វត្ថុបុរាណ ដែលបងប្អូនជនជាតិភាគតិចគួយ អភិរក្សនៅក្នុងដីសហគមន៍ជនជាតិភាគតិច (រូបថត៖ បូ សាវី)
ពលរដ្ឋជនជាតិគួយ នាំគ្នាបោះតង់ដេកយាម ទួលប្រាសាទបុរាណ និងដីសហគមន៍ជនជាតិភាគតិច ពីក្រុមហ៊ុនចិន (រូបថត៖ បូ សាវី)
បទយកការណ៍៖ ទួលប្រាសាទបុរាណ និងដីសហគមន៍ ជនជាតិដើមភាគតិច បាត់បង់ ដោយសារ ផ្តល់សម្បទាន
ដោយ៖ បូ សាវី និង អ៊ឹង ប៊ុនថន / វីអូឌី | ថ្ងៃអង្គារ ទី11 ខែមិនា ឆ្នាំ2014
ជនជាតិដើមភាគតិចគួយ នៅខេត្តព្រះវិហារ បានអះអាងថា ពួកគេបានបាត់បង់ដីស្រែចំការ និងព្រៃឈើ ដែលជាឆ្នាំងបាយ សម្រាប់ជីវិត ក្រោយពេលដែលរដ្ឋាភិបាល ផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនចិនដាំ អំពៅ កៅស៊ូ និងអាកាស្យា ដែលមិនបានសិក្សាពីផលប៉ះពាល់ជាមុន។
កំពុងអង្គុយក្រោមម្លប់ឈើ រងចាំស្ដាប់បទបង្ហាញ នៅក្នុងទិវាសិទ្ធិនារីអន្ដរជាតិ ៨មីនា លើកទី១០៣ ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលមួយ នៅឃុំប្រមេរ លោកជា ឈឿន ប្រាប់ VOD ថាធនធានធម្មជាតិ ដែលពួកគេអាស្រ័យផលតាំងពីដូនតាមក ដូចជា ដីស្រែចំការវិលជុំ និងព្រៃឈើ បានបាត់បង់ជាបណ្ដើរៗ។
ឃុំប្រមេរ ស្ថិតនៅស្រុកត្បែងមានជ័យ ដែលមានចម្ងាយជាង១០គីឡូមម៉ែត្រពីទីរួមខេត្ដព្រះវិហារ។ ឃុំនេះ មានជនជាតិដើមភាគតិចគួយ ៩៩% ដែលពួកគេប្រកបរបរ ធ្វើស្រែ ចំការ បោចវ័រ ដងជ័រ និងស្វែងរកអនុផលក្នុងព្រៃសហគមន៍ និងប្រកាន់អបិយជំនឿ ចំពោះទួលប្រាសាទបុរាណ។
ប៉ុន្ដែពលរដ្ឋ បញ្ជាក់ថា ដីនៅឃុំប្រមេរ មួយផ្នែកធំត្រូវបាន រដ្ឋាភិបាលផ្តល់សម្បទាន ឲ្យក្រុមហ៊ុនចិនវិនិយោគ ប៉ះចំដីសហគមន៍ ជនជាតិដើមភាគតិចគួយ ជិត១ម៉ឺនហិកតា និងប៉ះពាល់ដីទួលប្រាសាទបុរាណ ទៀតផង។
បុរសវ័យជាង៦០ឆ្នាំសម្បុរខ្មៅ នៅភូមិប្រមេរ លោក ធៀន ហៀង និយាយថា ដើមជ័រច្បោះប្រមាណជាង៥០ដើម ដែលលោកអាស្រ័យផលតាំងពីដូនតាមក ត្រូវបានក្រុមហ៊ុនចិន ឈ្មោះឡាន ហ្វេង កាប់បំផ្លាញ ដោយមិនមានផ្ដល់សំណង។ លោកបន្ថែមថា ដីស្រែចំការវិលជុំ ប្រឡាយ បឹងបួរ និងទួលប្រាសាទបុរាណ នៅក្នុងដីព្រៃសហគមន៍ ក៏ត្រូវក្រុមហ៊ុនចិន នោះឈូសឆាយរំលោភយកដែរ «ជនជាតិដើមភាគតិច គ្នារកអី គឺរបរហ្នឹងឯង ជ័រ មានស្រែភ្លឺ ជូនកាលធ្វើស្រែហ្នឹងឯង។ បាត់បង់ប្រឡាយ បាត់បងអីអស់ហើយ ត្រពាំងបឹងបួរអី លុបចោលអស់អ៊ីចឹង ធ្វើម៉េចឲ្យជួយ ឲ្យរាជរដ្ឋាភិបាលជួយ អង្គការសង្គមស៊ីវិលណាជួយយោបល់»។
