Paris Peace Accords 23 Oct. 1991

Wednesday, March 12, 2014

ជនជាតិ​វៀតណាម​ ១៥​នាក់​ ត្រូវ​ចោទ​​ ពី​បទ​ប្រមូល​ផល ​ព្រៃ​ឈើ ​ខុស​ច្បាប់​ នៅ​មណ្ឌលគិរី

ជនជាតិ​វៀតណាម​ ១៥​នាក់​ ត្រូវ​ចោទ​​ ពី​បទ​ប្រមូល​ផល ​ព្រៃ​ឈើ ​ខុស​ច្បាប់​ នៅ​មណ្ឌលគិរី

ដោយ រដ្ឋា វិសាល / អាស៊ីសេរី | ១២ មីនា ២០១៤
តុលាការ​ខេត្ត​មណ្ឌលគិរី សម្រេច​ចោទ​ប្រកាន់​ជនជាតិ​វៀតណាម ចំនួន ១៥​នាក់ ពី​បទ​ល្មើស​ឆ្លង​ដែន​ខុស​ច្បាប់ និង​មក​ប្រមូល​ផល​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ។ អ្នក​ទាំង ១៥​នាក់​នោះ ត្រូវ​បាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ឃុំ​ប៊ូស្រា ឃាត់​ខ្លួន​ពួក​គេ ក្នុង​ពេល​កំពុង​លួច​កាប់​ឈើ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ។
តុលាការ​ខេត្ត​មណ្ឌលគិរី សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាការ​ខេត្ត​រួច​ហើយ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត។
ទាក់ទិន​រឿង​ក្តី​ចោទ​ប្រកាន់​នេះ ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្ត លោក ឃុត សុភាង នៅ​ថ្ងៃ​ពុធ ទី​១២ ខែ​មីនា មាន​ប្រសាសន៍​បញ្ជាក់​ថា ជនជាតិ​វៀតណាម ទាំង ១៥​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា បន្ទាប់​ពី​សមត្ថកិច្ច​ប៉ូលិស​បាន​កសាង​សំណុំ​រឿង​ពួក​គេ ពាក់ព័ន្ធ​បទ​ល្មើស​ឆ្លង​ដែន​ខុស​ច្បាប់។ ចំណែក​មន្ត្រី​មន្ទីរ​បរិស្ថាន កសាង​សំណុំ​រឿង​ពួក​គេ​ពី​បទ​មក​ប្រមូល​ផល​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ហើយ​បញ្ជូន​សំណុំ​រឿង និង​ជន​សង្ស័យ​មក​មន្ត្រី​អយ្យការ។
លោក​បន្ត​ថា ជន​ជាប់​ចោទ​ទាំង ១៥​នាក់ មិន​ទាន់​មាន​មេធាវី​ការពារ​ក្តី​នៅ​ឡើយ ប៉ុន្តែ​ករណី​នេះ ចៅក្រម​ស៊ើប​សួរ នឹង​ស៊ើប​អង្កេត​បន្ត ហើយ​ជន​ជាប់​ចោទ​អាច​ស្នើសុំ​មេធាវី​ការពារ​ក្តី​បាន៖ «ហ្នឹង​ហើយ ចាប់​យក​ទៅ​ឃុំ​បាត់​ហើយ តើ​មក​ប្រមូល​ផល និង​ឆ្លង​ដែន​ខុស​ច្បាប់។ ធម្មតា មេធាវី​គេ​ត្រូវ​មាន​សិទ្ធិ​ត្រង់​គេ​ពឹង មិន​ពឹង រឿង​របស់​គេ ហើយ​យើង​ត្រូវ​ធ្វើ​នីតិវិធី​ក្នុង​អំណាច​ផ្លូវ​ច្បាប់​រួច​ហើយ»
កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ចំនួន ៣​ភូមិ រួម​មាន​ភូមិ​ពូលុ ភូមិ​ឡាំមេះ និង​ភូមិ​ពូចារ បាន​ចុះ​ល្បាត​ក្នុង​ព្រៃ​ការពារ​របស់​សហគមន៍ និង​បាន​ប្រទះ​ឃើញ​ពួក​គេ​ធ្វើ​សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ណាំលា ចំណុច​ភូមិ​ឡាំមេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​វៀតណាម។ ក្រុម​អ្នក​ល្បាត​ព្រៃ បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ទាំង​នោះ និង​វត្ថុ​តាង​មួយ​ចំនួន រួម​មាន​គោយន្ត​ច្នៃ​ចំនួន ៤​គ្រឿង រណា​យន្ត ៧​គ្រឿង កាំភ្លើង​ធុន​អិមសី (M16) ១​ដើម ម៉ូតូ ៩​គ្រឿង និង​ឈើ​គគីរ​កាត់​រួច​ប្រមាណ ៤​ម៉ែត្រ​គូប។
