Paris Peace Accords 23 Oct. 1991

Tuesday, March 25, 2014

កម្ពុជា​ ថៃ​ គ្រោង​បើក​ ច្រក​របៀង ​ជប់គគីរ ​ឲ្យ​បាន​ច្រើន​ថ្ងៃ ​ក្នុង​១​សប្ដាហ៍​ នៅ​ខែ​មេសា

ព្រំដែន​ខ្មែរ ថៃ ៣០៥
១២-តុលា-២០១១៖ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ច្រក​របៀង​តំបន់​ជប់​គគីរ ក្នុង​ខេត្ត​ឧត្ដរមានជ័យ នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រំដែន​ថៃ ដើម្បី​ទិញ​ទំនិញ និង​វិល​ត្រឡប់​មក​ក្នុង​ទឹក​ដី​ខ្មែរ​វិញ។

កម្ពុជា​ ថៃ​ គ្រោង​បើក​ ច្រក​របៀង ​ជប់គគីរ ​ឲ្យ​បាន​ច្រើន​ថ្ងៃ ​ក្នុង​១​សប្ដាហ៍​ នៅ​ខែ​មេសា

ដោយ ហង្ស សាវយុត / អាស៊ីសេរី | ២៤ មីនា ២០១៤

អាជ្ញាធរ​ខ្មែរ​ខេត្ត​ឧត្តរមានជ័យ និង​អាជ្ញាធរ​ថៃ ខេត្ត​បូរីរ៉ាំ ធ្លាប់​បាន​សន្យា​ជាមួយ​គ្នា​ថា នឹង​បើក​ច្រក​របៀង​ព្រំដែន​ជប់គគីរ លើ​ខ្នង​ភ្នំ​ដងរែក ឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ដោះ​ដូរ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក​មាន​រយៈពេល​កាន់​តែ​ច្រើន​ថ្ងៃ​ថែម​ទៀត។ ការ​ជួប​ជជែក​គ្នា​ជាច្រើន​លើក​រវាង​អាជ្ញាធរ​ខ្មែរ និង​ថៃ នេះ កំពុង​ជំរុញ​ឱ្យ​គោល​បំណង​នៃ​ការ​ចង់​បន្ថែម​ចំនួន​ថ្ងៃ ដើម្បី​បើក​ច្រក​របៀង​ព្រំដែន​ទីនោះ​កាន់​តែ​ខិត​ជិត​មក​ដល់។
មន្ត្រី​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បាន​រំពឹង​ថា ច្រក​របៀង​ព្រំដែន​ជប់គគីរ នា​ឃុំ​អំពិល នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ-ថៃ កាន់​តែ​មាន​ឱកាស​ដោះដូរ​ទំនិញ​គ្នា​បាន​កាន់​តែ​ច្រើន​ថ្ងៃ​លើស​ពី​ពេល​បច្ចុប្បន្ន​ថែម​ទៀត នៅ​ក្នុង​ខែ​មេសា ខាង​មុខ។
អភិបាល​ស្រុក​បន្ទាយអំពិល គឺ​លោក ហាំង ម៉េង។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មីនា ថា​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ កន្លង​ទៅ គឺ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ របស់​ខ្មែរ និង​អាជ្ញាធរ​ខេត្ត​បូរីរ៉ាំ របស់​ថៃ ធ្លាប់​បាន​ជួប​ប្រជុំ​គ្នា ហើយ​សន្មត​ថា ការ​បន្ថែម​ចំនួន​ថ្ងៃ​ក្នុង​ការ​បើក​ច្រក​របៀង​ព្រំដែន​ជប់គគីរ អាច​នឹង​ចាប់​ផ្ដើម​បាន​នៅ​អំឡុង​ខែ​មេសា ខាង​មុខ៖ «តាម​ការ​គ្រោង​ទុក​រវាង​ខេត្ត​ទាំង​ពីរ គឺ​គ្រោង​បើក​ប្រហែល​ជា​សប្ដាហ៍​ទី​២ ខែ​ក្រោយ​ហ្នឹង​ប្រសិន​បើ​ពុំ​មាន​អ្វី​ប្រែប្រួល។ យើង​បាន​ត្រៀម​លក្ខណៈ​អស់​ហើយ! ឯកឧត្តម​អភិបាល​ខេត្ត គាត់​បាន​ស្នើសុំ​គោលការណ៍​ទៅ​រាជ​រដ្ឋាភិបាល​ទៅ​ខាង​ក្រសួង​មហាផ្ទៃ ពី​ការងារ​នេះ»
