
ប្រជាពលរដ្ឋនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ នាំគ្នាតម្រង់ជួររង់ចាំចូលបោះឆ្នោតនៅព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣។
RFA/Sek Bandith
កម្ពុជា ជាប់ចំណាត់ថ្នាក់ អាក្រក់ជាងគេ ក្នុងការរៀបចំ ការបោះឆ្នោត ចំណោម ប្រទេស៦៦
ដោយ កែវ និមល / អាស៊ីសេរី | ០៥ មីនា ២០១៤
របាយការណ៍ស្រាវជ្រាវមួយស្ដីពីការបោះឆ្នោតចំនួន ៧៣លើកនៅក្នុងប្រទេសចំនួន៦៦ ចាប់ពីខែកក្កដា ឆ្នាំ២០១២ ដល់ខែធ្នូ ឆ្នាំ២០១៣ បានដាក់ប្រទេសកម្ពុជា ក្នុងចំណាត់ថ្នាក់លេខ៥ អាក្រក់ជាងគេក្នុងការរៀបចំការបោះឆ្នោត កាលពីឆ្នាំ២០១៣ កន្លងទៅ។
របាយការណ៍នេះចេញផ្សាយដោយអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ ហាវឺធ (Harvard University) សហរដ្ឋអាមេរិក និងសកលវិទ្យាល័យ ស៊ីតនី (Sydney) អូស្ត្រាលី។ របាយការណ៍នេះបានដាក់ចំណងជើងថា ឌឹ អេឡិកតូរ៉ាល់ អ៊ិនធើគ្រីតធី ប្រូជិក (The Electoral Integrity Project) ហៅកាត់ថា អ៊ី.អាយ.ភី (EIP)។
ការបោះឆ្នោតនៅប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ៦៩ ក្នុងចំណោមការបោះឆ្នោត ៧៣លើកក្នុងប្រទេស៦៦ ឬបើនិយាយត្រឡប់ពីក្រោមមកវិញ គឺប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមការបោះឆ្នោតដែលអាក្រក់ជាងគេ។
ក្រុមអ្នកស្រាវជ្រាវ និងការចេញផ្សាយរបាយការណ៍របស់ អ៊ី.អាយ.ភី បានសរសេរថា ការបោះឆ្នោតនៅប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ៦៩ ដោយសារមានបញ្ហាកើតឡើងក្នុងការចុះឈ្មោះបោះឆ្នោត ការប្រមូល និងប្រកាសលទ្ធផល និងភាពឯករាជ្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
របាយការណ៍ អ៊ី.អាយ.ភី របស់ក្រុមអ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក និងអូស្ត្រាលី បានអះអាងថា គោលបំណងក្នុងការស្រាវជ្រាវការបោះឆ្នោតចំនួន ៧៣លើក នៅប្រទេសចំនួន៦៦ នោះ ដើម្បីវាយតម្លៃលើការរៀបចំបោះឆ្នោតនៅប្រទេសទាំងនោះ ថាតើបានដល់កម្រិតស្តង់ដារអន្តរជាតិ ហើយឬនៅ? របាយការណ៍នោះចូលរួមផ្តល់ចម្លើយ និងវាយតម្លៃលើការរៀបចំបោះឆ្នោតពីអ្នកជំនាញខាងការរៀបចំបោះឆ្នោតចំនួន ៨៥៥នាក់ ពីប្រទេសនានានៅលើពិភពលោក។ គម្រោង អ៊ី.អាយ.ភី ផ្តល់ថវិកាធ្វើសកម្មភាពដោយក្រុមប្រឹក្សាស្រាវជ្រាវរបស់អូស្ត្រាលី។
ចំពោះវិធីសាស្ត្រក្នុងការវាយតម្លៃការបោះឆ្នោតនីមួយៗ ក្រុមអ្នកស្រាវជ្រាវបានធ្វើការបែងចែកការងារដែលត្រូវវាយតម្លៃនោះមាន ៤៩ផ្នែក ហើយចែកជា ១១មាតិកា ដើម្បីដាក់ពិន្ទុ។ ប្រទេសកម្ពុជា បានទទួលពិន្ទុសរុបចំនួនជាង៤៥ គឺទាបជាងគេ បានចំណាត់ថ្នាក់លេខ៦៩ ខ្ពស់ជាងប្រទេស៤ ប៉ុណ្ណោះ។ ប្រទេសទាំង៤នោះរួមមាន បេឡារុស្ស (Belarus) កុងហ្គោ (Congo) ជីប៊ូទី (Djibouti) និងហ្គីណេ (Guinea)។ ប្រទេសដែលបានទទួលពិន្ទុខ្ពស់ជាងគេក្នុងតារាងវាយតម្លៃ ថាបានរៀបចំការបោះឆ្នោតបានល្អ និងត្រឹមត្រូវជាងគេ គឺប្រទេសន័រវេសន៍ (Norway) ដែលបានទទួលពិន្ទុជាង៨៦។ របាយការណ៍ស្រាវជ្រាវស្ដីពីការបោះឆ្នោតនេះ ចេញផ្សាយកាលពីថ្ងៃទី២៤ កុម្ភៈ កន្លងទៅ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានប្រសាសន៍នៅថ្ងៃទី៥ មីនា ថា លោកមិនបដិសេធ តែក៏មិនទទួលយកការវាយតម្លៃ និងចំណាត់ថ្នាក់ការបោះឆ្នោតនៅប្រទេសកម្ពុជា របស់ក្រុមអ្នកស្រាវជ្រាវរបាយការណ៍ អ៊ី.អាយ.ភី នោះទេ ពីព្រោះលោកមិនបានដឹងអំពីវិធីសាស្ត្រក្នុងការស្រាវជ្រាវរបស់គេ និងមិនដឹងភាពត្រឹមត្រូវរបស់របាយការណ៍នោះ តើអាចជឿជាក់បានឬអត់ទេ?