ពលរដ្ឋមួយរូបទៀត អ្នកស្រី ខៀវ ប៉ែន ឲ្យដឹងដែរថា អាជ្ញាធរ បានគំរាមកំហែងគ្រប់រូបភាព និងបង្ខិតបង្ខំឲ្យប្រជាសហគមន៍ ប្រគល់ដី ឲ្យក្រុមហ៊ុនចិន ក្រោមរូបភាពដោះដូរ ប៉ុន្ដែការដោះដូរនោះ ឲ្យពួកគេ ទៅយកដីសហគមន៍របស់ពួកគេដដែល។ ស្ដ្រីជនដើមភាគតិចគួយ វ័យជាង៥០ឆ្នាំរូបនេះ បន្ថែមថា ដំបូងឡើយប្រជាពលរដ្ឋមានការភ័យខ្លាច មិនហ៊ានតវ៉ា ទើបនៅពេលនេះក្រុមហ៊ុនចិន ឈ្មោះ ឡាន ហ្វេង ឃុបឃិតជាមួយអាជ្ញាធរ លួចឈួស ឆាយដីរហូតប៉ះពាល់ដល់ទួលប្រាសាទបុរាណ ទើបអ្នកភូមិទៅបោះជុំរុំចាំការពារដីពួកគេ «ពេលរដូវខែនេះ នាំគ្នាទៅបេះព្រិច ម្នាក់ៗ អ្នកខ្លះគេមានគ្នាច្រើនបានដល់គ្នាលោកគ្រូ។ សព្វថ្ងៃរកតែព្រិចស្លហូបមិនបាន ឈូសឆាយយកអស់ហើយគ្មានសល់ទេ។ មិនថាតែព្រៃឈើ មិនថាស្លឹកព្រិចទេ សូម្បីតែប្រាសាទបុរាណ គេគាស់កាយខ្ទិចខ្ទី បាល័ង្គ អីគ្មានសល់ទេ ភ្នំអីគេកាយ ត្រពាំងបឹងបួ គេលុប គេកាយអូរថ្មី គេចង់លុបអូរចាស់ចោលទៀតសព្វថ្ងៃ ខ្ញុំព្រួយបារម្ភ»។
កាលពីកណ្ដាលឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើអនុប្រយោគពីដីសាធារណៈរបស់ រដ្ឋទៅជាដីឯកជនរបស់រដ្ឋ ដោយផ្ដល់សម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនចិន ឈ្មោះឡាន ហ្វេង ដើម្បីវិនិយោគដំណាំកៅស៊ូ និងអំពៅ ។ ប៉ុន្ដែក្រុមជនដើមភាគតិចគួយ បញ្ជាក់ថា ក្រុមហ៊ុននេះ បានចាប់ផ្ដើមឈូសឆាយដីសម្បទាននោះនៅដើមឆ្នាំ២០១២ ដោយមិនបានសិក្សាពីផលប៉ះពាល់ជាមុន។
ក្រៅពីក្រុមហ៊ុនចិននោះ មានក្រុមហ៊ុនចំនួន៤ផ្សេងទៀត បានសិទ្ធិវិនិយោគ លើតំបន់ភូមិសាស្ដ្រជាប់ៗគ្នា ដែលមានរូបរាងជាមុំចង្ក្រាន លើផ្ទៃដីសរុបជាង ៤ម៉ឺ៤ពាន់ហិកតា ក្នុងស្រុកចំនួន៣ គឺស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន។
ប្រធានក្រុមប្រឹក្សា នៃសហគមន៍ជនជាតិ ដើមភាគតិចគួយ អ្នកស្រី ទេព ទឹម មានប្រសាសន៍ថា ដោយសារការផ្តល់ដីសម្បទាន ដោយមិនបានសិក្សាពីផលប៉ះពាល់ឲ្ុបានច្បាបស់លាស់នេះ ធ្វើឲ្យការបាត់បង់ព្រៃឈើ ដើមថ្នាំបុរាណ និងកន្លែងជាទីសក្ការៈបូជា ដែលដូចជាបាត់បង់អត្ដសញ្ញាណជាតិ របស់ជនជាតិដើមភាគតិចគួយដូច្នេះដែរ «ពួកខ្ញុំធ្លាប់មានព្រៃ មានព្រៃបម្រុងទុក