Paris Peace Accords 23 Oct. 1991

Tuesday, March 25, 2014

អ្នក​បឹងកក់​​ ៣​គ្រួសារ ដែល​ត្រូវ​គេ​ លួច​ដុត​ផ្ទះ បដិសេធ​ ទទួល​យក​ផ្ទះ​ ដែល​សាលា​រាជធានី​ ផ្ដល់ឲ្យ​

អ្នក​បឹងកក់​​ ៣​គ្រួសារ ដែល​ត្រូវ​គេ​ លួច​ដុត​ផ្ទះ បដិសេធ​ ទទួល​យក​ផ្ទះ​ ដែល​សាលា​រាជធានី​ ផ្ដល់ឲ្យ​


ដោយ៖​ កាន់ វិច្ឆិកា​​ / វីអូឌី | ថ្ងៃចន្ទ ទី24 ខែមិនា ឆ្នាំ2014

​អ្នក​បឹងកក់​ ដែល​ត្រូវបាន ​គេ​លួច​ដុត​ផ្ទះ ចំនួន​ ៣​គ្រួសារ បដិសេធ​ ការផ្តល់​សំណង​ ជា​ផ្ទះ ​នៅ​ម្តុំ​ជ្រោយចង្វា​ របស់​សាលា​រាជធានី ដោយ​ទាមទារ​ ឲ្យមាន​ការដោះស្រាយ ​តាម​ផ្លូវច្បាប់ និង​យុត្តិធម៌​។​
​ពលរដ្ឋ​រងគ្រោះ កញ្ញា លី សៀវ​មីង ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា អភិបាល​រាជធានី លោក ប៉ា សុជាតិ​វង្ស បាន​អញ្ជើញ​ពួកគាត់​ដែល​រងគ្រោះ​ពី​ការដុត​ផ្ទះ​ចំនួន ៣​គ្រួសារ​មក​ជួប​កាលពី​ព្រឹក​មិញ ដើម្បី​ដោះស្រាយ​បញ្ហា​រដ្ឋបាល​។ កញ្ញា​បន្តថា លោក ​ប៉ា សុជាតិ​វង្ស បាន​ប្រាប់​ឲ្យ​ពួក​គាត់​ទទួល​យក​ផ្ទះមួយ​ល្វែង​នៅ​ម្តុំ​ជ្រោយចង្វា ដែល​មាន​ទំហំ​ប្រហែលជា ៤ គុណ ១២ ប៉ុណ្ណោះ​។ កញ្ញា​បន្ថែមថា កញ្ញា​រួម​និង​ពលរដ្ឋ​២​គ្រួសារ​ផ្សេង​ទៀត មិន​ព្រម​ទទួលយក​ទេ ហើយ​នៅតែ​ប្រកាន់​ជំហរ​ទាមទារ​ឲ្យមាន​ការផ្តល់​យុត្តិធម៌ ពាក់ព័ន្ធ​នឹង​ការ​ដុត​ផ្ទះ​របស់​ពួកគេ​។​
VOD មិនអាច​ទាក់ទង​អភិបាល​រាជធានី លោក ប៉ា សុជាតិ​វង្ស និង​អ្នកនាំពាក្យ លោក ឡុង ឌី​ម៉ង់ បានទេ​។​
​ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ លើកឡើងថា ការចរចា​នេះ​មាន​លក្ខណៈ​ល្អប្រសើរ តែ​ដើម្បីឲ្យ​ការដោះស្រាយ​កាន់តែ​មាន​ប្រសិទ្ធិភាព សាលា​រាជធានី​គួរ​ដោះស្រាយ​ឲ្យ​ភាគី​ទាំងសងខាង​ ទទួលបាន​នូវ​លទ្ធផល​ឈ្នះទាំងអស់គ្នា​។ លោក​បន្ថែមថា សាលា​រាជធានី​គួរ​បន្ត​នូវ​ដំណោះស្រាយ​ដោយ​អហិង្សា​បែបនេះ​តទៅទៀត បើទោះបីជា​ពលរដ្ឋ​មិន​ព្រម​ទទួលយក​ដំណោះស្រាយ​នេះ​ក្តី​។​
​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​៤​គ្រួសារ​នៅ​តំបន់​បឹង​កក់​១ ជាមួយនឹង​ក្រុមហ៊ុន ឃុន សៀ កើតឡើង​ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៣​ ដោយ​ពលរដ្ឋ​អះអាងថា ក្រុមហ៊ុន​មួយ​នេះ​បាន​ព្យាយាម​ទិញយក​ដី​ពលរដ្ឋ​នៅ​ទី​នោះ​ចំនួន​៣​គ្រួសារ ដោយ​ឲ្យ​តម្លៃ​១៥០០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ​។ ប៉ុន្តែ ប្រជាពលរដ្ឋ​មិន​ព្រម​លក់ ហើយ​ក្រោយមក​ក្រុមហ៊ុន​ក៏​ព្យាយាម​រក​គ្រប់​មធ្យោបាយ​ដើម្បី​រំខាន​ដល់​ពួកគាត់​៕



No comments:

Post a Comment