ដោយ ប៉ែន បូណា / RFI | ១២ មីនា ២០១៤
សម្ព័ន្ធ កំណែទម្រង់ បោះឆ្នោត ដែលជា បណ្តុំអង្គការ សង្គមស៊ីវិល មួយក្រុម បានជំរុញ ឲ្យគណបក្ស ជាប់ឆ្នោតទាំងពីរ ធ្វើឲ្យ គ.ជ.ប ក្លាយជា ស្ថាប័នធម្មនុញ្ញ ដើម្បីធានា ឯករាជ្យភាព របស់ស្ថាប័នបោះឆ្នោត មួយនេះ។ សំណើបែបនេះ ធ្លាប់ត្រូវបានគណបក្ស សង្គ្រោះជាតិ លើកឡើងរួចទៅហើយ កាលពីក្នុងកិច្ចប្រជុំ ថ្ងៃទី ១០ មីនា កន្លងទៅ ប៉ុន្តែ គណបក្ស ប្រជាជនកម្ពុជា បានបដិសេធ។
ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃពុធទី ១២ មីនានេះ សម្ព័ន្ធកំណែទម្រង់បោះឆ្នោតដែលហៅកាត់ថា ERA បានជំរុញឲ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិធ្វើកំណែទម្រង់បោះឆ្នោតឲ្យបានស៊ីជម្រៅ។ ក្នុងចំណោមបញ្ហាជាច្រើនដែលបានលើកឡើង បណ្តុំអង្គការសង្គមស៊ីវិលមួយនេះក៏បានផ្តោតសំខាន់ចង់ឲ្យ គ.ជ.ប ក្លាយជាស្ថាប័នធម្មនុញ្ញផងដែរ។
ក្រៅពីនោះ អង្គការសង្គមស៊ីវិលទាំងនោះក៏បានជំរុញឲ្យគណបក្សទាំងពីរបង្កើនល្បឿនចរចាគ្នាអំពីកំណែទម្រង់បោះឆ្នោតឲ្យបានលឿននិងមិនត្រូវឈប់ទេ។ លោក យ៉ង់ គឹមអេង តំណាងមួយរូបនៃសម្ព័ន្ធកំណែទម្រងើបោះឆ្នោតបានថ្លែងថា គណបក្សទាំងពីរត្រូវជជែកគ្នាជាប់រហូតនិងឲ្យបានលឿនពីព្រោះនេះជាបញ្ហាជាតិ។
សម្ព័ន្ធកំណែទម្រង់បោះឆ្នោតក៏បានជំរុញឲ្យគណបក្សទាំងពីរជជែកលម្អិតបញ្ហាសំខាន់ៗមួយចំនួនដូចជា បញ្ហា គ.ជ.ប បញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត យន្តការដោះស្រាយវិវាទបោះឆ្នោត និងច្បាប់ស្តីពីហិរញ្ញវត្ថុនយោបាយជាដើម។ ទាក់ទងនឹងសមាសភាពរបស់ គ.ជ.ប បណ្តុំអង្គការសង្គមស៊ីវិលមួយនេះក៏បានបង្ហាញជំហរចង់ឲ្យ គ.ជ.ប ក្លាយជាស្ថាប័នធម្មនុញ្ញដែរដើម្បីធានាភាពឯករាជ្យឲ្យបានពិតប្រាកដ។
សូមបញ្ជាក់ថា សំណើរចង់ឲ្យ គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ ហើយសមាសភាពនៃស្ថាប័ននេះត្រូវជ្រើសតាំងដោយសំឡេងគាំទ្រ ២ភាគ៣ របស់រដ្ឋសភា ត្រូវបានគណបក្សសង្គ្រោះជាតិលើកឡើងរួចហើយកាលពីក្នុងជំនួបចរចាកាលពីថ្ងៃទី ១០ មីនាកន្លងទៅ។ ប៉ុន្តែ សំណើរនេះត្រូវបានគណបក្សប្រជាជនកម្ពុជាបដិសេធមិនព្រមដាក់បញ្ចូលក្នុងលក្ខខណ្ឌនៃកិច្ចពិភាក្សាអំពីកំណែទម្រង់បោះឆ្នោតទេ។ ដោយឡែក គណបក្សប្រជាជនកម្ពុជាក៏បានដាក់របៀបវារៈស្តីពីសុចរិតភាពនិងតម្លាភាពរបស់អង្គការសង្គមស៊ីវិលដែលធ្វើការពាក់ពន្ធ័នឹងការបោះឆ្នោតផងដែរ។
គួររម្លឹកដែរថា ក្នុងកិច្ចចរចាកាលពីថ្ងៃទី៣មីនា ក្រុមគណៈកម្មការចម្រុះកំណែទម្រង់បោះឆ្នោតនៃគណបក្សទាំងពីរបានឯកភាពគ្នាពីរចំណុចគឺការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងការបង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុគណបក្សនយោបាយ។ បន្ទាប់ពីបរាជ័យក្នុងកិច្ចចរចាកាលពីថ្ងៃទី ១០ មីនា ក្រុមការងារចម្រុះនៃគណបក្សទាំងពីរគ្រោងជួបគ្នាជាថ្មីនៅសប្តាហ៍ក្រោយ ប៉ុន្តែ កំពុងបង្ហាញជំហរមិនចុះសម្រុងគ្នាយ៉ាងខ្លាំង៕
No comments:
Post a Comment