Paris Peace Accords 23 Oct. 1991

Tuesday, March 25, 2014

ពលរដ្ឋ​ រស់​នៅ ​ជាយ​ក្រុង​ភ្នំពេញ​ ព្រួយ​បារម្ភ ​ពី​សកម្មភាព ​ចោរ​ប្លន់​ និង​គាស់​ផ្ទះ

ពលរដ្ឋ​ រស់​នៅ ​ជាយ​ក្រុង​ភ្នំពេញ​ ព្រួយ​បារម្ភ ​ពី​សកម្មភាព ​ចោរ​ប្លន់​ និង​គាស់​ផ្ទះ

ដោយ ដែន អយុធ្យា / អាស៊ីសេរី | ២៤ មីនា ២០១៤

ប្រជាពលរដ្ឋ​ រស់​នៅ​រាជធានី​ភ្នំពេញ ព្រួយ​បារម្ភ​ ពី​សកម្មភាព ​ចោរ​ប្លន់​ ម៉ូតូ និង​ចោរ​លួច​គាស់​ផ្ទះ ដែល​ធ្វើ​សកម្មភាព​ ទាំង​ថ្ងៃ ​យប់​ នៅ​តាម​ទីកន្លែង​មួយ​ចំនួន​ ​ក្នុង​ទីក្រុង។ ករណី​នេះ មន្ត្រី​ជាន់​ខ្ពស់ ​ក្រសួង​ មហាផ្ទៃ បាន​រំលឹក​ ឲ្យ​ប៉ូលិស​នៅ​តាម ​មូលដ្ឋាន ត្រូវ​ពង្រឹង​សកម្មភាព​ អនុវត្ត​គោល​​នយោបាយ​ ភូមិ​ឃុំ​ របស់​ ប្រមុខ​ដឹក​នាំ ដែល​បាន​ដាក់​ចេញ​ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។
ប្រជាពលរដ្ឋ​បាន​រអ៊ូរទាំ​ថា ក្រុម​ចោរ​ប្លន់​ម៉ូតូ និង​ចោរ​គាស់​ផ្ទះ បាន​ធ្វើ​សកម្មភាព​ជាច្រើន​ករណី​នៅ​ជាយ​រាជធានី​ភ្នំពេញ ហើយ​ភាគ​ច្រើន​នៃ​បទ​ល្មើស ប៉ូលិស​មូលដ្ឋាន​បង្ក្រាប​មិន​បាន​ទាន់​ពេល​ទេ។
ប្រជាពលរដ្ឋ​មាន​លំនៅឋាន​សង្កាត់​ស្វាយប៉ាក ច្រាំងចំរេះ១ ច្រាំងចំរេះ២ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​ឫស្សីកែវ និង​សង្កាត់​ទួលសង្កែ ជាដើម មាន​ទីតាំង​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ចោរ​ប្លន់​ម៉ូតូ​តែង​ធ្វើ​សកម្មភាព​នៅ​ផ្លូវ​ស្ងាត់ និង​ចោរ​លួច​គាស់​ផ្ទះ​ពេល​ម្ចាស់​មិន​នៅ ឬ​ចេញ​ទៅ​ធ្វើ​ការ បាន​ធ្វើ​សកម្មភាព​ទាំង​យប់​ថ្ងៃ។
នាយ​ប៉ុស្តិ៍​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ លោក ថន ប៊ុនថា ស្ថិត​ក្នុង​ចំណោម​សង្កាត់​មួយ​ចំនួន​ទៀត មាន​ទីតាំង​ក្នុង​ខណ្ឌ​ឫស្សីកែវ ដែល​ពលរដ្ឋ​មាន​កង្វល់​អំពី​អសន្តិសុខ ថ្លែង​ថា ប៉ូលិស​មូលដ្ឋាន​ខ្លួន​បាន​ដាក់​ពង្រាយ ដើម្បី​ចូល​រួម​ពង្រឹង​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជាប់​ជានិច្ច។ ប៉ុន្តែ​លោក​ថា កម្លាំង​ល្បាត​អាច​នៅ​មាន​បញ្ហា​ខ្វះ​ចន្លោះ​ខ្លះ៖ «អត់​មាន​អី​ក្រៅ​តែ​ពី​គោរព​បទ​បញ្ជា​របស់​ថ្នាក់​ដឹក​នាំ​ទេ។ ហើយ​រាល់​ថ្ងៃ​នេះ ការ​បង្ក្រាប​របស់​យើង​ប្រៀប​បាន​ដូច​ជា​ទៅ​នឹង​ភ្លៀង​រលឹម គឺ​មិន​អាច​ដក​ដៃ​ទេ។ ជួន​កាល ល្បែង គឺ​វា​មាន​ប្រភេទ​វា ហើយ​បើ​អាស៊ីសេរី ក្តាប់​បាន​ត្រង់​ណា​ជួយ​ប្រាប់​ផង»
ទាក់ទិន​បញ្ហា​នេះ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​រំលឹក​ទៅ​កម្លាំង​ប៉ូលិស​នៅ​តាម​គោលដៅ ឬ​ឃុំ​សង្កាត់​នានា​ទូទាំង​ប្រទេស ឲ្យ​ពង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​បាន​រឹងមាំ។ បន្ថែម​លើ​នេះ លោក​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ចូល​រួម​សហការ ឬ​ផ្តល់​ព័ត៌មាន​ទាក់ទង​បទ​ល្មើស និង​សកម្មភាព​មិន​ប្រក្រតី​របស់​ប៉ូលិស​មូលដ្ឋាន ដើម្បី​មាន​វិធាន​ការ​ទប់ស្កាត់ និង​តាម​ផ្លូវ​ច្បាប់៖ «បើ​សិន​ជា​មាន​អ៊ីចឹង​មែន គឺ​ប៉ូលិស ឬ​មន្ត្រី​ទាំង​នោះ​មិន​បាន​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បាន​ត្រឹមត្រូវ​ទេ។ ខ្ញុំ​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​ត្រួត​ពិនិត្យ​បញ្ហា​នេះ​ឡើង​វិញ»
យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​មាន​លំនៅឋាន​នៅ​ជាយ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ចោរ​លួច​គាស់​ផ្ទះ ឬ​ប្លន់​ម៉ូតូ បាន​បន្ត​ធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់ នៅ​ពេល​ម្ចាស់​ផ្ទះ​ចេញ​ទៅ​ធ្វើ​ការ និង​ប្រកប​របរ​ទទួល​ទាន ជាដើម។
ករណី​នេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ឬ​ប៉ូលិស​មូលដ្ឋាន គួរ​បង្កើន​សកម្មភាព​ចុះ​ល្បាត​ជា​ប្រចាំ​នៅ​តាម​ផ្លូវ​ស្ងាត់ ឬ​ឆ្ងាយ​ពី​ទីប្រជុំជន។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​អាណត្តិ​ទី​៤ និង​ទី​៥​នេះ បាន​បន្ត​ដាក់​ចេញ​នូវ​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ គោល​នយោបាយ​នេះ​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​ថា សមត្ថកិច្ច​មូលដ្ឋាន​អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ៕



No comments:

Post a Comment