ ក្នុង​សន្និ​សីទ​កាសែត នា​ម៉ោង ១០ ព្រឹក ថ្ងៃ​ទី​១២​មីនា​នេះ នៅ​ទី​ស្នាក់​ការ​អង្គការ​ខុម​ហ្វ្រែល ទល់​មុខ​វិទ្យាល័យ​សន្ធរ​មុខ រាជ​ធានី​ភ្នំពេញ​។
លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត នី​ក​ហ្វិ​ក ដែលជា​សមាជិក​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត បាន​លើកឡើងថា ការកែទម្រង់​ដំណើរការ​បោះឆ្នោត ទាំង ៧ ចំណុច​នោះ រួមមាន ការធ្វើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី កែទម្រង់​សមាសភាព​គ.ជ.ប​ការកំណត់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ពី​អ​ព្យា​ក្រឹត្យ​ភាព​របស់​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​តុលាការ យោធា​ប៉ូលិស ស្នើសុំ​ឲ្យ​មាន​កូ​តា​​ស្ត្រី​ក្នុង​បញ្ជី​អ្នក​ជាប់ឆ្នោត និង​បង្កើត​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ។

លោក ហង្ស ពុទ្ធា បាន​បន្ថែមថា កំណែទម្រង់​លើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត តាមរយៈ​ការ​ចុះឈ្មោះ​​ឡើងវិញ ត្រូវបាន​សង្គម​ស៊ីវិល ផ្តល់​អនុសាសន៍​ថា ត្រូវតែមាន​បិទ​រូបថត​លើ​ប័ណ្ណ​អ្នកបោះឆ្នោត។ ចំណែក​ការកែទម្រង់​សមាសភាពគ.ជ.ប​ គឺ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មានការ​ជ្រើសរើស​មនុស្ស​ឯករាជ្យ មិនមែនជា​សមាជិក​គ​ណ​បក្សនយោបាយ ដូច​ពេលនេះ​ទេ។

កិច្ចចរចា កាលពី​ថ្ងៃទី៣មីនា គណៈកម្មការ​ចម្រុះ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាពគ្នា លើ​ក្របខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត ដែល​ក្នុងនោះ មាន​ទាំង​ការរៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឡើងវិញ កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត និង​បង្កើត​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់​គណបក្សនយោបាយ ជាដើម។

ក៏ប៉ុន្តែ​កិច្ចចរចា​ជាថ្មី កាលពី​ថ្ងៃទី១០មីនា គណបក្ស​ទាំងពីរ បាន​ខ្វែងគំនិត​គ្នា លើ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​គ.ជ.ប​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​គ.ជ.ប​ ជា​ស្ថាប័ន​ធម្មនុញ្ញ ហើយ​អនុម័ត​​សមាសភាព ដោយ​សំឡេង ២ ភាគ ៣ នៃ​សមាជិក​រដ្ឋសភា​ទាំងមូល។​ យ៉ាងណាក៏ដោយ​ គណៈកម្មការ​ចម្រុះ ដើម្បី​សិក្សា និង​រៀបចំ​ក្របខ័ណ្ឌ​កំណែទម្រង់​ការ​បោះឆ្នោត​រ​វាង​គណបក្ស​ទាំងពីរ បាន​ព្រមព្រៀង​ថា នឹង​ជួបចរចា​គ្នា​ម្តងទៀត នៅ​ថ្ងៃទី​១៧មីនា។​

ជាការ​កត់សម្គាល់ លោក ហង្ស ពុទ្ធា បាន​គូសបញ្ជាក់ថា ក្នុងចំណោម​អនុសាសន៍ ៧ ចំណុច របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល លើ​ដំណើរការ​កំណែ​ទម្រង់កា​របោះ​ឆ្នោត ដែល​នឹង​ប្រកាស​ចេញ​លម្អិត នៅ​ព្រឹក​ថ្ងៃទី១២មីនា មិនមាន​និយាយ​ពី​ការបោះឆ្នោត​ឡើងវិញ ឬ​ការបោះឆ្នោត នៅមុន​អាណត្តិ​នោះទេ៕




No comments:

Post a Comment