លោក ទេព នីថា៖ «ស្រាវជ្រាវរបស់គាត់យ៉ាងម៉េចទៅ ខ្ញុំអត់ដឹងទេ។ ហើយបើគាត់បានព័ត៌មានតែពីម្ខាង ហើយប្រៀបធៀបការបោះឆ្នោតរបស់យើងជាមួយប្រទេសផ្សេងៗ គឺមិនច្បាស់ទេ។ ដូចជានិយាយអំពីបញ្ហាបញ្ជីបោះឆ្នោត។ ហើយ គ.ជ.ប បានជួលក្រុមហ៊ុនឯកជនមួយធ្វើសវនកម្មលើបញ្ជីបោះឆ្នោត។ អ៊ីចឹងទេ ការជ្រើសរើសកន្លែងស្ទាបស្ទង់នោះ ក៏ត្រូវឲ្យចំកន្លែងមានតុល្យភាពដែរ។ ហើយការវាយតម្លៃរបស់អន្តរជាតិ ដល់ការបោះឆ្នោតនៅប្រទេសយើង ក៏ឲ្យតម្លៃវិជ្ជមានដែរ»។
ប៉ុន្តែ ចំពោះ លោក ហង្ស ពុទ្ធា ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា និកហ្វិក (NICFEC) មានយោបល់ថា ការបោះឆ្នោតនៅប្រទេសកម្ពុជា ពិតជាមានចំណុចខ្វះចន្លោះមួយចំនួនមែន។ ហើយការខ្វះចន្លោះនោះ គណបក្សនយោបាយទាំងពីរដែលឈ្នះនៅក្នុងការបោះឆ្នោត កំពុងតែជជែកគ្នាដើម្បីកែទម្រង់ហើយ៖ «ខ្ញុំគ្មានសូចនាករពិតប្រាកដរបស់ប្រទេសទាំងអស់នោះទេ។ តែយ៉ាងណា ក៏ខ្ញុំទទួលស្គាល់ថា ការបោះឆ្នោតនៅកម្ពុជា មានភាពមិនប្រក្រតីច្រើន។ ហើយគណបក្សធំ២ ដែលមានការប្រកួតក្នុងការបោះឆ្នោតនេះ ក៏បានទទួលស្គាល់ថា មានភាពមិនប្រក្រតីក្នុងការបោះឆ្នោតដែរ»។
លោក ហង្ស ពុទ្ធា បានបន្ថែមឲ្យដឹងថា ដើម្បីឲ្យការបោះឆ្នោតនៅកម្ពុជា កាន់តែមានភាពត្រឹមត្រូវ និងទទួលយកបាន គេត្រូវកែទម្រង់លើសមាសភាព គ.ជ.ប ត្រូវរៀបចំច្បាប់ហិរញ្ញវត្ថុទាក់ទងការបោះឆ្នោត កែទម្រង់ឲ្យមានការបែងចែកប្រព័ន្ធឃោសនាឲ្យបានសមភាព រៀបចំការចុះឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវ និងងាយស្រួល កែលំអយន្តការដោះស្រាយវិវាទក្នុងការបោះឆ្នោត និងពង្រឹងអព្យាក្រឹតភាពរបស់មន្ត្រីរាជការ ទាហាន ប៉ូលិស ឲ្យបានត្រឹមត្រូវ។
របាយការណ៍លទ្ធផលស្រាវជ្រាវចេញផ្សាយដោយក្រុមអ្នកស្រាវជ្រាវ និងចេញផ្សាយរបាយការណ៍របស់ អ៊ី.អាយ.ភី បានរកឃើញថា ការបោះឆ្នោតនានាតែងមានបញ្ហាកើតឡើងនៅថ្ងៃបោះឆ្នោត ដូចជា ដំណើរការបោះឆ្នោតមិនត្រឹមត្រូវ ការគូសសន្លឹកឆ្នោត និងការរាប់សន្លឹកឆ្នោតមិនត្រឹមត្រូវ។ ចំពោះប្រទេសកម្ពុជា បញ្ហាប្រឈមសំខាន់ គឺការចុះឈ្មោះបោះឆ្នោត៕
No comments:
Post a Comment