ព្រៃអារក្សអ្នកតា ព្រៃរកស៊ីរកប្រេង អ៊ីចឹងបាត់បង់អាហ្នឹង ដូចបាត់បង់អត្តសញ្ញាណរបស់យើងមួយ។ ដែលហៅថា ជនជាតិដើមភាគតិច គឺអ្នកមានអត្តសញ្ញាណពិតប្រាកដ រស់នៅលើដីរបស់ខ្លួន មានអ្វីៗជុំវិញខ្លួនជាកម្មសិទ្ធិរបស់ខ្លួន ទាំងព្រៃអារក្សអ្នកទា ព្រៃកប់ខ្មោច។ កាលណាបាត់បង់អាហ្នឹង បាត់បង់វប្បធម៌ប្រពៃណីយើងហើយ។ ឲ្យយើងស៊ីឈ្នួលគេ ក៏បាត់បង់វប្បធម៌របស់យើង ប្រពៃណីទំនៀមទម្លាប់របស់យើង»។
ករណីនេះ អភិបាលស្រុកត្បែងមានជ័យ លោក ប៉ាង យាត មានប្រសាសន៍ថា អាជ្ញាធរបានរកដីដោះដូរជូនប្រជាពលរដ្ឋជាបន្ដបន្ទាប់ ប៉ុន្ដែពលរដ្ឋមួយចំនួនទាមទារឲ្យដកក្រុមហ៊ុនចេញពីតំបន់នោះ ដែលហួសពីសមត្ថកិច្ចរបស់អាជ្ញាធរ «គាត់ក៏ស្ម័គ្រចិត្តវាស់ អ្នកណាស្ម័គ្រក៏ស្ម័គ្រទៅ យើងវាស់ឲ្យ អ្នកណាមិនស្ម័គ្រក៏តាមដំណើររបស់គាត់ទៅ ហើយក្រុមហ៊ុន ក៏គាត់មិនទៅប៉ះពាល់ គ្រាន់ថាទៅស្រែក ប៉ុន្តែជាក់ស្តែង គាត់មិនទៅធ្វើអ្វីទេ គេមិនប៉ះពាល់អីលើដីរបស់គាត់ទេ ប៉ុន្តែអ្វីអ្នកដែលទាមទារនោះ វាទាមទារ អ្នកប្រមេរ ដូចអ្នកភូមិហ្នឹង គាត់សង្កត់ថា ការទាមទារនេះមិនមែនគាត់ទាមទារសុំដីគាត់ទេ គាត់ទាមទារដេញក្រុមហ៊ុននេះតែម្តង»។
ទោះជាយ៉ាងណា សមាជិកសហគមន៍ជនជាតិដើមភាគតិចគួយ ដែលកំពុងចាំការពារដីសហគមន៍ ពីការឈួសឆាយរបស់ក្រុមហ៊ុនចិននោះ អ្នកស្រី រឿង ខាន់ ថ្លែងថា ពួកគេរក្សាជំហរទាមទារយកដីសហគមន៍ដែលក្រុមហ៊ុនឈូសបំផ្លាញនោះមកវិញ «ដូចជាចៅហ្វាយខេត្ត ចៅហ្វាយស្រុក ពួកអ្នកធ្វើការធំៗនោះ គាត់ថាពួកខ្ញុំនេះ គាត់មិនយល់ទេរឿងសហគមន៍ សហគមន៍មានតែ ប៉ុល ពត ពួកខ្ញុំថាមិនមែន ប៉ុល ពត ទេ ពួកខ្ញុំជាសហគមន៍នេះ គឺគ្រាន់តែថា ការពារដីធ្លី ព្រៃឈើរបស់ពួកខ្ញុំ ការពារដូនតាខ្ញុំមិនឲ្យចង់បាត់បង់ មិនចង់ឲ្យរលាយ ដើមឈើ ព្រៃឈើ អ្វីពួកខ្ញុំមានកន្លងមក។ គេថាចង់បានទុកធ្វើអី ព្រៃឈើ គេអភិវឌ្ឍដើម្បីរកការរីកចម្រើន ហើយឯងគិតតែថាទុកព្រៃឈើ វាបានប្រយោជន៍អី ពួកខ្ញុំក៏ឆ្លើយតបហ្នឹងគាត់ថា ពួកខ្ញុំមិនដឹងទេ រឿងការអភិវឌ្ឍន៍ ពួកខ្ញុំគិតថាធ្វើស្រែចម្ការ ពួកខ្ញុំមិនដែលចេះរកស៊ីឈ្នួលជួលពិតអ្នកណា»។