អនុ​ប្រធាន​សហគមន៍​ជនជាតិ​ដើម​ព្នង ឃុំ​ប៊ូស្រា លោក ឃុត ចាន់រ៉ា ដែល​បាន​ចូល​រួម​ឃាត់​ខ្លួន​ពលរដ្ឋ​វៀតណាម នេះ កត់​សម្គាល់​ថា ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលា ត្រូវ​បាន​គេ​លួច​កាប់​យក​ឈើ​ប្រណីត និង​ឈើ​មាន​តម្លៃ​ប្រភេទ​លេខ​១ លេខ​២ ដោយ​ប្រើប្រាស់​រណា​យន្ត និង​រថយន្ត​ដឹក​ជញ្ជូន​ចេញ​ពី​ព្រៃ​ជា​បន្តបន្ទាប់។ ឈើ​មួយ​ចំណែក​ត្រូវ​គេ​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​របៀង ដោយ​រថយន្ត​កែច្នៃ មិន​ឃើញ​សមត្ថកិច្ច​ព្រំដែន​នៅ​តំបន់​នោះ​បង្ក្រាប​បាន​ឡើយ។ លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ស្ថាប័ន​តុលាការ ចាត់​ការ​តាម​ច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្តិ​ល្មើស ទើប​អាច​កាត់​បន្ថយ​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ​នេះ​បាន៖ «ចូល​មក​រហូត តែ​យើង​តាម​អត់​ទាន់ តែ​សា​នេះ​យើង​ស៊ើប​ច្បាស់ យើង​ចាត់​វិធាន​ការ។ សូម​កុំ​ដោះ​លែង កាល​ណា​ដោះ​លែង វា​ក្លាយ​ជា​ទម្លាប់ កាល​ណា​ក្លាយ​ជា​ទម្លាប់ ប្រទេស​យើង​រលាយ ហើយ​ព្រៃ​ឈើ​យើង​ក៏​រលាយ​ដែរ»
ដូច​គ្នា​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក សុខ រដ្ឋា ចាត់​ទុក​សកម្មភាព​លួច​កាប់​ឈើ​នេះ​ថា​ជា​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ដែល​ត្រូវ​ផ្ដន្ទាទោស​ក្នុង​បទ​ឧក្រិដ្ឋ​ព្រៃ​ឈើ។ លោក​កត់​សម្គាល់​ថា ជនជាតិ​វៀតណាម ទាំង​នោះ​បាន​នាំ​យក​អាវុធ​មក​ជាមួយ ក្នុង​គោល​បំណង​អ្វី​មួយ​ជាក់​លាក់ ហេតុ​នេះ​តុលាការ​ត្រូវ​ធ្វើ​ការ​ចោទ​ប្រកាន់​បន្ថែម​ទៀត ទាក់ទិន​ការ​ប្រើប្រាស់​អាវុធ​ចូល​មក​ក្នុង​ប្រទេស​ខ្មែរ​ដោយ​ខុស​ច្បាប់៖ «ទោះ​បី​ជនជាតិ​វៀតណាម ក៏ដោយ ជនជាតិ​ខ្មែរ​ក៏ដោយ បើ​សិន​ធ្វើ​សកម្មភាព​កាប់​ព្រៃ​ឈើ គឺ​ជា​រឿង​មួយ​ខុស​ច្បាប់​ហើយ។ ជនជាតិ​វៀតណាម គាត់​ពុំ​មាន​សិទ្ធិ​កាន់​កាប់ និង​ប្រើប្រាស់​អាវុធ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទេ»
ទោះ​ជា​យ៉ាង​នេះ ប្រជា​សហគមន៍ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ដដែល សម្ដែង​ការ​បារម្ភ​ថា តុលាការ​ខេត្ត​មណ្ឌលគិរី អាច​នឹង​ដោះ​លែង​ជនជាតិ​វៀតណាម ទាំង​នោះ​វិញ ក្នុង​ហេតុផល​កិច្ច​សហការ​មិត្តភាព​ល្អ​រវាង​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​មាន​ព្រំដែន​ជាប់​គ្នា៕




No comments:

Post a Comment