ច្រក​របៀង​ព្រំដែន​ជប់គគីរ លើ​ខ្នង​ភ្នំ​ដងរែក ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​អំពិល ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ ជាប់​និង​ស្រុក​បាងក្រួត ខេត្ត​បូរីរ៉ាំ របស់​ថៃ បាន​បិទ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ-ថៃ ចេញ​ចូល​រក​គ្នា​ចាប់​តាំង​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០០៨ បន្ទាប់​ពី​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ កើត​ឡើង​នៅ​ជិត​ប្រាសាទ​ព្រះវិហារ។ ក៏ប៉ុន្តែ ច្រក​នេះ​បាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ-ថៃ អាច​ចេញ​ចូល និង​ដោះ​ដូរ​ទំនិញ​គ្នា​ឡើង​វិញ​ក្នុង​១​សប្ដាហ៍​ចំនួន​២​ថ្ងៃ ចាប់​ពី​ឆ្នាំ​២០១២ បន្ទាប់​ពី អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) បាន​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ថៃ ហើយ​ស្ថានភាព​ជម្លោះ​ព្រំដែន​ស្ងប់ស្ងាត់​មួយ​រយៈ​មក។
កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ អាជ្ញាធរ​ខ្មែរ​ខេត្ត​ឧត្តរមានជ័យ និង​អាជ្ញាធរ​ថៃ ខេត្ត​បូរីរ៉ាំ បាន​ស្នើសុំ​គោលការណ៍​ទៅ​ក្រសួង​មហាផ្ទៃ រៀងៗ​ខ្លួន ដើម្បី​ឈាន​ទៅ​បើក​ច្រក​របៀង​ព្រំដែន​ជប់គគីរ ឱ្យ​បាន​ចំនួន ៣​ថ្ងៃ​ក្នុង​១​សប្ដាហ៍ បំណង​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​កាន់​តែ​ប្រសើរ។
ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​រស់​នៅ​ជាប់​ព្រំដែន​ខ្មែរ-ថៃ បាន​សម្ដែង​ការ​ត្រេកអរ​នៅ​ពេល​ដែល​ឮ​ថា ច្រក​របៀង​ព្រំដែន​ជប់គគីរ គ្រោង​នឹង​បើក​ឱ្យ​ដោះដូរ​ទំនិញ​គ្នា​បាន​កាន់​តែ​ច្រើន​ថ្ងៃ​ថែម​ទៀត​នោះ។
អ្នក​ភូមិ​ជប់គគីរ​ខាង​លិច លោក ឡេង ខ្លី បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ច្រក​របៀង​ព្រំដែន​ជប់គគីរ បាន​បើក​ឱ្យ​ដំណើរ​ការ ១​អាទិត្យ​ចំនួន​២​ថ្ងៃ​មក គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​មក​ពី​គ្រប់​ច្រក ដូច​ជា ប៉ោយប៉ែត អូស្មាច់ និង​អន្លង់វែង ជាដើម បាន​ឡើង​ទៅ​លក់​ដូរ។ លោក ឡេង ខ្លី បាន​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​ច្រក​ព្រំដែន​ជប់គគីរ បើក​បន្ថែម​ចំនួន ៣​ថ្ងៃ​ក្នុង​១​សប្ដាហ៍​ទៀត​នោះ គឺ​កាន់​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សប្បាយ​ចិត្ត និង​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​កាន់​តែ​ប្រសើរ៖ «ធូរ​ខ្លះ​ដែរ បើ​សិន​ជា​លក់ ៣​ថ្ងៃ​នោះ បង​ប្អូន​អ្នក​រស់​នៅ​នេះ យើង​អាច​មាន​ការងារ​ធ្វើ​រក​កម្រៃ​បាន​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​ដែរ។ ខ្លះ​យើង​អាស្រ័យ​ផល​ទៅ​តាម​ព្រៃ​ឈើ លក់​ត្រួយ​អន្លក់​ផ្លែ​ឈើ​អី​ទៅ ខ្លះ​ក៏​លក់​នំ ខ្លះ​ក៏​លក់​បាយ​លក់​គុយទាវ ខ្លះ​អូស​រទេះ​សម្រាប់​ដឹក​បន្លែ​ដឹក​អី​ចេញ​ពី​ផ្សារ​ថៃ មក​ខ្មែរ​យើង»
នាយក​រដ្ឋបាល​សាលា​ខេត្ត​ឧត្តរមានជ័យ លោក ហោ ជិនវិរៈយុទ្ធ ធ្លាប់​បញ្ជាក់​ថា ការ​បើក​ច្រក​របៀង​ព្រំដែន​ជប់គគីរ ឱ្យ​ដំណើរ​ការ​បាន​ច្រើន​ថ្ងៃ គឺ​មាន​សារសំខាន់​ណាស់ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ-ថៃ រស់​នៅ​តាម​បន្ទាត់​ព្រំដែន​អាច​ដោះដូរ​ទំនិញ​គ្នា ហើយ​ក៏​ជា​ការ​កសាង​ព្រំដែន​សន្តិភាព​រវាង​ខេត្ត​ខ្មែរ និង​ថៃ ដែល​នៅ​ជាប់​ព្រំដែន​គ្នា​ដែរ៕



No comments:

Post a Comment