សមាជិកដ៏សកម្មរូបនោះ បន្ថែមថា ការផ្តល់ដីសម្បទានបែបនេះ ធ្វើឲ្យជនជាតិដើម កំពុងខ្វះស្បៀងអាហារ កូនទៅរៀនមិនទៀងទាត់ ដោយសារក្រុមគ្រួសារ រវល់មកការពារដីព្រៃរបស់ពួកគេ ដែលកំពុងរងការគំរាមកំហែងពីក្រុមហ៊ុនចិននោះ «ពួកខ្ញុំទាល់តែមានដំណោះស្រាយ ឲ្យដឹងរករឹសគល់ ឲ្យឃើញថា អ្នកណាខុសអ្នកណាត្រូវ ជាមួយប្រជាពលរដ្ឋ ហើយហ្នឹងរាជរដ្ឋាភិបាលអ្នកដឹកនាំ ឥឡូវនេះ ប្រជាពលរដ្ឋគេមិនព្រមទាំងអស់គ្នា ពីព្រោះថាអ្នកដឹកនាំនិមួយៗ គួរតែគិតថា រាស្ត្រនោះ គឺជារាស្ត្រអ្នកណា រាស្ត្ររបស់ខ្លួននេះឯង ហេតុអ្វីក៏និយាយបែបកាន់ជើងតែក្រុមហ៊ុន មិនមែនកាន់ជើងប្រជាពលរដ្ឋទេ»។
មេធាវី របស់សហគមន៍ជនជាតិដើមភាគតិចគួយ លោក សេក សោភ័ណ្ឌ មានប្រសាសន៍ថា តាមច្បាប់ភូមិបាល រដ្ឋាភិបាល សិក្សាឲ្យបានច្បាស់លាស់ ពីផលប៉ះពាល់ជាមុនសិន មុនផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនវិនិយោគ។ លោកបន្ដថា ការធ្វើវិនិយោគរបស់ក្រុមហ៊ុនចិននោះ ជាករណីខុសច្បាប់ និងរំលោភសិទ្ធិមនុស្សផងដែរ «វាមិនដែលឯណា យកដីយើង ហើយមិនប្រាប់យើង។ ហើយច្បាប់គេការពារ សិទ្ធិម្នាក់ៗ ហើយប្រសិនយើងសមាជិករាល់ថ្ងៃ សមាជិកអត់? អាហ្នឹងរឹតតែធ្ងន់ទៀតហើយ ព្រោះបងជនជាតិដើមភាគតិច គឺគ្រប់គ្រងជាសហគមន៍ផង ហើយនៅក្នុងហ្នឹង ដីអ្នកណារបស់អ្នកហ្នឹង អ៊ីចឹងនៅក្នុងហ្នឹង វាគ្រាន់តែអស់ប្លង់តែប៉ុណ្ណឹង ប្លង់ៗរួម គ្រប់គ្រងរួមគ្នា ការពាររួមគ្នា ប្រើប្រាស់រៀងខ្លួន»។
របាយការណ៏ស្ដីពីករណីវិវាទដីធ្លី នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ដែលរៀបចំដោយ សមាជិកបណ្ដាញជនជាតិដើមភាគតិច និងព្រៃឈើ នៅចុងឆ្នាំ២០១៣ បង្ហាញថា ជនជាតិដើមភាគតិចគួយ កំពុងទទួលរងនូវការគំរាមកំហែងផ្នែកជីវភាព បរិស្ថានទំនៀមទំលាប់ ជំនឿពីដូនតា ការធ្លាក់ចុះ អនុផលព្រៃឈើ ដោយសារដីចំការវិលជុំត្រូវបានក្រុមហ៊ុនឈូសឆាយ និងដីស្រែខ្លះ ពិបាកធ្វើដំណើរចូល។
របាយការណ៏ ដដែលឲ្យដឹងថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនចិន ឡាន ហ្វេង លើផ្ទៃដី ៩០១៥ហិកតា គឺជាដីសហគន៍ជនជាតិដើមភាគតិចគួយ ហើយក្រុមហ៊ុននេះ ឈូសឆាយបានសម្រេច៥០% លើផ្ទៃដីពួកគាត់ដែលកាន់កាប់ជាលក្ខណៈសមូហភាព ហើយបានប៉ះពាល់ដីទួលប្រាសាទ៤កន្លែង ស្រះទឹកបុរាណ១ និងស្ថានីយនីបុរាណមួយចំនួនទៀត ដែលក្រុមបុរាណវិទូកំណត់សន្ទស្សន៍ ដោយគ្រោងនឹងចុះបញ្ជីសារពើភ័ណ្ឌផងដែរ៕
No comments:
Post a Comment